ព័ត៌មានជាតិ
រដ្ឋបាលរាជធានីចាត់ទុកសកម្មភាពប្រមូលផ្ដុំតវ៉ារបស់អតីតបុគ្គលិកណាហ្គាជាង ៩០ នាក់ធ្វើឡើងដោយខុសច្បាប់
ក្រុមបាតុករដែលជា អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គា វើលដ៏ ប្រមាណជា ៩០នាក់ បន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេចសុធារសដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអ៊ីអន១ មកដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យបៀលប្រាយ ហើយបានបំផ្លាញប៉ារាសជិត២០ផ្ទាំង រហូតមានការប៉ះទង្គិចគ្នាតិចតួចជាមួយសមត្ថកិច្ច។

នៅយប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធ ការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏នេះ និងបានអំពាវនាវបញ្ឈប់ធ្វើសកម្មភាពខុសច្បាប់នាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះបានបង្ហាញថានៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៤៖០០នាទី ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមាណជា ៩០នាក់ បានបន្តមកប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេចសុធារស។
ដូចសព្វមួយដង ក្រោមការរៀបចំផែនការរួចជាស្រេចរបស់ក្រុមមនុស្សមួយក្តាប់តូចដែលនៅពីក្រោយការរៀបចំឈុតឆាកសម្តែង ក្នុងន័យបង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់មុខមាត់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមនេះបានបន្តធ្វើសកម្មភាពអាណាធិបតេយ្យយ៉ាងគគ្លើនជាដដែលៗ។ ជាក់ស្តែងនៅវេលាម៉ោង ១៥៖១៥នាទី ពួកគេបានរៀបចំបង្កើតឱ្យមានព្រឹត្តិការណ៍ផ្សេងៗដើម្បីទម្លាក់កំហុសមកលើអាជ្ញាធរអនុវត្តច្បាប់ (ថាបានប្រើអំពើហិង្សាលើបាតុករ)។

ក្រុមនេះក៏បានធ្វើសកម្មភាពញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង បន្តការជេរប្រមាថមកលើមន្រ្តីសាធារណៈ ហើយថែមទាំងជាន់កម្ទេចបំផ្លាញប៉ារាស ធ្វើឱ្យខូចខាតជិត ២០ផ្ទាំង ហើយសមត្ថកិច្ចនៅតែបន្តស្រាក់ដៃគ្នាធ្វើជាប៉ារាសការពារដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែពួកគេបានប្រើហិង្សាថែមទៀត មកលើសមត្ថកិច្ច រហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួច។ ដូចផែនការដែលបានគ្រោងទុក ក្រុមអគតិមួយក្តាប់តូចបានធ្វើការបង្ហោះ ចែកចាយនូវរូបភាពដែលបានចងក្រងទុកជាមុន ក្នុងន័យទម្លាក់កំហុសមកលើសមត្ថកិច្ច។
ចំពោះព្រឹត្តិការណ៍ថ្ងៃនេះ តាមរយៈភស្តុតាងដែលមានស្រាប់នានា អាជ្ញាធរមានសមត្ថកិច្ចនឹងចងក្រងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីនាំជនដៃដល់ មកផ្តន្ទាទោស តាមច្បាប់នូវសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ ប្រើអំពើហិង្សាមកលើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាប្រមាថមកលើមន្រ្តីរាជការកំពុងបំពេញភារកិច្ច។
រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់បន្ថែមទៀតថា រៀងរាល់លើកដែលមានសកម្មភាពធ្វើបាតុកម្មខុសច្បាប់របស់ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ មិនដែលមានព្រឹត្តិការណ៍កើតទ្បើងដូចថ្ងៃនេះទេ ប្រសិនបើក្រុមបាតុករមិនធ្វើការបុកទម្លុះប៉ារាស និងបង្កអំពើហិង្សាមកលើសមត្ថកិច្ច។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅតែទទូចសូមធ្វើការអំពាវនាវដល់ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ មួយចំនួនតូចដែល នៅសេសសល់ សូមបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ រួមទាំងការប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការដោះស្រាយតាមច្បាប់គ្រប់ជាន់ថ្នាក់៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


