ព័ត៌មានជាតិ
សម្តេច ស ខេង ណែនាំឱ្យក្រុមហ៊ុនស្ថាបនាផ្លូវល្បឿនលឿនរៀបចំជាសំណាញ់ដែកជំនួសបន្លាលួស ដើម្បីការពារសត្វឆ្លងផ្លូវ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ក្រុមហ៊ុនស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ គួររៀបចំជាសំណាញ់ដែកជាជាងដាក់បន្លាលួសដើម្បីជារបាំងការពារសត្វឆ្លងផ្លូវ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៨សីហានេះ សម្ដេចក្រឡាហោមក៏បានផ្ដល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ក្នុងនោះសម្ដេចបានកត់សម្គាល់អំពីការរៀបចំរបាំងការពារសត្វឆ្លងផ្លូវដោយគួររៀបចំជាសំណាញ់ដែកជាជាងដាក់បន្លាលួស។ សម្ដេចបានបង្ហាញការកត់សម្គាល់នេះ ក្រោយពីបានធ្វើដំណើរលើផ្លូវនោះកាលពីពេលថ្មីៗ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយឱ្យអាជ្ញាធរមូលដ្ឋានអប់រំនិងហាមឃាត់ប្រជាពលរដ្ឋកុំឱ្យកាត់បន្លាលួសរបងតាមដងផ្លូវល្បឿនលឿនជាបន្តទៀត ខណៈផ្លូវនេះគ្រោងនឹងដាក់ឱ្យដំណើរការនៅខែតុលាខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «សព្វថ្ងៃនេះមានប្រជាពលរដ្ឋមួយចំនួនបានកាត់របងលួសនៅតាមដងផ្លូវដើម្បីគាត់ដឹកគោឆ្លងកាត់ផ្លូវ។ ដូចនេះខ្ញុំសូមស្នើឱ្យសម្តេចក្រឡាហោមជួយណែនាំដល់អាជ្ញាធរអប់រំដល់ប្រជាពលរដ្ឋកុំកាត់លួសរបងនៅតាមដងផ្លូវជាបន្តទៀតព្រោះថា របងលួសនេះដើម្បីឃាំងកុំឱ្យសព្វពាហៈនៈផ្សេងៗដើរឆ្លងកាត់ការពារដល់សុវត្តិភាពអ្នកបើកបរធ្វើដំណើរនៅលើដងផ្លូវ»។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនេះ នឹងដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនយកថ្លៃសេវារយៈពេល១ខែ ដើម្បីឱ្យប្រជាពលរដ្ឋបានបើកសាកល្បងធ្វើដំណើរនៅលើដងផ្លូវនេះ។ លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ក្រៅពីនេះក្រសួងបានត្រៀមស្ប៉តអប់រំចំនួន៥ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋបានយល់ដឹងឱ្យបានកាន់តែច្បាស់ងាយស្រួលធ្វើដំណើរនៅលើផ្លូវនេះបញ្ជៀសពីគ្រោះថ្នាក់ចរាចរណ៍។
គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូងនេះមានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រនិងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោងនិងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២បន្ទាប់ពីបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនាឆ្នាំ២០១៩ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិនតាមរយៈក្រុមហ៊ុន CambodianPPSHVExpressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិកនិងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


