ព័ត៌មានជាតិ
ទូតអង់គ្លេស ៖ កម្ពុជាត្រូវការជំនាញថ្មី និងទំនើបជាងមុនដើម្បីបន្តអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើន
លោក Dominic Williams អគ្គរដ្ឋទូតចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជាបានថ្លែងថា កម្ពុជាបានអភិវឌ្ឍពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យម។ដូចនេះកម្ពុជាត្រូវការជំនាញថ្មី និងទំនើបជាងមុនដើម្បីបន្តបានការរីកចម្រើន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីពិធីសម្ពោធជាផ្លូវការព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិភពលោកលើកទី ៨ ចុះថ្ងៃទី២២វិច្ឆិកានេះ អគ្គរដ្ឋទូតចក្រភពអង់គ្លេសបានបន្តថា ជំនាញដែលសិស្សនិស្សិតកម្ពុជាទៅសិក្សានៅបរទេសហើយយកត្រឡប់មកប្រទេសវិញ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែប្រសើរឡើង ខណៈដែលកម្ពុជាអភិវឌ្ឍពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យម ប្រជាជន និងប្រទេសត្រូវការជំនាញថ្មី និងទំនើបជាងមុនដើម្បីបន្តបានការរីកចម្រើន និងជោគជ័យក្នុងសេដ្ឋកិច្ចពិភពលោក។

ចំណែក លោក W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមើលឃើញស្រដៀងនេះដែរថា សិស្សនិស្សិតកម្ពុជាដែលមានឱកាសទៅបន្តការសិក្សានៅបរទេស ពិតជាបាន នាំត្រឡប់មកវិញនូវជំនាញ និងទស្សនវិស័យ ដែលនេះជាស្នូលនៃការអភិវឌ្ឍន៍ប្រទេស។
អគ្គរដ្ឋទូតបានបន្តទៀតថា « មិនថាអ្នកជ្រើសសិក្សានៅទីណាទេ តម្លៃនៃការអប់រំបានបង្កើតឱកាសដ៏មហាសាល វាជួយយើងឲ្យមានការអភិវឌ្ឍន៍ និងរស់នៅប្រកបដោយ សន្តិភាព សុវត្ថិភាព និងវិបុលភាព»។

ព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិភពលោកដ៏ធំប្រចាំឆ្នាំនេះ មានសិស្សនិស្សិត និងអាណាព្យាបាលប្រមាណជាង ១៥០០ នាក់បានចូលរួម ដែលកម្មវិធីនេះរួមមាន ពិព័រណ៍ការសិក្សានៅបរទេស និងអាជីព ដែលរំលេចឲ្យឃើញពីសារៈសំខាន់នូវការបង្កើនទំនាក់ទំនងក្នុងសន្និសីទបញ្ញវន្តពិភពលោកទាំងមូល។ កម្មវិធីផ្តល់ឲ្យអ្នកចូលរួមនូវឱកាសក្នុងការកសាងបណ្តាញការងារ បង្កើតភាពជាដៃគូ និងអបអរសាទរចំពោះភាពរីកចម្រើននៃការអប់រំអន្តរជាតិ នៅកម្រិតបុគ្គល កម្រិតស្ថាប័ន និងកម្រិតជាតិ។
លោកភារៈ ធារី ស្ថានទូតអូស្ត្រាលី Andreas Zurbrugg បានកោតសរសើរស្ថាប័នអប់រំ IDP Education លើកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យក្នុង ដំណើររាល់កិច្ចការតាមប្រព័ន្ធអ៊ីនធឺណិតអំឡុងពេលជំងឺរាតត្បាត និងការបើកឲ្យសិស្សានុសិស្សចូលរៀនក្នុងថ្នាក់ឡើងវិញបានយ៉ាងជោគជ័យ។

លោកក៏បានបន្ថែមទៀតថា ការតាំងពិព័រណ៍នេះបង្ហាញពីភាពស៊ីជម្រៅ និងទូលំទូលាយនៃឱកាសអប់រំជុំវិញពិភពលោក រួមទាំងអ្វីដែលអូស្ត្រាលីផ្តល់ជូនផងដែរ។ វាគឺជាវេទិកាដ៏ល្អបំផុតមួយសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកឱកាសទៅសិក្សានៅបរទេស។

លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថាព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិភពលោកដ៏ធំប្រចាំឆ្នាំនេះ ឆ្លុះបញ្ចាំងពីឥទ្ធិពលយ៉ាងសំខាន់ដែលអតីតសិស្ស និស្សិតមានលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញសម្រាប់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍នេះក៏ទទួលស្គាល់ការរួមចំណែករបស់ពួកគេនៅក្នុងវិស័យ និងជួររដ្ឋាភិបាល។ឆ្នាំនេះ ពួកយើងប្រារព្ធខួបអបអរសាទរនូវសេវាកម្មដាក់សិស្សឲ្យទៅសិក្សានៅក្រៅប្រទេស និងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ជាពិសេសទៅលើវិស័យអប់រំនៅបរទេស និងភាសាអង់គ្លេស។
លោកបានបន្ថែមថា ស្ថាប័នអប់រំ IDP Education ដោយមានការគាំទ្ររបស់លោកអ្នក និងបន្តបេសកកម្មរបស់យើង ក្នុងការភ្ជាប់សិស្សានុសិស្សឲ្យទទួលបានឱកាសសិក្សាប្រកបដោយគុណភាព និងលើកកម្ពស់គុណភាពធនធានមនុស្ស ព្រមទាំងពង្រឹងឲ្យមានអ្នកដឹកនាំជំនាន់ក្រោយ តាមរយៈការអប់រំអន្តរជាតិ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


