Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ៖ អគារ​ទីបញ្ជាការ ជា​អំណោយ​របស់​ភាគី​មិត្ត​វៀតណាម ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ស្នាក់នៅ​កងទ័ព (​កំពស់​២ ជាន់​ចំនួន​២ ខ្នង​) អគារ​ផ្ទះបាយ អគារ​បន្ទប់ទឹក និង​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អគារ​ទីបញ្ជាការ ជា​អំណោយ​របស់​យោធា​ខេត្ត​ប៊ិ​ញ​យឿ​ង យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម (​ក្រុង​តាខ្មៅ​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ចំពោះ​ការទទួលបាន​នូវ​សមិទ្ធផល​ជាច្រើន​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​អង្គភាព​សម្ព័ន្ធមេត្រីភាព ក៏ដូចជា​ការចូលរួម​ចំណែក​ជា​បដិភាគ​ផ្ទាល់​របស់​យោធិន​ក្នុង​អង្គភាព ដោយ​សមិទ្ធផល​ថ្មី​ទាំងនេះ នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ដោយ​ជួយ​សម្រួល​ការងារ​ប្រចាំថ្ងៃ​របស់​អង្គភាព​បាន​មួយកម្រិត​ធំ និង​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ និង​កតញ្ញូតា​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលជា​និច្ច​ជា​កាល សម្តេច​តែង​បាន​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​សុខទុក្ខ​របស់​យោធិន និង​គ្រួសារ​យោធិន​នៅ​គ្រប់​បណ្តា​កងឯកភាព នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​តែង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារ ដើម្បី​ជួយ​សម្រួល​ដល់​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​, ការហ្វឹកហ្វឺន​រៀនសូត្រ​, ការបំពាក់​សម្ភារ​បរិ​ក្ខា​រ​ផ្សេងៗ​, ការលើកស្ទួយ​ជីវភាព​សុខមាលភាព​កងទ័ព និង​គ្រួសារ​កងទ័ព​តាមរយៈ​ការកសាង​ជំរុំ​ជម្រក​ស្នាក់នៅ និង​ការដោះស្រាយ​ប្រាក់​ហូប​ប្រចាំថ្ងៃ​ជាដើម រហូត​យោធិន​យើង​ប្រសិទ្ធ​នាម​ថា​ជា “​អគ្គ​ភស្តុភារ​ជាន់ខ្ពស់​” ដែល​តែងតែ​យកចិត្តទុកដាក់​គិត​សព្វ​គិត​គ្រប់ ដោយសារ​ខ្លួន​សម្តេច​ផ្ទាល់ ក៏​ជា​ធ្លាប់​យោធិន​ដែល​បាន​ឆ្លងកាត់​ការលំបាក​សព្វបែបយ៉ាង​នៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​។

​ជាមួយគ្នានេះ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរខេត្ត សប្បុរសជន និង​បញ្ជាការដ្ឋាន​យោធា​ខេត្ត​ប៊ី​ញ​យឿ​ង យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម​ក្នុងនាម​ជា​អង្គភាព​សម្ព័ន្ធមេត្រី ដែល​បាន​ចូលរួមចំណែក​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​តំបន់​ប្រតិបត្តិការ​សឹង​រង​កណ្តាល រហូត​អង្គភាព​មានការ​អភិវឌ្ឍ​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន​នេះ​។ អំណោយ​ដ៏​ថ្លៃថ្លា​របស់​ភាគី​មិត្ត​វៀតណាម ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ផងដែរ​នូវ​ទំនាក់ទំនង​មិត្តភាព​ដ៏​ជិតស្និទ្ធ និង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​ស្របទៅតាម​ពាក្យស្លោក “​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​”​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​មោះមុត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​យោធិន​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ទាំងអស់ ដែល​បាន​ខិតខំ​ពុះពារ​បំពេញភារកិច្ច រហូត​សម្រេចបាន​នូវ​ស្នាដៃ និង​គុណបំណាច់​ជាច្រើន​ទាំង​លើ​ការបំពេញភារកិច្ច​ស្នូល​, ការកសាង​អង្គភាព​, ការងារ​ហ្វឹកហ្វឺន និង​អប់រំ​ចិត្តសាស្ត្រ​, ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​សំដៅ​ធានា​លើកកម្ពស់​ជីវភាព​យោធិន គ្រួសារ​យោធិន ព្រមទាំង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ភាគី​មិត្ត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម