ព័ត៌មានជាតិ
សហគ្រាសឱសថប៉េប៉េអឹម បើកសិក្ខាសាលាដើម្បីលើកកម្ពស់វិស័យឱសថនៅកម្ពុជា
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ សហគ្រាសផលិតឱសថប៉េប៉េអឹម ដែលជាសហគ្រាសផលិត និងចែកចាយឱសថធំជាងគេនៅកម្ពុជា បានបើកសិក្ខាសាលាស្តីពី«ចក្ខុវិស័យឆ្ពោះទៅកាន់ការអភិវឌ្ឍវិស័យឱសថនៅកម្ពុជា» ដែលស្របពេលនឹងខួបលើកទី៦៣ នៃឱសថបំបាត់ការឈឺចាប់គីណាល់។

ថ្លែងបើកសិក្ខាសាលានេះ លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម និងជាប្រធានមូលនិធិគីណាល់ បានសម្ដែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរខួប ៦៣ឆ្នាំនៃឱសថបំបាត់ការឈឺចុកចាប់គីណាល់ ដែលជាឱសថទំនើបដំបូងគេរបស់កម្ពុជាដែលបង្កើតឡើងដោយលោកឱសថបណ្ឌិត កុក សុខគីម ចាប់តាំងពីឆ្នាំ១៩៦០។
បើតាមលោកឱសថបណ្ឌិត ហៃ លីអ៊ាង សិក្ខាសាលានៅថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យឱសថនៅកម្ពុជា ហើយក៏ដើម្បីរំលឹកនូវការចងចាំចំពោះលោកឱសថ បណ្ឌិត កុក សុខគីម ដែលបានផលិតថ្នាំគីណាល់នេះឡើង។

លោកឱសថបណ្ឌិត បានថ្លែងថា ដោយសារតែជំងឺរាតត្បាតកូវីដ១៩ បានតម្រូវឲ្យសហគ្រាសផលិតឱសថប៉េប៉េអឹមផ្អាកការជួបជុំនេះ អស់រយៈពេលពីរឆ្នាំជាប់ៗគ្នា ដោយមិនបានរៀបចំព្រឹត្តិការណ៍សាធារណៈ ដើម្បីប្រារព្ធខួបនេះទេ។ ហេតុដូច្នេះហើយដែលបានរាំងស្ទះដល់ការប្រកួតពានរង្វាន់គីណាល់ ដែលរៀបចំឡើងដោយមូលនិធិគីណាល់ ដើម្បីលើកទឹកចិត្តដល់ស្មារតីនៃការស្រាវជ្រាវ និងការច្នៃប្រឌិតក្នុងចំណោមនិស្សិតឱសថសាស្រ្ត។
លោកឱសថបណ្ឌិតមើលឃើញថា ភាពរាំងស្ទះក្នុងវិស័យដឹកជញ្ជូនដែលបណ្តាលមកពីជំងឺរាតត្បាតនេះក៏អាចបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ថ្នាំ និងរំខានដល់ខ្សែចង្វាក់ផលិតកម្មឱសថនៅកម្ពុជាផងដែរ។ ប៉ុន្តែយ៉ាងណាក្ដី លោកឱសថ បណ្ឌិត បានគូសបញ្ជាក់ថា បញ្ហាប្រឈមនេះ ក៏ជាមេរៀនដ៏សំខាន់បំផុតដែលត្រូវរៀនសូត្រ និងយកធ្វើជាបទពិសោធន៍ហើយត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឯករាជ្យភាពក្នុងវិស័យសុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា។

គួរជម្រាបថា សិក្ខាសាលាស្ដីពី «ចក្ខុវិស័យឆ្ពោះទៅកាន់ការអភិវឌ្ឍវិស័យឱសថនៅកម្ពុជា» ដែលរៀបចំឡើងដោយសហគ្រាសផលិតឱសថប៉េប៉េអឹម នៅថ្ងៃនេះ មានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសចំនួន ៣រូប រួមមាន៖ លោក ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត លោកស្រី តោ ពើទី សមាជិកក្រុមប្រឹក្សាមន្ទីរពិសោធន៍វេជ្ជសាស្រ្ត អាយ អេស ព្រីមៀម និងលោក សរ សំពិសិដ្ឋ ស្ថាបនិកឱសថស្ថានយើង ដែលធ្វើបទបង្ហាញ និងចែករំលែកនូវចំណេះដឹងទាក់ទងនឹងសុខភាពសាធារណៈ និងឱសថសាស្ត្រនៅកម្ពុជា។
ជាមួយគ្នានេះ មានការចូលរួមពីនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យពុទ្ធិសាស្រ្ត សាកលវិទ្យាល័យអន្តរជាតិ និងបុគ្គលិករបស់សហគ្រាសផលិតឱសថប៉េប៉េអឹម សរុបជិត៣០០នាក់៕



ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


