Connect with us

ព័ត៌មានជាតិ

ផ្សារ​សមុទ្រ​ទឹកសាប​ឃុំ​ឆ្នុកទ្រូ​ ធ្វើ​រួចហើយ​ អាជ្ញាធរ​ឃុំ​និង​ក្រុមហ៊ុន​អំពាវនាវ​អាជីវករ​ដែល​ពុំ​មាន​លទ្ធភាព​ជួល​តូប​ចូល​មក​ចរចា

បានផុស

នៅ

កំពង់ឆ្នាំង ៖ លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ​នៅ​រសៀល​ថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២០នេះ​ បាន​អំពាវនាវ សូម​ឲ្យ​បងប្អូន​អាជីវករ​ចាស់ នៅក្នុង​ផ្សារ​ឆ្នុកទ្រូ​ទាំងអស់​ចូល​លក់​ក្នុង​ផ្សារ​ឆ្នុកទ្រូ ដែល​ក្រុមហ៊ុន​បានធ្វើ​រួចរាល់​ហើយ​។ ចំពោះ​បងប្អូន​ដែល​ពុំ​មាន​លទ្ធភាព​ជួល​តូប​លក់ដូរ​សូម​មេត្តា​ចូលមក​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ ដើម្បី​មានឱកាស​បាន​តូប​លក់ដូរ​ក្នុង​ផ្សារ​ដូច​គេ​ដូច​ឯង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ក្នុង​ទិសដៅ​គឺ​អាជីវក​ទាំងអស់​ត្រូវតែ​ចូល​លក់​ក្នុង​ទីតាំង​ផ្សារ​ថ្មី​ដែល​បាន​ធ្វើ​ហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​លក់ដូរ​អនាធិបតេយ្យ​នៅ​លើ​ផ្លូវ​សាធារណៈ ឬ​លក់​ក្រៅ​ទីតាំង​ផ្សារ​ថ្មី​នោះ​ឡើយ។ ចំពោះ​បងប្អូន​អ្នក​លក់​ដូរ​ដែល​មាន​តែ​១​កញ្ច្រែង ​ឬ​ ១ល្អី​នោះ​ គឺ​ក្រុមហ៊ុន​បាន​រៀប​ចំ​កន្លែង​ឲ្យ​បងប្អូន​លក់ដូរ​រួចហើយ គឺ​មិន​យក​ថ្លៃឈ្នួល​ប្រចាំថ្ងៃ ឬ​ប្រចាំខែ​នោះ​ឡើយ​។ ចំណែក​ដី​ជុំវិញ​ទីតាំង​ផ្សារ​ថ្មី​គឺ ទុក​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៍​កសាង​ហេ​ដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​សួនច្បារ​និង​ផ្លូវចេញចូល​ផ្សារ​ជាដើម​។ ដូច្នេះ​សូម​បងប្អូន​អាជីវករ​កុំ​ជឿ​ការ​ញុះញង់​របស់​ជន​អគតិ​ឲ្យ​សោះ​ដែល​អាច​ធ្វើ​ឲ្យ​ការលក់ដូរ​របស់​បង​ប្អូន​ជួប​លំបាក​ក្នុងពេល​ខាងមុខនេះ​។

លោក​មេឃុំ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​កន្លងមក​ក្នុងឆ្នាំនេះ អាជ្ញាធរ​ឃុំ​បាន​ទទួល​ដី​អនុ​ប្រយោគ​ពី​រដ្ឋ​ចំនួន១៥ហិកតា ដើម្បី​ធ្វើការ​អភិវឌ្ឍ​ក្នុង​ឃុំ​។ ក្នុង​នោះ​ដី​ចំនួន ៦ហិកតា​ត្រូវ​បាន​កសាង​ធ្វើជា​ផ្សារ​សមុទ្រ​ទឹក​សាប​ឃុំ​ឆ្នុកទ្រូ។ ចំណែក​ដី៩ ហិកតា​ទៀត គឺ​ធ្វើជា​ទីតាំង​កំពង់ផែ ក្នុង​នោះ​ដែរ​កំពង់ផែ​បាន​បែង​ចែកជា៣ ប្រភេទ​គឺ​កំពង់​ផែ​ទេសចរណ៍ កំពង់ផែ​លក់​កសិផល​និង​លក់​កំពង់ផែ​ត្រី​។

ដោយឡែក​ទាក់ទង​នឹង​ការជួល​តូប​ក្នុង​ផ្សារ​សមុទ្រ​ទឹកសាប​ឃុំ​ឆ្នុកទ្រូ ដើម្បី​លក់ដូរ លោក​លឹម​សុង តំណាង​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគទុន បាន​បញ្ជាក់​ឲ្យ​ដឹងថា ​ផ្សារ​សមុទ្រ​ទឹកសាប​ឆ្នុកទ្រូ​មាន​ទីតាំង​សម្រាប់​ជួល​តូប​លក់ដូរ​ចំនួន ២២០កន្លែង​។​ តម្លៃ​ឈ្នួល​តូប​ត្រូវ​តម្កល់ទុក​ទឹកប្រាក់ ១៥០០ដុល្លារ ក្នុង​១​តូប សម្រាប់​រយៈពេល៣ឆ្នាំ​។ ​ដោយឡែក​ថ្លៃ​ជួល​តូប​ប្រចាំខែ​គឺ​ក្នុង​មួយ​ខែ៣៥ដុល្លារ។ គិត​មកដល់​ថ្ងៃនេះ​ គឺ​មាន​អាជីវករ​ចុះឈ្មោះ​ជួល​តូប៨០ ភាគរយ​ហើយ។

​តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ទៀត​ថា​ទឹកប្រាក់​ដែល​តម្កល់ទុក​ចំនួន១៥០០​ដុល្លារ​ក្នុង​១​តូប​នោះ មិនមែន​ជា​ប្រាក់​ថ្លៃ​ទិញ​តូប ឬ​ជា​ថ្លៃឈ្នួល​តូប​នោះ​ទេ គឺជា​ប្រាក់​តម្កល់​សម្រាប់​ធានា​ឲ្យ​ការលក់ដូរ​រយះពេល​៣​ឆ្នាំ។ ដោយ​ក្នុង​រយៈពេល​៣​ឆ្នាំនេះ បើ​អាជីវក​រណា​មិន​ចង់​លក់ដូរ​បន្ត​ចង់​ចាកចេញ​វិញ​នោះ គឺ​ក្រុមហ៊ុន​នឹង​បើកប្រាក់​ចំនួន១៥០០ដុល្លារ​នេះ​គ្រប់​ចំនួន​ជូន​វិញ។ ប៉ុន្តែ​ប្រាក់​តម្កល់​នេះ​ក៏​ទុក​កាត់កង​នៅពេល​អាជីវក​រណា​ដែល​មិន​ព្រម​បង់ថ្លៃ​ឈ្នួល​តូប​ទៅ​ប្រចាំខែ​ជូន​ក្រុមហ៊ុន​ផង​ដែរ​។

ដោយឡែក​ចំពោះ​បងប្អូន​អាជីវករ​ដែល​ពុំ​មាន​លទ្ធភាព​បង់ប្រាក់​តម្កល់​ជួល​តូប​វិញ​នោះ សូម​បងប្អូន​ចូល​មក​ចុះឈ្មោះ​ចរចា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន និង​បើ​ក្រុម​ហ៊ុន​ស្រាវជ្រាវ ទៅ​ឃើញថា បងប្អូន​ពិតជា​គ្មាន​លទ្ធភាព​មែន​នោះ ក្រុមហ៊ុន​នឹង​ជួយ​ដោះស្រាយ​ផ្តល់​តូប​ជូន​បងប្អូន​លក់ដូរ​ដោយ​សុទ្ធចិត្ត៕
ដោយ ៖ ឈៀង ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម