ព័ត៌មានជាតិ
វិស័យឧស្សាហកម្មរបស់កម្ពុជា មានកំណើនជាបន្តបន្ទាប់ ខណៈសម្រេចបានគោលដៅមុនឆ្នាំ ២០២៥
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានអះអាងថា វិស័យឧស្សាហកម្ម មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយគោលដៅរបស់កម្ពុជា ធ្វើយ៉ាងណានៅឆ្នាំ ២០២៥ ឲ្យវិស័យឧស្សាហកម្ម ត្រូវចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ឲ្យបាន ៣០ភាគរយ តែធាតុពិតត្រឹមតែឆ្នាំ ២០១៧ទេ វិស័យមួយនេះ បានចូលរួមចំណែកក្នុង GDP របស់កម្ពុជា រហូតទៅដល់ ៣០.៩០ភាគរយរួចទៅហើយ។

លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” នាព្រឹកថ្ងៃទី ១១ ខែសីហានេះថា រោងចក្រឧស្សាហកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន មានចំនួន ១,៩៤៧រោងចក្រ ដោយបានបង្កើតការងាររហូតដល់ ១,០៤៤,២២៦នាក់។

ត្រង់ចំណុចនេះលោកលើកឡើងថា «បើក្នុងម្នាក់ ប្រាក់ខែអប្បរមារបស់កម្មករយើង គឺ ១៩២សហរដ្ឋអាមេរិក ដោយយើងមិនទាន់បូកបញ្ចូលនូវប្រាក់បំណាច់ ប្រាក់បន្ថែមម៉ោង ប្រាក់អីផ្សេងៗ ដោយគិតជាមធ្យមជាង ២០០ ទៅ ៣០០ដុល្លារ យើងយកគុណទៅឃើញហើយ ថាតើចំណូលដែលគាត់បានទទួលនៅក្នុង ១ខែ សម្រាប់ផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារគាត់ប៉ុន្មាន នេះសំណួរមួយដែលយើងគិតឃើញ»។
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានឲ្យដឹងបន្តថា ចំពោះផលិតផល ដែលចេញអំពីផលិតកម្មរបស់រោងចក្រទាំងនោះ ដោយក្នុងរយៈពេលត្រឹម ៦ខែឆ្នាំ ២០២២នេះ បាននាំចេញទៅលក់នៅក្រៅប្រទេស និងក្នុងស្រុកប្រមាណ ៧,៥៧៧ លានដុល្លារអាមេរិក។ ក្នុងនោះ ការលក់នៅក្នុងស្រុកបានចំនួន ២,៣១៥លានដុល្លារអាមេរិក ហើយនៅក្រៅប្រទេសបានចំនួន ៥,២៦២លានដុល្លារអាមេរិក ដែលធ្វើឲ្យមានកំណើនខ្ពស់នៅក្នុង GDP របស់កម្ពុជា។
លោក ហេង សុខគង់ បានឲ្យដឹងទៀតថា ពេញមួយឆ្នាំ ២០២១ ការផលិត និងនាំចេញរបស់រោងចក្រឧស្សាហកម្មនៅកម្ពុជាបានតែចំនួន ៨,៦៤៦លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលពាក់កណ្ដាលឆ្នាំ ២០២២នេះ ការផលិត និងនាំចេញមានប្រមាណ ៧,៥៧៧លានដុល្លារអាមេរិក ដែលប៉ាន់ប្រមាណថា នឹងអាចកើនឡើងប្រមាណ ៧៥.២៧ភាគរយ បើគិតពេញមួយឆ្នាំ ២០២២នេះ។
គោលដៅរបស់កម្ពុជា គឺនៅក្នុងឆ្នាំ ២០២៥ ធ្វើយ៉ាងណាឲ្យវិស័យឧស្សាហកម្ម ត្រូវចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ឲ្យបាន ៣០ភាគរយ តែធាតុពិតត្រឹមតែឆ្នាំ ២០១៧ទេ វិស័យឧស្សាហកម្ម បានចូលរួមចំណែកនៅក្នុង GDP របស់កម្ពុជា រហូតទៅដល់ ៣០.៩០ភាគរយ។ លោក ហេង សុខគង់ បានថ្លែងថា «បានន័យថា យើងដើរមុនសភាពការណ៍រហូតដល់ ៨ឆ្នាំ ចឹងតាមការប្រមើលមើល នៅក្នុងឆ្នាំ ២០២២នេះ យើងអាចមានកំណើនពីវិស័យឧស្សាហកម្ម ចូលទៅក្នុង GDP របស់យើង ៣៩.៩០ភាគរយ ដែលឆ្នាំ ២០២១កន្លងទៅ គឺយើងមាន ៣៨.៧០ភាគរយ»។
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានបញ្ជាក់ទៀតថា វិស័យឧស្សាហកម្ម មានកំណើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ចូលទៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា បើប្រៀបធៀបនឹងវិស័យដទៃទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៨ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា