Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល៖ ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ បានបង្កើនកាលានុវត្តភាពក្នុងការពង្រឹងសមត្ថភាពស្ថាប័ន

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ បានបង្កើនកាលានុវត្តភាពដល់វិស័យសុខាភិបាល ក្នុងការបន្តពង្រឹងសមត្ថភាពស្ថាប័ន និងភាពធន់នៃប្រព័ន្ធសុខាភិបាល។ លោកបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុប ៥០០០នាក់ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ បានបង្កើនកាលានុវត្តភាពដល់វិស័យសុខាភិបាល ក្នុងការបន្តពង្រឹងសមត្ថភាពស្ថាប័ន និងភាពធន់នៃប្រព័ន្ធសុខាភិបាល ដោយសហការជាមួយវិស័យពាក់ព័ន្ធ ក្នុងអង្គភាពតែមួយ ដើម្បីបន្តការកែលម្អស្ថានភាពសុខភាពប្រជាជនឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់ ដែលជាការរួមចំណែក ដល់ការសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ និងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកបានគូសរំលេចថា ផ្អែកតាមបទពិសោធន៍នៃការវាយតម្លៃអង្គភាពសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល បានឆ្លុះបញ្ចាំងពីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង និងការបម្រើសេវាថែទាំសុខភាពជូនប្រជាជនប្រកបដោយទំនុកចិត្ត គុណភាព និងបានបង្ហាញពីសន្ទុះកើនឡើងជាលំដាប់នៃការចូលរួមរបស់អង្គភាពសុខាភិបាលមូលដ្ឋាន ដោយការចាប់ផ្តើមអភិវឌ្ឍ និងកែលម្អរបែបបទដំណើរការងារផ្តល់សេវាប្រកបដោយនវានុវត្តន៍ តាមរយៈការខិតខំកែលម្អនូវដំណើរការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សកាន់តែល្អប្រសើរជាងមុន។ ជាពិសេស ​ការចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនៅក្នុងនិងក្រៅអង្គភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តផ្នែកវេជ្ជសាស្ត្រ និងតម្រូវការនៃការបម្រើសេវាជូនប្រជាពលរដ្ឋ។

ព្រមទាំងការរៀបចំ និងការថែរក្សាបរិស្ថាននៅក្នុងបរិវេណមូលដ្ឋានសុខាភិបាលបានស្អាតល្អ មានអនាម័យ និងមានភាពបៃតង និងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ សំណល់រាវ រឹង និងសំណល់ទឹកភ្លៀងបានល្អប្រសើរ។ ការគ្រប់គ្រងអង្គភាពកាន់តែមានគណនេយ្យភាព និងតម្លាភាព ក្នុងការរៀបចំផែនការ ការអនុវត្តថវិកា ព្រមទាំងការរៀបចំរបាយការណ៍មានភាពត្រឹមត្រូវ និងគោរពតាមបទដ្ឋានគតិយុត្តិជាធរមាន។ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាបន្តបន្ទាប់ ការគាំទ្រធនធានពីអាជ្ញាធរមូលដ្ឋាន ការចូលរួមពីសហគមន៍ និងការពង្រឹងដំណើរការបម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន និងអង្គភាពសុខាភិបាល ចូលរួមជំរុញ ​និងបន្តការយកចិត្តទុកដាក់បន្ថែមទៀត ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការកសាង អភិវឌ្ឍ និងការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម