ព័ត៌មានជាតិ
កម្ពុជាគ្រោងចំណាយជិត ៣០០ លានដុល្លារ លើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល
រាជរដ្ឋាភិបាលកម្ពុជាដោយមានការជួយគាំទ្រពីដៃគូអភិវឌ្ឍនានាគ្រោងនឹងចំណាយថវិកាប្រមាណជិត ៣០០លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ខាងមុខនេះ។

នៅក្នុងពីធីប្រកាសដាក់ឱ្យដំណើរការអនុវត្ដគម្រោង លើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ នៅថ្ងៃទី២០ ខែតុលានេះ នៅភ្នំពេញ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) មានប្រសាសន៍ថា ថវិកាទាំងនេះទទួលបានពីថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា និងថវិកាហិរញ្ញប្បទានដៃគូនានាដែលមានថវិកាសរុបចំនួន ២៩៩លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង រយៈពេល ៥ឆ្នាំ និង៦ខែ ដែលចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២២ រហូតដល់ខែធ្នូ ឆ្នាំ២០២៧។

លោកស្រីបានបន្តថា គម្រោងនេះមានគោលបំណងលើកកម្ពស់ សមភាពការប្រើប្រាស់សេវាថែទាំសុខភាពប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេសសម្រាប់អ្នកក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងផ្តល់នូវការឆ្លើយតបបន្ទាន់ទៅនឹងគ្រោះអាសន្នបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា លោកពិតជាមានមោទនភាព ដែលបានឃើញគម្រោងនេះលេចជារូបរាងឡើង ដើម្បីគាំទ្រដល់ការអនុវត្តផែនការ យុទ្ធសាស្ត្រសុខាភិបាល ឈានទៅសម្រេចការគ្របដណ្ដប់សុខភាព ជាសកលនៅឆ្នាំ២០៣០។

លោករដ្ឋមន្ដ្រី បានបន្តថា ការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ គឺជាគម្រោងសុខភាពមានវិសាលភាព គ្របដណ្តប់ធំបំផុតដែលមិនធ្លាប់មាន ហើយគម្រោងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងសុខភាព របស់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្ថែមថា ការអនុវត្តគម្រោងនេះត្រូវបានដាក់ឱ្យដំណើរការ នៅគ្រប់មូលដ្ឋានសុខាភិបាលរដ្ឋទូទាំងប្រទេស ចាប់ពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យជាតិ ហើយការប្រើប្រាស់សេវាសុខភាព ដែលគាំទ្រដោយគម្រោងមូលនិធិសមធម៌សុខភាព បានកើនឡើងដល់ជិត ៣,៤ លានករណី ក្នុងឆ្នាំ២០២០ ធៀបនឹង ២,៤ លានករណី ក្នុងឆ្នាំ២០១៦ ហើយគុណភាពនៃការផ្តល់សេវាសុខភាពត្រូវបានធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅឆ្នាំ២០១៦ មានមណ្ឌលសុខភាពត្រឹមតែ ៤៩ (៤%) សម្រេចបាន ៦០% នៃស្តង់ដារគុណភាពជាតិ ប៉ុន្តែចំនួននោះបានកើនឡើងដល់ ១១៨១ (៩៥%) ក្នុងឆ្នាំ២០២១។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា គម្រោងនេះបានចូលរួមចំណែកក្នុងការកែលម្អគួរឱ្យកត់សម្គាល់ រួមមាន ការគ្រប់គ្រងបរិក្ខារ ចំណេះដឹង និងសមត្ថភាពបុគ្គលិក ការការពារ និងការគ្រប់គ្រងការឆ្លងរោគ ការគ្រប់គ្រង កាកសំណល់ អនាម័យ និងការគាំទ្រពង្រីកបណ្តាញមណ្ឌលសុខភាព ដោយបានសាងសង់មណ្ឌលសុខភាព បន្ថែមចំនួន ៤៥ ការសាងសង់អគារសម្ភព និងរោគស្ត្រីនៅក្នុងមន្ទីរពេទ្យបង្អែកចំនួន ១៥ និងសាងសង់ អគារមន្ទីរពេទ្យខេត្តចំនួន ២បន្ថែម។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ គួរទាញយកមេរៀន បទពិសោធន៍ជោគជ័យ ក្នុងដំណាក់កាលទី១ ដោយបន្ថែមអន្តរាគមន៍នវានុវត្តន៍ ដើម្បីជៀសវាងនូវបញ្ហា ប្រឈមនានាដែលជួបប្រទះក្នុងការអនុវត្តដំណាក់កាលទី១ និងតម្រឹមជាមួយអាទិភាពរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល តាមរយៈផែនការសកម្មភាព ៥ឆ្នាំរបស់ខ្លួន (២០២២- ២០២៧)៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ