ព័ត៌មានជាតិ
ក្រសួងផែនការ នឹងចាប់ផ្តើមកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យដោយអតិផរណាទូទាំងប្រទេសនៅសប្តាហ៍នេះ
មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ បានមានប្រសាសន៍ថា ក្រុមការងារក្រសួងនឹងចុះសម្ភាសន៍ដល់ប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសនៅក្នុងសប្តាហ៍នេះ ដើម្បីកំណត់អត្តសញ្ញាណគ្រួសារដែលងាយរងហានិភ័យដោយអតិផរណាដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៦តុលានេះថា «យើងនឹងចាប់ផ្តើមចុះសម្ភាសន៍ដល់គ្រួសារក្រីក្រក្នុងសប្តាហ៍នេះនៅទូទាំងប្រទេស ទោះបីជាកម្លាំងជាច្រើនកំពុងអនុវត្តយុទ្ធនាការផ្តល់បណ្ណសមធម៌ជូនពលរដ្ឋចំនួន៤២២៩គ្រួសារដែលស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកតាមការសម្រេចរបស់សម្តេចតេជោ ក៏ដោយ»។

លោកបានបន្តថា យើងមិនកំណត់ចំនួនកម្លាំងដែលត្រូវចុះសម្ភាសន៍នោះទេ ដោយសារនៅតាមបណ្តាមន្ទីរផែនការរាជធានី ខេត្ត មានកម្លាំងគ្រប់គ្រាន់សម្រាប់ការងារនេះរួចហើយ ខណៈបច្ចុប្បន្ននេះយើងកំពុងដំណើរការបណ្តុះបណ្តាល។ លោកបានបន្តទៀតថា ការសម្ភាសន៍នេះគ្រោងនឹងប្រើរយ:ពេលប្រមាណ២សប្តាហ៍ប៉ុណ្ណោះឱ្យចប់រួចរាល់ដើម្បីកំណត់អត្តសញ្ញាណក្រុមគ្រួសារដែលងាយរងហានិភ័យដោយអតិផរណាដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាល បានសម្រេចរៀបចំ និងដាក់ឱ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយមានគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់នៃអតិផរណានេះក្នុងមួយគ្រា និងផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។
នៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី ៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពីម្សិលមិញរាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីអតិផរណាដែលនឹងគ្រប់កណ្ដប់ទៅដល់ប្រជាជនប្រមាណ៦០ម៉ឺនគ្រួសារប្រហែលប្រជាជនប្រមាណ២លាននាក់ដែលរងផលប៉ះពាល់ចេញពីអតិផរណាដែលផ្ដើមចេញពីសង្គ្រាមរុស្ស៊ីវាយលុកចូលអ៊ុយក្រែន និងការដាក់ទណ្ឌកម្មធ្វើពិភពលោកកំពុងជ្រួលច្របល់លើបញ្ហានេះ។
សម្តេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនទុកឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារតែអតិផរណានោះឡើយ។ រាជរដ្ឋាភិបាលត្រូវតែរាប់រងទាំងបញ្ហាកូវីដក៏ត្រូវបន្តទាំងការដាក់ចេញនូវយន្តការផ្ដល់សាច់ប្រាក់សម្រាប់គាំពារប្រជាពលរដ្ឋឆ្លើយតបជាមួយនឹងអតិផរណា។ គឺរាជរដ្ឋាភិបាលត្រូវតែទទួលបន្ទប់ចិញ្ចឹមប្រជាជនជិត៥លាននាក់។ សម្ដេចសង្ឃឹមថាក្រុមគ្រួសារទាំងអស់ដែលគ្រប់លក្ខខណ្ឌនឹងទទួលបានផលប្រយោជន៍នេះមិនមែនជាបញ្ហាលេងសើចសម្រាប់បញ្ហានយោបាយនោះទេ ក៏ប៉ុន្តែគឺជាការទទួលខុសត្រូវធំណាស់ចំពោះមុខប្រវត្តិសាស្រ្តរបស់ជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលចេញផ្សាយកាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ឱ្យដឹងថា ក្រសួងផែនការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងចាប់ផ្តើមកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋគោលដៅដែលមានជីវភាពទាប និងមានភាពងាយរងគ្រោះដែលលក្ខណសម្បត្តិឆ្លើយតបទៅលក្ខខណ្ឌវិនិច្ច័យនៃគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេស នឹងទទួលបានការវាយតម្លៃ
តាមរយៈការធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទ និងតាប្លែត ដោយអាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម។ ភាពងាយរងគ្រោះនៃ «គ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ» ត្រូវបានកំណត់ដោយផ្តោតលើគ្រួសារ ដែលរស់នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រដោយមានការរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយដូចតទៅ៖
ជនមានពិការភាព, កុមារអាយុក្រោម ២ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)។
ចំពោះកម្រិតប្រាក់ឧបត្ថម្ភ, យន្តការ, នីតិវិធី, និងកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមនាពេលក្រោយ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


