Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនដល់កងទ័ពជើងគោក

បានផុស

នៅ

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេប​ញ្ជា​ការកងទ័ពជើងគោក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីន ដល់កម្លាំងកងទ័ពជើងគោក។ ការវាយតម្លៃយ៉ាងដូច្នេះ គ្រាដែលឯកឧត្ដម ហ៊ុន ម៉ាណែត អញ្ជើញថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ដល់កម្លាំងកងទ័ពជើងគោក និងពិធីសម្ពោធសមិទ្ធផលនានា របស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ នាខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីន ដែលត្រូវបិទបញ្ចប់នាពេលនេះ បន្ទាប់ពីមានការរៀបចំការប្រឡងបញ្ចប់វគ្គ ដោយមានការកំណត់លក្ខណៈវិនិច្ឆ័យ នៃអត្រាកំណែ និងនិយាមគរុកោសល្យសុក្រឹត្យត្រឹមត្រូវ។

ឯកឧត្ដម ក៏សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមយោធិនទាំងអស់ មកពីបណ្តា​កងឯកភាពនានា ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គនាពេលនេះ ជាពិសេសទទួលបានការផ្តល់មូលវិចារណ៍ដ៏ល្អពីសំណាក់​គណៈគ្រប់គ្រងវគ្គ ដែលបានបញ្ជាក់ថា «សិក្ខាកាមយោធិនយើងទាំងអស់ បានបង្ហាញនូវសាមគ្គីភាព, រក្សាបាននូវវិន័យសណ្តាប់ធ្នាប់ និងគោរពបទបញ្ជាផ្ទៃក្នុង ទាំងក្នុងការសិក្សារៀនសូត្រ, ការអនុវត្តលើទីលាន និងការរស់នៅ បានយ៉ាងល្អខ្ជាប់ខ្ជួន»។

ឯកឧត្ដម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងបន្តថា វគ្គហ្វឹកហ្វឺននេះ គឺជាវគ្គហ្វឹកហ្វឺនខ្លីដែលមានរយៈពេល ១៣ ថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែពិតជាបានឆ្លើយតប ចំពោះសេចក្តីត្រូវការចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពបន្ថែម​ទៀតដល់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក សម្រាប់ប្រតិបត្តិការបោសសម្អាតមីននាពេលខាងមុខ។

មួយវិញទៀត វគ្គហ្វឹកហ្វឺននេះ ក៏ជាផ្នែកមួយនៃការអនុវត្តភារកិច្ចរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាល ចាត់តាំងឲ្យចូលរួមក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីពន្លឿនដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ សំដៅសម្រេចបាននូវកម្ពុជាមួយដែលគ្មានមីនឆ្នាំ ២០២៥ ក៏ដូចជាការចូលរួមក្នុងគម្រោងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។

ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ ចំពោះការទទួលបាននូវសមិទ្ធផលនានាជាច្រើនរបស់បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អង្គភាព តាមរយៈការជួយសម្រួល និងលើកកម្ពស់បន្ថែមទៀតនូវប្រសិទ្ធភាពការងារ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិនឲ្យបានកាន់តែប្រសើរឡើង ដោយសមិទ្ធផលទាំងនេះ រួមមាន៖ សាលប្រជុំ ១ខ្នង, អគារស្នាក់នៅរបស់នាយទាហាន ១ខ្នង, អគារស្នាក់នៅរបស់ពលទាហាន ១ខ្នង, និងអាហារដ្ឋាន ១ខ្នង និងសមិទ្ធផលមួយចំនួន។

លើសពីនេះទៀត ឯកឧត្ដមក៏សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះសម្តេចទាំងទ្វេ ដោយជានិច្ចជាកាល លោកតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធ ពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយ សម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ គ្រប់ពេលវេលាស្ទើរតែមិនមានការខ្វះចន្លោះ។

ជាចុងក្រោយ ឯកឧត្ដមមេប​ញ្ជា​ការកងទ័ពជើងគោក ក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, គណៈអភិបាលខេត្តតាកែវ និងកំពង់ស្ពឺ ដែលបានផ្តល់កិច្ចសហការជួយសម្របសម្រួលកិច្ចការផ្សេងៗ ព្រមជាមួយនឹងការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ដែលពិតជាបានបង្កលក្ខណៈដល់ការបំពេញភារកិច្ចរបស់កងទ័ពជើងគោកនៅក្នុងវិស័យមីន ស្របតាមគោល ការណ៍របស់រាជរដ្ឋាភិបាល និងសូមសម្តែងនូវការកោតសរសើរផងដែរ ចំពោះលទ្ធផលការងារ ដែលកងកម្លាំងវិស្វកម្ម កងទ័ពជើងគោក សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងលើការងារបម្រើប្រយុទ្ធ, ការងារសំណង់អគារ និងគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងគោក, ការងារស្ថាបនាបណ្តាញផ្លូវគមនាគមន៍ជាតិ និងការចូលរួមបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងការសហការរៀបចំវគ្គហ្វឹកហ្វឺនបម្រើឲ្យការងារមីន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម