Connect with us

ព័ត៌មានជាតិ

កម្ពុជាលើកទឹកចិត្តឲ្យបណ្ដាប្រទេសនានា ពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីបង្កើតភាពស៊ាំសហគមន៍

បានផុស

នៅ

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យបណ្ដាប្រទេសនានានៅលើពិភពលោកជំរុញ និងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីបង្កើតភាពស៊ាំសហគមន៍ដែ​លជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covishield) ចំនួន ២០ ម៉ឺនដូស ជាជំនួយរបស់ប្រទេសឥណ្ឌា នៅព្រឹកថ្ងៃទី ១២ ខែមេសានេះថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រទេសនានានៅលើពិភពលោកមិនត្រូវភ្លេចខ្លួននោះទេ ពីព្រោះបណ្ដាប្រទេសជាច្រើន នៅបន្តទទួលរងការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងមិនទាន់អាចបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញបាននៅឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការអូសបន្លាយនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺជាហានិភ័យសម្រាប់ប្រទេសនានានៅលើពិភពលោក ដែលអាចបង្កឲ្យមានការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ក៏ដូចជាការធ្លាក់ចូលក្នុងវិបត្តិសង្គម-សេដ្ឋកិច្ច។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «ក្នុងស្មារ​​តីនេះ កម្ពុជាសូមលើកទឹកចិត្តឲ្យមានការជំរុញ និងពន្លឿនការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ដែលជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត»។ ជាក់ស្ដែង ជាមួយនឹងស្មារតីបុរេសកម្ម និងកិច្ចខិតខំខ្នះខ្នែង ក្នុងការស្វែងរកវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង កាលពីខែកុម្ភៈ ឆ្នាំ ២០២១ កម្ពុជាអាចសម្រេចបាននូវភាពស៊ាំសហគមន៍ពេញលេញ ក្នុងរយៈពេលត្រឹមប្រមាណ ៨ខែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា សមិទ្ធផលដ៏ត្រចេះត្រចង់នេះ អនុញ្ញាតឲ្យកម្ពុជា បើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ និងអាចរក្សាដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ជាប្រក្រតីរហូតមកទល់ពេលនេះ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង (Omicron) ដែលបានចម្លងចូលទៅក្នុងសហគមន៍កម្ពុជា នៅដើមឆ្នាំ ២០២២នេះក៏ដោយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលអនុញ្ញាតឲ្យកម្ពុជាអាចរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយភាពរឹងមាំ និងសុវត្ថិភាព។ ជាលទ្ធផល នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥,៣ ភាគយ នៅក្នុងឆ្នាំ ២០២២ និង ៦,៥ភាគរយ នៅក្នុងឆ្នាំ ២០២៣៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម