ព័ត៌មានជាតិ
សាលាដំបូងរាជធានីភ្នំពេញ លើកលែងការចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ក្នុងករណីគ្រឿងញៀន នៅស្រុកភ្នំស្រួច
តុលាការ សាលាដំបូងរាជធានីភ្នំពេញ ថ្មីៗនេះបានសម្រេចលើកលែងការចោទប្រកាន់លើលោក ញឹក ប៊ុនឆៃ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន នៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែមេសា ឆ្នាំ២០០៧ នេះបើយោងតាមការឲ្យដឹងពីលោក ញឹក ប៊ុនឆៃ។
លោក ញឹក ប៊ុនឆៃ ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនារសៀលថ្ងៃទី៣១ ខែមីនា នេះថា តុលាការពិតជាបានលើកលែងការចោទប្រកាន់លើរូបលោកមែន។ លោកបញ្ជាក់យ៉ាងនេះថា “សំណុំរឿងនេះខាងតុលាការបានលើកឡើងពីរចំណុច គឺទីមួយ ហួសអាជ្ញាយុកាល ពីព្រោះសំណុំរឿងនេះជាង១០ឆ្នាំទៅហើយ ដែលទោសព្រហ្មទណ្ឌនេះមានរយៈពេល១០ឆ្នាំ ចំណែកខ្ញុំហួស១០ឆ្នាំទៅហើយ ទីពីរ គឺគ្មានភស្ដុតាងអ្វីគ្រប់គ្រាន់ គ្មានពិរុទ្ធ ដើម្បីធ្វើការដាក់បន្ទប់លើរូបខ្ញុំ”។
សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ២០១៧ ដោយចោទប្រកាន់ពាក់ព័ន្ធករណីផលិតគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០០៧ នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយនៅយប់ទី៣០ ខែមេសា ឆ្នាំ២០១៨ លោកត្រូវបានដោះលែង។

តាមដីកាសម្រេចលើកលែងការចោទប្រកាន់បានឲ្យដឹងថា តាមការពិនិត្យឯកសារ នានា ក្នុងសំណុំរឿងឃើញថា អង្គហេតុ ដែលបានចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀនប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ គឺសំអាងទៅលើចម្លើយរបស់ឈ្មោះ ជា ជុង ដែលបានឆ្លើយថា គាត់គ្រាន់តែជាអ្នកនាំឈ្មោះ គួង (គ័ង) ទៅជួបឈ្មោះ ញឹក ប៊ុនឆៃ តែប៉ុណ្ណោះ ហើយក៍ពុំមានភស្តុតាងដាក់បន្ទុកជាសាក្សី ឬឯកសារណាមួយ ដែលបានបញ្ជាក់ពីការចូលរួមរបស់ឈ្មោះ ញឹក ប៊ុនឆៃ ដែរ។
តាមច្បាប់ព្រហ្មទណ្ឌអន្តរកាល មាត្រា៣០ ចែងថា អាជ្ញាយុកាលសម្រាប់បទមជ្ឈិម មានរយៈពេលបីឆ្នាំ រីឯ អាជ្ញាយុកាលសំរាប់បទឧក្រិដ្ឋ មានរយៈពេលដប់ឆ្នាំ អាជ្ញាយុកាល ត្រូវចប់ នៅពេលណាសកម្មភាពនីតិវិធីទាំងអស់បានសម្រេច ។ តាមដីកាសន្និដ្ឋានស្ថាពរចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែងការចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ ភេទប្រុស ជនជាតិខ្មែរ។
ដីកាសម្រេចលើកលែងការចោទប្រកាន់បានបញ្ជាក់ដែរថា គ្មានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ ដាក់បន្ទុកលើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀនប្រព្រឹត្តនៅចំណុច ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ គប្បីសម្រេចលើកលែងចោទប្រកាន់លើឈ្មោះ ញឹក ប៊ុនឆៃ តាមបញ្ញត្តិមាត្រា ២៤៧ថ្មី ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៤៧ , មាត្រា៣៦៨, មាត្រា៣៧២ និងមាត្រា៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ហេតុដូច្នេះ សម្រេចលើកលែង ចោទប្រកាន់ លើឈ្មោះ ញឹក ប៊ុនឆៃ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុ សម្រាប់ផ្សំគ្រឿងញៀន៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


