Connect with us

ព័ត៌មានជាតិ

ក្រសួង​មហាផ្ទៃ ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​រៀបចំឲ្យមាន​ចំណត​យានយន្ត​សាធារណៈ និង​លើកទឹកចិត្ត​វិស័យ​ឯកជន​ចូលរួម​វិនិយោគ

បានផុស

នៅ

ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រៀបចំ​ឲ្យ​មាន​ចំណត​យានយន្ត​សាធារណៈ និង​លើកទឹកចិត្ត​ដល់​វិស័យ ឯកជន​ឱ្យ​ចូលរួម​វិនិយោគ​អភិវឌ្ឍ​ចំណត​យានយន្ត​សាធារណៈ ដើម្បី​កាត់បន្ថយ ការចត​យានយន្ត​តាម​ដងផ្លូវ​សាធារណៈ ហើយ​ការសាងសង់​សំណង់​នានា របស់​រដ្ឋ និង​ឯកជន ត្រូវមាន​ចំណត​យានយន្ត​ឱ្យបាន​គ្រប់គ្រាន់ បន្ត​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ និង​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ រួមទាំង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ និង​សុវត្ថិភាព​ចរាចរណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​បែបនេះ​ របស់​សម្ដេច​ក្រឡា​ហោម បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១០ មីនា ២០២៣ ខណៈ​សម្តេច​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​អនុវត្ត​ការងារ ឆ្នាំ​២០២៣ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

សម្ដេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសា​ស​ន៍​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​ពុះពារ អនុវត្ត​ឱ្យបាន​ល្អ​ក្នុង​ឆ្នាំ​២០២៣​នេះ ពិសេស​ចូលរួម​ធ្វើ​យ៉ាង​ណា​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ មាន​សុវត្ថិភាព និង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឱ្យ​ទទួលបាន​ជោគជ័យ​និង​មាន​សុវត្ថិភាព​។ ឆ្នាំ​២០២៣​នេះ រដ្ឋបាល​រាជធានី ភ្នំពេញ និង​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ ត្រូវខិតខំ​រួមគ្នា ពង្រឹង​ការគ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។ បង្កើន​ការផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណជន​ឱ្យមាន​ការយល់ដឹង និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើរ​ទន្ទឹមនឹង​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ រដ្ឋបាល​និង​វិធានការ​ច្បាប់​ចំពោះ​អ្នកប្រព្រឹត្ត​ល្មើសច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឺងម៉ាត់​។ ខិតខំ​រៀបចំ​ផ្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​តាម​ដងផ្លូវ​ឱ្យមាន​សណ្តាប់​-​ធ្នាប់​ល្អ ដោយ​ផ្តល់​អាទិភាព​ដល់​ការរៀបចំ​ភ្លើង និង​ផ្លាកសញ្ញា​ចរាចរណ៍​។

សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឲ្យ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​អនុម័ត​នូវ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២(២០២១-២០៣០) ដែល​ផ្ដោត​សំខាន់​ទៅលើ​ការបែងចែក​សិទ្ធិអំណាច តួនាទី និង​ការទទួលខុសត្រូវ រវាង​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​បន្ត​យកចិត្តទុកដាក់​គាំទ្រ និង​បង្ក​លក្ខណៈ ងាយស្រួល​ដល់​ការវិនិយោគ​ឯកជន​ធ្វើ​សកម្មភាព​ផលិតកម្ម អាជីវកម្ម​នានា​ស្រប តាម​គោលការណ៍​ច្បាប់​។​

ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចីរភាព​និង​ឆ្លាត​វៃ ដោយ​រាជធានី​ភ្នំពេញ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​ចម្បង​របស់​ជាតិ ។ បន្ត​យកចិត្តទុកដាក់​ពង្រឹង​ប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ វាយតម្លៃ ដើម្បី​ផ្តល់ ការគាំទ្រ​នានា​ដល់​យន្តការ​ច្រកចេញចូល​តែមួយ​គ្រប់​ថ្នាក់​ឱ្យ​ដំណើរការ ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​ទទួលបាន​ការគាំទ្រ​និង​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​សំណើ សំណូមពរ បណ្ដឹង និង​ការទាមទារ​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ។ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​មន្ដ្រីរាជការ បុគ្គលិក​ក្នុងការ​បំពេញការងារ​ឱ្យបាន ត្រឹមត្រូវ​តាម​ពេល​ម៉ោង​កំណត់។ ​ត្រូវខិតខំ​ធ្វើការ​បណ្តុះ​បណ្តាល​កសាង​សមត្ថភាព​ដល់​មន្ត្រីរាជកា​រ​គ្រប់ លំដាប់ថ្នាក់​នៃ​រាជធានី​ភ្នំពេញ និង​ជំរុញ​លើកទឹកចិត្ត​មន្ត្រី​ឱ្យធ្វើ​ការចូលរួម​ក្នុងការ អភិវឌ្ឍ​សមត្ថភាព ពិសេស​សមត្ថភាព​ខាង​ព័ត៌មានវិទ្យា និង​ឌីជីថល​ដើម្បី​ឈោង ចាប់យក​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

ក្នុង​ឱកាស​នោះ លោក​ឃួ​ង ស្រេង ក៏បាន​មានប្រសាសន៍​លើក​ឡើង​ថា អង្គសន្និបាត​២​ថ្ងៃនេះ បាន​ប្រើប្រាស់​វិធីសាស្ត្រ បែងចែក​ក្រុម​ពិភាក្សា ដោយ​ផ្តោតជាសំខាន់​ទៅលើ​ប្រធានបទ​ចំនួន ៥ ជា​លទ្ធផល​គឺ​បាន​ប្ដេជ្ញាចិត្ត​រួមគ្នា​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ដែល​អាច​កើតមាន និង​បាន​ឯកភាព​ទៅលើ​ទិសដៅ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឆ្នាំ​២០២៣ ។ ការគ្រប់គ្រង​សំណល់​ផ្សេងៗ ក្រៅពី​សំណល់​រឹង​-​សំរាម ក្រោយ​ការ​ធ្វើ​កំណែទម្រង់​ការគ្រប់គ្រង​សំណល់​រឹង​-​សំរាម នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ចំនួន ៣ បាន​នឹង​កំពុង​ប្រតិបត្តិការ​សេវា​ប្រមូល សម្អាត និង​ដឹក​ជញ្ជូន​សំរាម ជា​មធ្យម ក្រុមហ៊ុនប្រមូលសំរាម-សំណល់រឹងបានប្រមាណ ៣.៣០០តោន ក្នុងមួយថ្ងៃ ធ្វើឱ្យរាជធានីភ្នំពេញ លែងមាន ការកកស្ទះសំរាមនៅតាមដងផ្លូវ និងរក្សាបានអនាម័យ-បរិស្ថានទីក្រុងស្អាត។

អង្គសន្និបាត បានស្នើសុំពន្លឿនការរៀបចំរចនា សម្ព័ន្ធដឹកនាំ និងយន្តការការងាររបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង ជាមួយនឹងការពង្រឹងយន្តការគ្រប់គ្រងចំណូលពីវិស័យនេះ។ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បើទោះបីការដោះស្រាយនេះ មិនមែនជាការកាត់សេចក្តីចាញ់ឈ្នះក្តី ប៉ុន្តែ ជាការសម្រុះសម្រួលគូភាគីវិវាទ ដោយក្នុងឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ បានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសរុបចំនួន ១.៥៨៩ ករណី។

លោក​បន្ត​ថា ឈរ​លើ​មូលដ្ឋានពិសោធន៍នៃការរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ នៅ រាជធានីភ្នំពេញ ក្នុង​រយៈពេល​កន្លងមក​នេះ អង្គសន្និបាត បានយកបទពិសោធន៍ល្អៗ នៃការរៀបចំកិច្ចប្រជុំអន្ដរជាតិធំៗ នាពេលកន្លងមក សម្រាប់ធ្វើជាមូលដ្ឋាន និងបានដាក់ចេញនូវទិសដៅការងារបន្ត។

អង្គសន្និបាតបានដាក់ចេញនូវប្រតិបត្តិការព្រមៗគ្នា ដើម្បី​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការបន្តអនុវត្តយុទ្ធនាការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ រូមទាំងបទល្មើសផ្សេងទៀត ។ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ នៅរាជធានី ភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម