ព័ត៌មានជាតិ
គ្រួសារសពអតីតយុទ្ធជន ដែលបានបូជាអាយុជីវិតសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា គ្រួសារសពអតីតយុទ្ធជន ដែលបានបូជាអាយុជីវិតសាច់ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិទទួលបានគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល។

លោក ឈួរ សុបញ្ញា ថ្លែងបែបនេះ កាលពីរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ ខណៈរូបលោក និងក្រុមការងារជំនាញ បានសហការជាមួយសមាគមអតីតយុទ្ធជន មន្ទីរ ស.អ.យ. ការិ.បជអខេត្ត បន្ទាយមានជ័យ បានបើកផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព ប្រាក់ឧបត្ថម្ភមួយលើក ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២២គ្រួសារ។ ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ប្រធា ន ស.អ.ក. ខេត្តបន្ទាយមានជ័យ លោក ឃុន វុទ្ធី ប្រធាន មន្ទីរ ស.អ.យ. ខេត្តបន្ទាយមានជ័យ លោកប្រធានការិយាល័យ ប.ជ.អ. ខេត្ត និងគ្រូសារសពសរុបប្រមាណ ៣០រូប នៅ សាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ។

លោក ឈួរ សុបញ្ញា បានថ្លែងថា អតីតយុទ្ធជន គឺជាក្រុមជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីលះបង់ ពលីកម្ម ដើម្បីជាតិ និងជាអ្នកស្នេហាជាតិ ហើយពួកគាត់ត្រូវបានចារិកទុកនូវគំរូវីរៈភាពដ៏ឧត្តុង្គឧត្តមរបស់ពួកគាត់ សម្រាប់យុវ័យជំនាន់ក្រោយហើយ គុណូបការៈដ៏ ឧត្តុង្គឧត្តមរបស់ពួកគាត់ ត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ស័ក្ដិសមបំផុតពីប្រជាជន និងសង្គមជាតិទាំងមូល។ ភាពមានបាន និងភាពហ៊ឺហាសព្វថ្ងៃនេះ គឺមួយផ្នែកបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ រួមទាំង អាយុជីវិតផង របស់យុទ្ធជនកម្ពុជាទាំងអស់នោះផង។

សកម្មភាពឆ្លើយតបទៅលើវិស័យអតីតយុទ្ធជន មិនមែនជាកាតព្វកិច្ចផ្តាច់មុខ របស់រាជារដ្ឋាភិបាលនោះទេ តែគឺជាការរួមចំណែករបស់មហាជនខ្មែរទូទៅផងដែរ។ ថវិការបស់រាជរដ្ឋាភិបាល ត្រូវតែដល់ដៃគ្រួសារសពអតីតយុទ្ធជន ដែលបានបូជាអាយុជីវិតសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិដូចថ្ងៃនេះ។

លោកបន្តថាបច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៣ ៧៩៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥០ ៥៣៩នាក់ កំពុងទទួលប្រាក់របបសន្តិសុខ សង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ ២០២០ មករាជរដ្ឋាភិបាល បានដំឡើងប្រាក់របបសន្តិសុខសង្គម ប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់ ៦២ម៉ឺនរៀល និងត្រូវបន្ថែមឲ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំឡើងប្រាក់សោធន៍និវត្ត ដល់អតីតយុទ្ធជន និងនិវត្តជនផងដែរ។ រាជរដ្ឋាភិបាល ក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ ចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។

អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសសិខ សង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយ ធនាគារដៃគូ នៅទូទាំង ២៥ រាជធានី-ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ ២០១៩មកម្ល៉េះ។ រាជរដ្ឋាភិបាល បានផ្តល់ប័ណ្ណថែទាំសុខភាព (បស.ស) ជូនជនពិការ និវត្តជន និងជនបាត់បង់ សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូន អ្នកកាន់សៀវភៅ របស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យា ជាមួយ(ប.ស.ស.) ដោយមិនបង់ប្រាក់។

លោក ឈួរ សុបញ្ញា បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយ ស្តីពី ការផ្តល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោ ធិនពិការ នៅតាកែនកោះស្ល ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។ សមាគមអតីតយុទ្ធជនកម្ពុជា និងសប្បុរសជននានា បានកសាងផ្ទះរាប់ពាន់ខ្នង ជូនបងប្អូនអតីតយុទ្ធជន នៅតាមបណ្តាសហគមន៍ផងដែរ។
សរុបសេចក្តីមកការការគាំទ្រ ផ្នែកសង្គមពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម ការដំឡើងប្រាក់បៀវត្ស ដល់មន្ត្រីរជាការចូលនិវត្តន៍ និងការមើលថែពីសំណាក់ក្រុមគ្រួសារ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សចាស់គ្រប់រូប ធ្វើឲ្យពួកគាត់មានភាពកក់ក្តៅ មិនឯកា មានអារម្មណ៍សប្បាយចិត្តរស់ បានអាយុវែង។ មិនត្រឹមតែប៉ុណ្ណោះទេ ការគិតគូរដល់មន្ត្រីចូលនិវត្តន៍នេះ មិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់ពួកគាត់ ដែលមានវ័យចាសនោះទេ តែក៏បានផ្តល់កម្លាំងចិត្តដល់មន្ត្រីរាជការជំនាន់ក្រោយដែលនឹងចូលនិវត្តន៍ នៅថ្ងៃអនាគត រឹតតែខិតធ្វើការបម្រើជាតិមាតុភូមិ អស់ពីកម្លាំងកាយចិត្ត ដោយមិនព្រួយបារម្ភពីបញ្ហាជីវភាព ពេលចូលនិវត្តន៍នៅថ្ងៃមុខ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ