ព័ត៌មានជាតិ
ស្រ្តីខ្មែរមានពិការភាពភ្នែកតស៊ូរហូតទទួលបានអាហារូបករណ៍សិក្សាបញ្ចប់ថ្នាក់អនុបណ្ឌិតនៅអូស្រ្តាលី
អ្នកស្រី មិន ចិន្តា ជាស្ត្រីខ្មែរកើតនៅខេត្តកណ្តាល ក្នុងគ្រួសារក្រីក្រ ប៉ុន្តែពោរពេញដោយឆន្ទៈ និងកម្លាំងចិត្តតស៊ូ។ តាំងពីកំណើតមក អ្នកស្រីមានពិការភាពភ្នែក ពោលមើលឃើញព្រិលៗ ហើយសមត្ថភាពមើលឃើញបានបាត់បង់បន្តិចម្តងៗ រហូតដល់បាត់បង់ទាំងស្រុងនៅពេលរៀនថ្នាក់ទី៦។ មូលហេតុនៃពិការភាពនេះ តាមការពិពណ៌នារបស់អ្នកស្រី គឺបណ្តាលមកពីកត្តាហ្សែនពីឪពុកម្តាយ។ នេះជាការរៀបរាប់ខ្សែជីវិតប្រាប់សារព័ត៌មានកម្ពុជាថ្មី។

ជីវិតកុមារភាពរបស់ចិន្តា មិនងាយស្រួលឡើយ។ កើតជាស្ត្រី មានពិការភាព ហើយស្ថិតក្នុងគ្រួសារក្រីក្រ បានធ្វើឱ្យអ្នកស្រីប្រឈមមុខនឹងឧបសគ្គជាច្រើន ទាំងការរស់នៅ និងការសិក្សា។ នៅពេលនោះ ការយល់ដឹងអំពីវិស័យពិការភាពនៅសង្គមកម្ពុជានៅមានកម្រិត គ្រូបង្រៀន និងមិត្តរួមថ្នាក់មួយចំនួនមិនទាន់យល់ពីការសម្របសម្រួលដើម្បីជួយសិស្សមានបញ្ហាគំហើញឱ្យទទួលបានការអប់រំស្មើភាពគ្នានោះទេ។
ចិន្តា ត្រូវបានម្តាយបានបញ្ជូនទៅរៀននៅសាលារដ្ឋតាំងពីនៅវ័យកុមារ។ ប៉ុន្តែដោយសារមើលមិនសូវច្បាស់ អ្នកស្រីត្រូវប្រឹងប្រែងខ្លាំងជាងសិស្សដទៃ។ រាល់ពេលគ្រូសរសេរមេរៀនលើក្តាខៀន អ្នកស្រីត្រូវដើរទៅជិតដើម្បីមើលឱ្យច្បាស់បន្តិច បន្ទាប់មករត់ត្រឡប់មកកន្លែងអង្គុយដើម្បីចម្លងចូលសៀវភៅ។ ការធ្វើបែបនេះចំណាយពេលយូរ ហើយពេលខ្លះត្រូវមិត្តរួមថ្នាក់ស្តីបន្ទោសថា “ទៅបាំងគេ”។ មានពេលខ្លះអ្នកស្រីពឹងមិត្តភក្តិឱ្យជួយហៅមេរៀនឱ្យស្តាប់ ប៉ុន្តែមិនមែនគ្រប់ពេលដែលទទួលបានជំនួយទេ។ ពេលខ្លះត្រឡប់ទៅផ្ទះដោយគ្មានមេរៀនពេញលេញ ទាំងដែលបានចូលរៀនពេញម៉ោង។

អ្នកស្រីរៀបរាប់ថា៖«រាល់ពេលចូលថ្នាក់រៀន ដើម្បីកត់ត្រាមេរៀន ខ្ញុំតែងទៅជិតក្តាខៀនរួចរត់មកតុវិញដើម្បីចម្លងដាក់សៀវភៅ ទម្រាំចម្លងមេរៀនហើយម្តងៗប្រើពេលយូរ ហើយមិត្តភក្តិគេស្រែកឱ្យថាទៅបាំងគេ»។ អំឡុងពេលនៅរៀន មានអ្នកខ្លះនិយាយបែបលេងសើចថា ពិការភ្នែកចឹងរៀនពិបាកណាស់ ទៅច្រៀងនៅតាមផ្លូវអាចរកចំណូលបាន។ ត្បិតតែនេះជាការនិយាយលេង ប៉ុន្តែគឺជាពាក្យសម្តីមួយដែលបង្អាក់ដំណើររបស់ចិន្តា ប៉ុន្តែសម្តីទាំងនោះមិនបានបង្អាក់រូបគាត់ទេ ព្រោះចិន្តានៅមានភាពចង់ដឹង ចង់ឭ ហើយនៅតែខំរៀន។
ទោះជាយ៉ាងណា ចិន្តាមិនដែលបោះបង់ការសិក្សា។ ការលំបាក និងការមិនទទួលបានភាពស្មើគ្នានៅក្នុងសង្គម មិនបានបំបាក់ទឹកចិត្តអ្នកស្រីទេ តែបម្លែងវាជាកម្លាំងជំរុញឱ្យខិតខំប្រឹងប្រែងកាន់តែខ្លាំង។ អ្នកស្រីបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់មកទទួលបានអាហារូបករណ៍សិក្សាបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយ និងការអនុវត្តពិការភាព នៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០២៤ ក្លាយជាស្ត្រីខ្មែរដំបូងគេដែលមានពិការភាពភ្នែក បញ្ចប់ការសិក្សាកម្រិតនេះក្នុងវិស័យខាងលើ។

បច្ចុប្បន្ន អ្នកស្រី មិន ចិន្តា បម្រើការងារជាមន្ត្រីនៅមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយយកបទពិសោធន៍ផ្ទាល់ខ្លួន និងចំណេះដឹងវិជ្ជាជីវៈ មកចូលរួមលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតរបស់ជនមានពិការភាពនៅកម្ពុជា។ បច្ចុប្បន្ន អ្នកស្រីមានស្វាមីពិការភាពដូចគ្នានិងមានកូនក្នុងបន្ទុកផងដែរ។
រឿងរ៉ាវជីវិតរបស់អ្នកស្រី គឺជាគំរូនៃការតស៊ូ និងជាសារបំផុសគំនិតដល់យុវជន ជាពិសេសជនមានពិការភាពថា ទោះបីមានឧបសគ្គប៉ុនណាក៏ដោយ ប្រសិនបើយើងមានឆន្ទៈ និងការព្យាយាម អាចឈានដល់គោលដៅដែលខ្លួនប្រាថ្នាបាន៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


