ព័ត៌មានជាតិ
ដើមឈើធំៗរក្សាទុកធ្វើជាសួន គម្រោងពង្រីកផ្លូវពីព្រលានថ្មីចូលក្រុងសៀមរាប
គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប ត្រូវបានលើកយកមកពិនិត្យពិភាក្សា ខណៈព្រលានយន្តហោះថ្មីនឹងបើកដំណើរការនៅឆ្នាំក្រោយ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៦ ចាប់ពីចំណុចប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងមន្ត្រីជំនាញពាក់ព័ន្ធ។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្តែងការគាំទ្រលើការគិតគូរអំពីបរិស្ថានជុំវិញការអនុវត្តគម្រោងនេះ ជាពិសេសការរក្សាទុកដើមឈើធំៗនៅអមសងខាងផ្លូវ ដោយយកដើមឈើទាំងនោះធ្វើជាសួនពុះចែកទ្រូងផ្លូវ និងសួនអមសងខាងផ្លូវ (ត្រង់ចំណុចខ្លះ) និងបានសំណូមពរឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេសនៃការសាងសង់ដោយផ្តោតលើគុណភាពរឹងមាំជាចម្បង និងធានាបានថាប្រព័ន្ធរំដោះទឹកអាចរំដោះចេញពីផ្លូវបានដោយប្រសិទ្ធភាព មិនបង្កជាការជន់លិចនាំឱ្យខូចដល់ស្រទាប់គ្រឹះផ្លូវនៅពេលខាងមុខ។
លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការសិក្សាឱ្យបានចប់សព្វគ្រប់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុថាព្រលានយន្តហោះថ្មីខេត្តសៀមរាបគ្រោងបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការទទួលអ្នកដំណើរក្នុងឆ្នាំក្រោយនេះហើយ។
គម្រោងពង្រីកនេះមានទីតាំងតាមកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប មានប្រវែងសរុប ១៩,៩៤ គីឡូម៉ែត្រ ពោលគឺចាប់ពីចំណុចគីឡូម៉ែត្រលេខ ២៩៣+៦៥០ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៣១៣+៥៩០។ គម្រោងពង្រីកកំណាត់ផ្លូវនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ និងបង្កើនសមត្ថភាពដឹកជញ្ជូន ដែលនឹងមានការកើនឡើង ដោយសារការបើកដំណើរការព្រលានយន្តហោះ ថ្មីនៅពេលខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?