ព័ត៌មានជាតិ
ស្វីស ជាម្ចាស់ជំនួយដ៏សំខាន់របស់កម្ពុជា
លោក បណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថារដ្ឋាភិបាលស្វីសគឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជាក្នុងការជួយគាំទ្រលើគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ថ្លែងក្នុងឱកាសខួប១០ឆ្នាំ នៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា និងការដាក់ឱ្យដំណើរការកម្មវិធីកិច្ចសហប្រតិបត្តិការស្វីសនៅក្នុងតំបន់មេគង្គ ឆ្នាំ២០២២-២០២៥ កាលពីល្ងាចថ្ងៃទី២៧ឧសភានៅ Factory Phnom Penh លោករដ្ឋមន្ត្រី
បានថ្លែងអំណរគុណដល់ប្រទេសស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិ្តបត្តិការ SDC គឺជាម្ចាស់ជំនួយដ៏សំខាន់មួយដែលបានជួយដល់ប្រទេសកម្ពុជា តាមរយៈគម្រោងផ្សេងៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិជាដើម។
លោករដ្ឋមន្ត្រី បន្តថា ក្រសួងការងារបានទទួលការគាំទ្រពី SDC លើគម្រោងជាច្រើនរួមទាំងឧបករណ៍បរិក្ខា បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងនោះមាន៖ គម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី១ និងដំណាក់កាលទី២, កម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា” ដំណាក់កាលទី១ និងដំណាក់កាលទី២, គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញនិងកំពុងគាំទ្រដល់ការអភិវឌ្ឍច្បាប់ TVET ផ្នែកឧបករណ៍បរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុ ដល់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបាននាំយកបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសនានាមកជួយដល់កម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តទៀតថា SDC បាន និងកំពុងធ្វើការជាមួយដៃគូនានាជាច្រើន រួមទាំងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត សម្រាប់ការគាំទ្រប្រទេសកម្ពុជា ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព និងរួមបញ្ចូល យុទ្ធសាស្ត្ររយៈពេល ៤ឆ្នាំ ស្របតាមផែនការយុទ្ធសាស្រ្តជាអាទិភាពរបស់កម្ពុជា និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុត ក្នុងគ្រប់ក្របខណ្ឌគោលនយោបាយជាតិ ហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង និងធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។
លោកស្រីហេឡែន ប៊ុតលីហ្គ័រ អាតថាយអ៊ីដា (Helene Budliger Artieda) អគ្គរដ្ឋទូតស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរអង្វែងរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន អង្គការអន្តរជាតិ និងសង្គមស៊ីវិល។ លោកស្រីបានមានប្រសាសន៍ថា«ពួកយើងនៅទីនេះ គឺដើម្បីរួមចំណែកដល់អនាគតនៃប្រទេសដ៏ស្រស់ស្អាតនេះ និងប្រជាជនទាំងក្មេង និងចាស់»។
លោកស្រីបានបន្តថាប្រទេសស្វីស ចូលរួមធ្វើការនៅក្នុងបរិបទតំបន់ផងដែរ ក្នុងគោលបំណងពង្រឹងឡើងវិញនូវយន្តការ និងស្ថាប័នក្នុងតំបន់ ដូចជា អាស៊ាន ជាដើមខណៈនៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជាទទួលបន្ទុកយ៉ាងសំខាន់ក្នុងនាមជាប្រធានអាស៊ាន ដោយកម្ពុជានឹងដើរតួជាអ្នកដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងតំបន់។ ប្រទេសស្វីស រង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន៕សំអឿន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង