Connect with us

ព័ត៌មានជាតិ

សម្តេច ហេង សំរិន ប្រាប់ក្រុមការងារចុះមូលដ្ឋានឲ្យស្វែងយល់ពីទុក្ខលំបាក និងខិតខំដោះស្រាយសំណូមពររបស់ប្រជាជន

បានផុស

នៅ

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​ឲ្យ​មន្ត្រី​គណបក្ស​ពិនិត្យ​កែសម្រួល​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឱ្យមាន​បរិមាណ និង​លទ្ធភាព​សមស្រប និង​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ភារកិច្ច ដែល​បាន​ប្រគល់ឱ្យ និង​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន ស្វែងយល់​ពី​ទុក្ខលំបាក​ប្រជាជន ខិតខំ​ដោះស្រាយ​សំណូមពរ​របស់​ប្រជាជន ព្រមទាំង​ជួប​សំណេះសំណាល​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​ជូន​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពី​ថ្មីៗ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នា​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ជំរុញ​ឱ្យ​មន្ត្រី​គណបក្ស​គ្រប់​ជាន់ថ្នាក់​ការពារ​ដាច់ខាត​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការទប់ស្កាត់​រាល់​ការប៉ុនប៉ង​បង្កចលាចល​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​។​

​ប្រសាសន៍​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ របស់​ខេត្ត និង​ការផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ​កាល​ថ្ងៃទី​ ១៦ និង​ ១៧ ខែកក្កដា ឆ្នាំ​ ២០២២ នៅ​មន្ទីរ​គណបក្ស​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២២ នេះ​។​

​សម្រាប់​ខេត្ត​ត្បូងឃ្មុំ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អះអាងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ បាន​ដំណើរការ មិន​ខុសពី​ស្ថានភាព​រួម​នៃ​ដំណើរការ​បោះឆ្នោត​ក្នុង​ទូទាំងប្រទេស​នោះទេ ពោលគឺ​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​បរិយាកាស​អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មាន​អំពើហិង្សា និង​ការគំរាមកំហែង​ឡើយ​។ ប្រជាពលរដ្ឋ​ច្រើន​កុះករ​បាន​ទៅ​បោះឆ្នោត នៅតាម​ការិយាល័យ​នីមួយៗ​ប្រកបដោយ​ភាពថ្លៃថ្នូរ​សប្បាយរីករាយ​តាម​ឆន្ទៈ ដើម្បី​ជ្រើសរើស​តំណាងឱ្យ​បន្ត​ដឹកនាំ​នៅ​ឃុំ សង្កាត់ និង​មូលដ្ឋាន​របស់ខ្លួន​សម្រាប់​អាណត្តិ​ ៥ ​ឆ្នាំ​បន្ត​។ ប្រការនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ភាពចាស់ទុំ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​។​

​សម្តេច ហេង សំរិន ដែលជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​ត្បូងឃ្មុំ​ផង​នោះ បាន​វាយតម្លៃ​លទ្ធផល​នេះ​ថា បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ពី​ជ័យជំនះ​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ខេត្ត ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​ឈានទៅរក​ជ័យជំនះ​ថ្មី​ទៀត​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ​៧ ​ខាងមុខ​។ សម្តេច​បាន​កោតសរសើ​រ​ចំពោះ​លោក លោកស្រី ក៏ដូចជា​មន្ត្រី​យើង​ទាំងអស់ ដែលជា​ក្នុង​ក្រុមការងារ​គណបក្ស ដែល​លះបង់​អស់​កម្លាំងកាយ ស្មារតី និង​សម្ភារៈ ខិតខំ​បំពេញភារកិច្ច ដែល​គណៈអចិន្ត្រៃយ៍​បានដាក់​ចេញ​ក្នុង​សេចក្តីសម្រេច​ស្តីពី​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​ ៥ រហូត​សម្រេចបាន​នូវ​ជ័យជំនះ​ដ៏​ធំធេង​ជូន​គណបក្ស សម្រាប់​ជា​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​ដណ្តើម​ជោគជ័យ​បន្តទៀត​នាពេលខាងមុខ​។​

​បើតាម​សម្តេច ហេង សំរិន ដើម្បី​សម្រេចការ​ប្តេជ្ញា​ចិត្តជា​យុទ្ធសាស្ត្រ​នេះ ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​ភារកិច្ច​មួយ​ចំនួន​រួមមាន​៖ ការពារ​ដាច់ខាត​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​រាល់​ការប៉ុនប៉ង​បង្កចលាចល​របស់​ពួក​ប្រឆាំង​ជ្រុលនិយម​, ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​, ជំរុញ​ការអនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​ស្តារ និង​កំណើន​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​, ជំរុញ​ការអភិវឌ្ឍ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ឱ្យបាន​ល្អប្រសើរ និង​ខិតខំ​ដោះស្រាយ​ជម្លោះដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ​ឱ្យបាន​ល្អ​ឆាប់រហ័ស និង​បន្ត​អនុវត្តន៍​គោលនយោបាយ​គាំពារ​សង្គម ជាពិសេស​ជួយ​គាំពារ​ជនក្រីក្រ ជន​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩ ជាដើម​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម