ព័ត៌មានជាតិ
មកស្គាល់កម្រិតទឹកខ្មៅលុបលាងមិនជ្រះ ដែល គ.ជ.ប ដាក់សាកល្បងព្រឹកមិញនេះ
ទឹកថ្នាំលុបលាងមិនជ្រះ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ខាងមុខ ត្រូវបានយកមកបង្ហាញជូនតំណាងគណបក្សនយោបាយ ក៏ដូចជាអ្នកពាក់ព័ន្ធនៅក្នុងការបោះឆ្នោត ធ្វើការសាកល្បង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។
លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ដែលជាអធិបតីនៅក្នុងពិធីនោះបានថ្លែងថា ផ្អែកតាមបទបញ្ជា និងនីតិវិធីស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ ត្រូវបានដាក់បញ្ញត្តិឱ្យប្រើក្នុងការបោះឆ្នោត សម្រាប់បង្ការការបោះឆ្នោតលើសពីមួយដង ពីព្រោះថា គោលការណ៍នៃការបោះឆ្នោត គឺដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូច្នេះប្រជាពលរដ្ឋម្នាក់មានសិទ្ធិបោះឆ្នោតបានតែម្តងប៉ុណ្ណោះ។

បើតាមលោក ហ៊ែល សារ៉ាត់ អាណត្តិនេះ មិនខុសពីការបោះឆ្នោតអាណត្តិមុនៗនោះទេ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. របស់ប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេសក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត ដែលអាចធានាបានពីគុណភាព ហើយក៏មានប្រទេសជាង៣០ នៅលើសកលលោក បានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុននេះដែរ ដូចជា កម្ពុជា ម៉ាឡេស៊ី សឹង្ហបុរី អាហ្វិកខាងត្បូង នីហ្សេរីយ៉ា អាហ្វហ្កានីស្ថាន ជាដើម។
លោក ហ៊ែល សារ៉ាត់ បញ្ជាក់ថា មុននឹងធ្វើការបញ្ជាផលិតជាផ្លូវការ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ គ.ជ.ប បានស្នើសុំគំរូទឹកខ្មៅលុបមិនជ្រះ ដើម្បីសាកល្បងគុណភាពជាមុនចំនួន៤កម្រិតគឺ ៖ ទី១- កម្រិតសូលុយស្យុងប្រាក់នីត្រាត២០ភាគរយ ទី២- កម្រិតសូលុយស្យុងប្រាក់នីត្រាត១៨ភាគរយ ទី៣- កម្រិតសូលុយស្យុងប្រាក់នីត្រាត១៥ភាគរយ និងទី៤- កម្រិតសូលុយស្យុងប្រាក់នីត្រាត១០ ភាគរយ។


ក្រោយពីមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានធ្វើការសាកល្បងគំរូទឹកខ្មៅ ដែលក្រុមហ៊ុនបានផ្តល់ជូនចំនួន៤កម្រិតនេះ ឃើញថា ទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាតកម្រិត២០ភាគរយ មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតជាតិស្ងួតលឿនក្នុងបរិយាកាស មិនអាចលាងសម្អាតឱ្យបានស្អាតល្អភ្លាមៗនោះទេ ហើយគុណភាពនេះប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះ ដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពរបស់អ្នកប្រើប្រាស់។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព៦ខែ គិតចាប់ពីថ្ងៃផលិត។
បន្ទាប់ពីសាកល្បងរួច នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ដដែល គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការនូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត២០ភាគរយចំនួន៥២,០០០ដប ក្នុង១ដបចំណុះ៧០មីលីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការជ្រលក់ម្រាមដៃ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ