ព័ត៌មានជាតិ
គុយបា សរសើរកម្ពុជាទទួលបានជោគជ័យ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ក្នុងការបើកប្រទេសឡើងវិញ
គុយបា បានកោតសរសើរប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលអាចបើកដំណើរការ សេដ្ឋកិច្ច-សង្គមឡើងវិញទាំងស្រុង។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃទី ២ កញ្ញា លោក Gerardo Penalver Portal អនុរដ្ឋមន្ត្រីទី ១ នៃក្រសួងការបរទេសគុយបា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់មន្ត្រីការទូតគុយបា ប្រចាំកម្ពុជាទាំងអស់ដោយឥតគិតថ្លៃ និងសូមកោតសរសើរដល់មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលទាំងពីរ ដែលបាននិងកំពុងពិភាក្សាគ្នាយ៉ាងសកម្ម តាមរយៈស្ថានទូតគុយបា ប្រចាំកម្ពុជា ក្នុងការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលកម្ពុជា-គុយបា ដែលគ្រោងនឹងចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋគុយបា នាពេលដ៏ខ្លីខាងមុខ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ដែលជាការរួមចំណែកលើកកម្ពស់សុខុមាលភាព សុខភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ ហើយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា កាន់តែរឹងមាំ។
នៅក្នុងជំនួបនោះ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងជាប្រពៃណីកម្ពុជា-គុយបា ជាពិសេសនាទស្សវត្សរ៍ឆ្នាំ ៨០ បន្ទាប់ពីកម្ពុជា ទើបងើបពីរបបប្រល័យពូជសាសន៍ គុយបា បានបញ្ជូនក្រុមគ្រូពេទ្យ ចំនួនប្រមាណពី ២០ ទៅ ៣០ នាក់ មកជួយដល់អតីតមន្ទីរពេទ្យ ៧មករា ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៨៩ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលថែទាំជំងឺផ្នែកវេជ្ជសាស្ត្រទូទៅ ផ្នែក វះកាត់ ផ្នែកជំងឺកុមារ ផ្នែករោគស្ត្រី និងសម្ភព ផ្នែកត្រចៀក ច្រមុះ បំពង់ក និងផ្នែកចក្ខុរោគ ព្រមទាំងជួយបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងកាលៈទេសៈ ដែលកម្ពុជាទើបរួចផុតពីរបបប្រល័យពូជសាសន៍។

លើសពីនេះ គុយបា បានផ្តល់អាហារូបករណ៍ដល់និស្សិត និងគ្រូពេទ្យកម្ពុជា ទៅសិក្សាផ្នែកវេជ្ជបណ្ឌិតឯកទេសនានា វេជ្ជបណ្ឌិត ឱសថការី ផ្នែកមន្ទីរពិសោធន៍ ផ្នែករូបភាពវេជ្ជសាស្ត្រ និងគិលានុបដ្ឋាក-យិកា នៅប្រទេសគុយបា ចំនួន ៣៦ នាក់។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថាបន្ទាប់ពីកម្ពុជា បានបង្រួបបង្រួមជាតិ និងកសាងបានសន្តិភាពទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា លើវិស័យសុខាភិបាល ក៏នៅតែបន្តតាមរយៈការចុះកិច្ចព្រមព្រៀង នាឆ្នាំ ២០០១ និងបានបញ្ជូនក្រុមគ្រូពេទ្យមកជួយផ្តល់សេវាពិនិត្យ ព្យាបាល ព្រមទាំងចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ ដល់គ្រូពេទ្យកម្ពុជានៅខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី នាឆ្នាំ ២០០១ ដល់ឆ្នាំ ២០០២៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


