ព័ត៌មានជាតិ
អគ្គនាយកដ្ឋានកៅស៊ូនិងអង្គការ WWF-កម្ពុជា រួមគ្នាលើកកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ
អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអង្គការ WWF-កម្ពុជា បានរួមគ្នាសហការជាលើកដំបូង ក្នុងការកសាងដៃគូពហុភាគី សម្រាប់ការលើកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព និងតម្លាភាពក្នុងប្រទេសកម្ពុជា។

លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ មានប្រសាសន៍នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហការនេះថា “ការកសាងសមត្ថភាព និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករដាំកៅស៊ូ និងមន្ត្រីជំនាញផ្នែកកៅស៊ូ បូករួមទាំងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកៅស៊ូនេះ នឹងធ្វើឲ្យវិស័យកៅស៊ូក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព។” លោកបានបន្តថា ដើម្បីជាជំនួយស្មារតី ក្នុងការអនុវត្តផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព អគ្គនាយកដ្ឋានកៅស៊ូ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ WWF និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (CRRI) បានសហការបោះពុម្ពផ្សាយសៀវភៅណែនាំបច្ចេកទេសសម្រាប់ការអនុវត្តកសិកម្មល្អ (GAP) លើការយកផលទឹកជ័រកៅស៊ូ និងបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល បូករួមទាំងការបង្ហាញការអនុវត្ត ដើម្បីទទួលបានបទពិសោធន៍បច្ចេកទេស ដោយផ្ទាល់នៅតាមចម្ការកៅស៊ូគ្រួសារមួយចំនួន ផងដែរ ទៅដល់កសិករកៅស៊ូគ្រួសារចំនួន និងមន្ត្រីជំនាញផ្នែកកៅស៊ូរបស់រាជរដ្ឋាភិបាល សរុបចំនួន ៦០ នាក់ មកពីខេត្តចំនួន ២០ នៃប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ កសិករកៅស៊ូគ្រួសារ ចំនួន ១០០ នាក់ ដែលរស់នៅជុំវិញសហគមន៍តំបន់ការពារចំនួនប្រាំ នៅជិតដែនជម្រកសត្វព្រៃស្រែពកក្រោមការគាំទ្រដោយអង្គការ WWF បានចូលរួមក្នុងគម្រោងនេះរួចមកហើយ ហើយគម្រោងនឹងបន្តជំរុញការចូលរួមរបស់កសិករកៅស៊ូគ្រួសាររហូតដល់ ៣០០ គ្រួសារត្រឹមឆ្នាំ២០២២។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានឲ្យដឹងថា ការលើកកម្ពស់ផលិតកម្មកៅស៊ូគ្រួសារប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវខ្ពស់ តាមរយៈការអនុវត្តការគ្រប់គ្រងបច្ចេកទេសបានយ៉ាងល្អត្រឹមត្រូវ នៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជួយបង្កើតការងារនិងចំណូលដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ ផងដែរ តាមរយៈការប្រើប្រាស់ដីដាំកៅស៊ូ ដែលមានស្រាប់ឲ្យអស់សុពលភាព និងទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានបើកទំព័រថ្មីមួយទៀត សម្រាប់អង្គការ WWF-កម្ពុជា លើកិច្ចខិតខំប្រឹងប្រែងធ្វើការងារ ក្នុងភាពជាដៃគូជាមួយស្ថាប័នជំនាញនិងមានទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានឲ្យដឹងបន្ថែមថា អនុស្សរណៈយោគយល់នេះ គាំទ្រឆន្ទៈរួមគ្នា ក្នុងការបង្កើតឲ្យមានយន្តការភាពជាដៃគូពហុភាគី ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចចែករំលែកចំណេះដឹងនិងព័ត៌មានស្តីអំពីផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព ព្រមទាំងអាចចូលរួមក្នុងគោលនយោបាយជំរុញខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយចីរភាព ផងដែរ។ អនុស្សរណៈយោគយល់នេះ ក៏ផ្តល់ឱកាសក្នុងការកសាងសមត្ថភាព ក្នុងការអនុវត្តផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព ខណៈលើកកម្ពស់ការចូលរួមចំណែករបស់កសិករកៅស៊ូគ្រួសារក្នុងកិច្ចការពារធនធានធម្មជាតិក្នុងសហគមន៍របស់ពួកគេ៕
អត្ថបទ៖ វត្តី
សូមចុចអាន៖ ពោតក្រហមរក្សាតម្លៃលក់ចេញ ដែលធ្វើឲ្យកសិករដាំច្រើនសម្រាប់ទីផ្សារនាំចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៨ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


