Connect with us

ព័ត៌មានជាតិ

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩-២០២២ និងលើកទិសដៅបន្តឆ្នាំ ២០២២-២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀង ជឿងថាំង មេបញ្ជាការយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បន្ទាប់ពីអាក់ខានចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មក ហើយស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ដោយថ្នាក់ដឹកនាំទាំងសងខាង ក៏បានកំណត់យកជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម” ផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀង ជឿងថាំង បានថ្លែងអំណរគុណចំពោះកងទ័ពជើង​គោក នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីសារៈសំខាន់ នៃកិច្ចសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាព ដែលជាទម្លាប់ដ៏ល្អមួយរវាងអង្គភាពទាំងពីរ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាបាននូវការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាព ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ ស្របតាមគោលការណ៍ និងទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់យក ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របទៅតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩-២០២១ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិ ដែលសម្រេចបានកន្លងមក ថ្វីត្បិតតែប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ជាពិសេសនៅតែរក្សាបាននូវការភ្ជាប់ទំនាក់ទំនងជាប្រចាំ តាមរយៈយន្តការគ្រប់កម្រិតរវាងកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងឯកភាពចំណុះយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម ដោយបានបន្តសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងល្អជិតស្និទ្ធ រួមទាំងការជួយឧបត្ថម្ភគាំទ្រគ្នា ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺក៏កាចសាហាវនេះ។

លទ្ធផលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបាននូវព្រំដែនដែនមិត្តភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងទប់ស្កាត់ និងកាត់បន្ថយបានរាល់បទល្មើសឆ្លងដែនផ្សេងៗ ដែលជាការបង្កលក្ខណៈងាយស្រួលឲ្យប្រជាជន នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកស៊ីទៅវិញទៅមក រួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

សម្រាប់ទិសដៅឆ្នាំ ២០២២-២០២៣ ភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ច ស្របតាមពិធីសារ ស្តីពី កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដំណាក់កាល ២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្ម នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា៖ កិច្ចសហការលើការងារការពារព្រំដែនគោក នៃប្រទេសទាំងពីរ, កិច្ចសហការលើការផ្តល់ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តោយព្រំដែន, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឲ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរ ក៏បានរំឭកឡើងវិញ និងថ្លែងអំណរគុណគ្នាទៅវិញទៅមកចំពោះស្មារតីនៃការជួយគ្នាក្នុងកាលៈទេសៈ ដែលប្រទេសទាំងពីរជួបការលំបាក ដូចកាលប្រទេសកម្ពុជាបានជួយប្រទេសវៀតណាម នៅក្នុងការតស៊ូរំដោះប្រទេសក្នុងទស្សវត្សរ៍ឆ្នាំ ១៩៧០ និងប្រទេសវៀតណាម បានជួយកម្ពុជាវិញ នៅក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងការស្តារ កសាង និងអភិវឌ្ឍប្រទេសឡើងវិញ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម