Connect with us

ព័ត៌មានជាតិ

ដាក់វិន័យក្រុមគ្រូពេទ្យ ខ្វះការ​ទទួលខុសត្រូវ​​ឲ្យ​​ស្រ្តី​ឈឺពោះ​សម្រាល​កូនមុខមណ្ឌល

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សម្រេចដាក់ទណ្ឌកម្មខាងវិន័យ​ចំពោះ​ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យចំនួន៦ នាក់ទៀត ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ដោយសារតែប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។

ការសម្រេចដាក់ទណ្ឌកម្មខាងវិន័យលើគ្រូពេទ្យនេះ​បានធ្វើឡើង បន្ទាប់ពីមាន​ករណីប្រជាពលរដ្ឋ​បានសម្រាលកូននៅ​មុខ​មណ្ឌលសុខភាពឃុំកែវផុស ដោយសារតែមិនមានគ្រូពេទ្យប្រចាំការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង០៦ និង៣០ នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋឈឺពោះសម្រាលកូន បានមកទទួលសេវាសម្រាលនៅមណ្ឌលសុខភាពឃុំកែវផុស តែមិនឃើញមានគ្រូពេទ្យ​ប្រចាំការ រហូតដល់ម៉ោងជាង០៨ ព្រឹកថ្ងៃដដែលបានឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាព ដោយឆ្មបបុរាណ ទាំង​ម្តាយ និងកូន គឺមានសុខភាពល្អ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានឃុំកែវផុស។

ដោយឡែកក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពឃុំកែវផុស បានរាយការណ៍ថា ចំពោះករណីប្រជាពលរដ្ឋឈឺពោះសម្រាលនៅមុខមណ្ឌលសុខភាពឃុំកែវផុស គឺនៅចំពេលម៉ោងប្តូរវេនប្រចាំការ ដោយសារគ្រូពេទ្យប្រចាំការចេញមុនម៉ោង និងគ្រូពេទ្យប្តូរវេនមកយឺតពេល ដែលបណ្តាលឱ្យមានភាពខ្វះចន្លោះក្នុងការផ្តល់សេវា។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ ក៏បានទៅសុំទោសក្រុមគ្រួសារស្រ្តីដែលសម្រាលកូននៅមុខមណ្ឌលសុខភាពដល់គេហដ្ឋានផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍ លោក គួច ចំរើន បានធ្វើការសន្និដ្ឋានថា ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព​ឃុំ​កែវផុស អនុវត្តពុំទាន់ត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។ ចំពោះមុខទាក់ទងនឹងបញ្ហានេះ កំហុសលើការទទួលខុសត្រូវលើម៉ោងពេល គឺនៅតែជាកំហុស ដែលត្រូវទទួលទណ្ឌកម្មខាងវិន័យ។

លោកក៏បានដាក់ការណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវយកបទពិសោធន៍នៃបញ្ហានេះធ្វើការដឹកនាំប្រជុំផ្សព្វផ្សាយទៅដល់មណ្ឌលសុខភាពផ្សេងៗទៀត ឱ្យមានការទទួលខុសត្រូវ ព្រោះមិនអាចឱ្យមណ្ឌលសុខភាព ឬមន្ទីរពេទ្យរបស់យើងមួយ ធ្វើឱ្យប៉ះពាល់ដល់ការយកចិត្តទុកដាក់លើការផ្តល់សេវាសុខភាពសាធារណៈរបស់ប្រមុខរាជរដ្ឋាភិបាល​ដែលគិតគូរល្អិតល្អន់ និងត្រឹមត្រូវនោះទេ ហើយត្រូវណែនាំពីរបៀបរបបនៃការបែងចែកវេនយាម និងការប្តូរ​វេនយាមចាប់ពីថ្ងៃនេះតទៅ គឺមិនអនុញ្ញាតឱ្យអ្នកដែលមិនទាន់ដល់ពេលចេញទៅផ្ទះនោះទេ អ្នកថ្មីមិនទាន់មកដល់ អ្នកចាស់​មិនទាន់ចេញ ត្រូវមានចុះហត្ថលេខាប្តូរវេនគ្នាឱ្យបានត្រឹមត្រូវពីវេនមួយទៅវេនមួយ។

ជាមួយគ្នានេះ ដោយទទួលបានការឯកភាពពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលរួចមក លោកអភិបាលខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ (ក- ស្តីបន្ទោស, ខ- ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន, គ- ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ, ឃ- លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់) ចំពោះប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យចំនួន៦នាក់ទៀត ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ពីការប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យ ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស ត្រូវធ្វើការកែលម្អដើម្បីជាការប៉ះប៉ូវនូវកំហុសឆ្គងកន្លងមក ករណីមិនមានកែប្រែនោះ រដ្ឋបាល​ខេត្តនឹងអនុវត្តវិធានការបន្ត។

ចំពោះក្រុមគ្រួសារស្ត្រី ដែលសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ដែលបានចូលរួមស្តាប់កិច្ចប្រជុំ បានឯកភាព​ទទួលយកតាមការសម្រេចរបស់អង្គប្រជុំ និងបានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ស្រុក និងមន្ទីរអង្គភាព ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសលោកមេឃុំ និងក្រុមប្រឹក្សាឃុំកែវផុស ដែលបានជួយសម្របសម្រួលការសម្រាល និងផ្គត់ផ្គង់ស្បៀងអាហារដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងពេលមានទុក្ខលំបាក។ ជាមួយគ្នានេះ ក្រុមគ្រួសាររបស់គាត់បានសុំយកឈ្មោះរបស់លោកមេ​ឃុំ​កែវផុស ធ្វើជាត្រកូលឱ្យកូនប្រុសរបស់គាត់ដែលទើបតែសម្រាលនេះ ដើម្បីទុកជាការដឹងគុណ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី​១៨ ខែមេសា​ ឆ្នាំ​២០២២​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋ ដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកមេឃុំកែវផុស ក្រុមគ្រួសារស្ត្រីដែលសម្រាលកូននៅមុខមណ្ឌលសុខភាព ប្រធានមណ្ឌល សុខភាព និងក្រុមគ្រូពេទ្យ ដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម