ព័ត៌មានជាតិ
ក្រសួងអប់រំ អំពាវនាវ សិស្សានុសិស្ស ភាគីពាក់ព័ន្ធ បន្តបង្កើនការប្រុងប្រយ័ត្ន នារដូវវស្សា
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះថា ក្រសួងអប់រំ យុវជន និងកីឡា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនពរសិស្សានុសិស្ស និងជនរងគ្រោះក្នុងឧបទ្ទវហេតុ ឆាប់បានជាធូរស្បើយ។ សូមសិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធបន្តថែរក្សាសុខភាពទាំងអស់គ្នា។

ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្តីណែនាំមួយ ស្តីពីការលើកកម្ពស់សុខសុវត្ថិភាពរបស់សិស្ស ផ្តោតលើការធ្វើដំណើរក្នុងរដូវវស្សា។ ទន្ទឹមនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ននារដូវវស្សានេះ ក្នុងការបន្តថែទាំសុខភាព និងរក្សាសុវត្ថិភាព។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា សូមមាតាបិតាបន្តប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក។ សូមគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពទាំងអស់គ្នាឱ្យចៀសផុតពីការឆ្លងរោគា និងគ្រោះថ្នាក់នានា។ សិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងស្តាប់ដំបូន្មានពីសំណាក់មាតាបិតា។ ក្រៅពីការបន្តរៀនសូត្រ សិស្សានុសិស្សទាំងអស់ត្រូវបន្តអនុវត្តវិធានការសុខាភិបាល គោរពច្បាប់ចរាចរណ៍ និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត។

លោក រស់ សុវាចា បន្តថា ក្រសួងអប់រំ យុវជន និងកីឡាបន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។ ក្រសួងអប់រំ យុវជន និងកីឡា មានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបានបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមក ជាពិសេសជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។

ក្រសួងអប់រំ យុវជន និងកីឡា បន្តស្វាគមន៍កិច្ចសហការវិជ្ជមានពីសំណាក់គ្រប់ភាគីពាក់ព័ន្ធលើវិធានការទប់ស្កាត់ និងការឆ្លើយតបលើផលជះពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងតាមគ្រឹះស្ថានសិក្សា។

សូមរំលឹកថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុលិចទូកដចម្លងសិស្សសាលា ១៥នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឱ្យសិស្សានុសិស្ស ១១នាក់បាត់បង់ជីវិត និងរួចជីវិតចំនួន ៤ នាក់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១០ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


