ព័ត៌មានជាតិ
លោក វេង សាខុន៖ ក្រសួងកសិកម្ម កំពុងរៀបចំបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងតំបន់ភ្នំតាម៉ៅឲ្យបានជោគជ័យ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា នៅពេលនេះ ក្រសួងកំពុងរៀបចំឲ្យមានលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងតំបន់ភ្នំតាម៉ៅឲ្យបានជោគជ័យ។ ការអះអាងរបស់លោក វេង សាខុន នេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យដាក់តំបន់ភ្នំតាម៉ៅ ជាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សាអភិរក្សព្រៃឈើ និងសត្វព្រៃនៅទីនោះ។

ថ្លែងប្រាប់«កម្ពុជាថ្មី»នៅរសៀលថ្ងៃអង្គារនេះ លោក វេង សាខុន បានមានប្រសាសន៍ថា៖«អ្វីដែលសំខាន់នោះ ក្រសួងកំពុងផ្តោតជាសំខាន់ទៅលើការជំរុញលើការរៀបចំបទដ្ឋានគិតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទាំងប្រភេទទន់ និងរឹង ដើម្បីគ្រប់គ្រងតំបន់នោះឲ្យទទួលបានជោគជ័យ»។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា នៅថ្ងៃសុក្រ ខាងមុខនេះ លោកនឹងចុះទៅកាន់តំបន់ភ្នំតាម៉ៅដោយផ្ទាល់ ដើម្បីដឹកនាំការដាំដើមឈើឡើងវិញនៅតំបន់នោះ។
តំបន់ភ្នំតាម៉ៅ ត្រូវរាជរដ្ឋាភិបាលកម្ពុជាសម្រេចដកហូតពីក្រុមហ៊ុនឯកជនពីតំបន់អភិវឌ្ឍន៍មកជាតំបន់ការពាររបស់រដ្ឋវិញ បន្ទាប់ពីមានប្រតិកម្មយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកស្រឡាញ់ ការពារបរិស្ថាន និងប្រជាពលរដ្ឋទូទៅ ក្រោយពីមានការចូលឈូសឆាយព្រៃឈើនៅក្នុងតំបន់នោះ។ នៅពេលនេះ កងអង្គរក្សរបស់សម្តេចតេជោជាង១ពាន់នាក់កំពុងធ្វើសកម្មភាពរៀបចំ សម្អាតដីព្រៃនៅទីនោះ ដើម្បីអាចដាំដើមឈើឡើងវិញឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

កាលពីសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យប្រែក្លាយតំបន់ភ្នំតាម៉ៅដែលមានការឈូសឆាយនោះ ឲ្យទៅឧទ្យានព្រៃឈើ សួនព្រៃឈើ និងសួនដាំឈើ ដែលមុននេះ តំបន់នោះគ្រាន់តែជាតំបន់ព្រៃរបោះ។ ដើម្បីឲ្យក្លាយជាតំបន់ព្រៃឈើ សួនព្រៃឈើ និងសួនដាំឈើនេះ គឺចាំបាច់តម្រូវឲ្យមានការដើមឈើឡើងវិញ ពិសេស ឈើប្រណីត។ បើតាមសម្តេចតេជោ ហ៊ុន សែន ដើមឈើដែលនឹងត្រូវយកទៅដាំឡើងវិញ គឺរួមមាន ឈើបេង ធ្នុង និងនាងនួនជាដើម។
ចំណាត់ការដ៏រហ័ស និងមានប្រសិទ្ធភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកស្រឡាញ់ការពារបរិស្ថាន ព្រៃឈើ និងប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែ ចំណាត់ការបែបនេះ ហាក់នៅមិនទាន់ធានាការពារតំបន់ភ្នំតាម៉ៅនេះឲ្យបានគង់រង់យូរអង្វែងនៅឡើយទេ។ ដូច្នេះហើយ ទើបកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យដាក់ភ្នំតាម៉ៅជាឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម។

ព្រះរាជក្រឹត្យបានគូសបញ្ជាក់ថា ការបង្កើត ឬដាក់តំបន់ភ្នំតាម៉ៅនេះ គឺក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងអភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ។បើតាមព្រះរាជក្រឹត្យដដែលនេះ តំបន់ការពារភ្នំតាម៉ៅ មានផ្ទៃដីសរុប ២០២៥ហិកតា ក្នុងនោះផ្ទៃដី ១០២១ហិកតា ជាតំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ។ រីឯ ផ្ទៃដី ៥៣០ហិកតា ជាតំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ និងផ្ទៃដី៤៧៤ហិកតាទៀត ជាតំបន់ឧទ្យានសួនសត្វ៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


