Connect with us

ព័ត៌មានជាតិ

សកម្មជន​យុវជន​គណបក្ស ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​សហគ្រិនភាព​

បានផុស

នៅ

ភ្នំពេញ​ ៖ សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​សហគ្រិនភាព​, គំនិត​ច្នៃប្រឌិត និង​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ តាមរយៈ​ការចូលរួមចំណែក​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ការ​លើក​ឡើង​របស់​ឯក​ឧ​ត្ត​ម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ខណៈ​ដែល​ឯកឧត្ដម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៨០០០​នាក់​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៣​នេះ។

ក្នុង​ឱកាស​នោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ពី​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មជន​យុវជន​គណបក្ស​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​វប្បធម៌​, សេដ្ឋកិច្ច និង​មនុស្សធម៌ ក៏ដូចជា​សកម្មភាព​ផ្សព្វផ្សាយ​អំពី​ស្នាដៃ និង​សមិទ្ធផល​នានា​របស់​គណបក្ស ដើម្បី​ធានា​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​យើង​អាច​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ក្នុងការ​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ជឿទុកចិត្ត សម្រាប់​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅរក​វឌ្ឍនភាព វិបុលភាព និង​សុខដុមរមនា ជានិច្ច​តទៅ​សម្រាប់​អ្នកជំនាន់ក្រោយ​គ្រប់​សម័យកាល​។

ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ការ​ជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំ​ប្រកបដោយ​ភាព​រីករាយ និង​ត្រជាក់ត្រជុំ​ក្នុងថ្ងៃនេះ ជាមួយនឹង​វត្តមាន​របស់​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រហូត​ប្រមាណ ៨,០០០ នាក់ គឺ​ពិត​ជាមាន​សភាព​ខុសពី​រយៈពេល​ជាង ២ ឆ្នាំមុន ដែល​ពេលនោះ​រាជធានី​ភ្នំពេញ​កំពុង​ត្រូវបាន​ញាំញី​ដោយ​ជំងឺ​កូ​វីដ​-១៩​។ ទីតាំង​កោះ​ពេជ្រ​នេះ​ផ្ទាល់ ត្រូវបាន​រៀបចំ​ជា​មណ្ឌល​ព្យាបាល​ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ រួមទាំង​បងប្អូន​នៅ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផងដែរ​។ យ៉ាងណាក៏ដោយ ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​របស់ សម្តេច​តេ​ជោ ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី និង​ដោយមាន​ការចូលរួម​ពី​កម្លាំង​សាមគ្គី​ជាតិ​ទាំងមូល សភាពការណ៍​អាសន្ន ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ដែល​ធ្វើឱ្យ​អត្រា​ស្លាប់មាន​កម្រិត​ទាប ហើយ​អាយុជីវិត​របស់​អ្នកជំងឺ​រាប់សែន​នាក់​ត្រូវបាន​សង្គ្រោះ ខណៈដែល​ជីវភាព​របស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ត្រូវបាន​ធានា​ការពារ និង​ស្តារ​ឱ្យមាន​លំនឹង​ឡើងវិញ​រួចផុត​ពី​វិបត្តិ។

ឯកឧត្ដម ក៏បាន​អរគុណ​ផង​ដែរ ចំពោះ​ការជ្រើសរើស​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកបដោយ​ក្តី​ស្រឡាញ់ និង​ជំនឿ​ជឿជាក់​មកលើ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​។ ពិតណាស់ ពាក្យ​ក្នុង ឬ​ក្រៅ​ប្រព័ន្ធ គឺ​គ្រាន់តែ​ជាការ​កំណត់​និយមន័យ​ជា​លក្ខណៈ​បច្ចេកទេស​សេដ្ឋកិច្ច​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គឺ​វិនិយោគិន​, ពាណិជ្ជករ​, អាជីវករ​, សិប្បករ​, កម្មករ​-​និយោជិត និង​សហគ្រិន​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ គឺ​សុទ្ធសឹង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដូចគ្នា​ទាំងអស់ និង​ជា​សមាជិក​-​សកម្មជន​គណបក្ស ដែលមាន​សិទ្ធិ និង​ការទទួលខុសត្រូវ​តែមួយ ហើយក៏​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​គិតគូរ​ជួយ​ទំនុកបម្រុង​គាំពារ​ដូចគ្នា​ផងដែរ ស្របទៅតាម​គោលនយោបាយ​ចំពោះ​វិស័យ​នីមួយៗ​។

ឯកឧត្ដម បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​បានផ្តល់​នូវ​ការ​គាំពារ និង​ការគាំទ្រ​ដល់​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​រួមមាន​ជាអាទិ៍​៖ ទី​១. ជីវភាព​ប្រកបដោយ​ក្តី​សុខសាន្ត​នៅក្នុង​សុខសន្តិភាព​, ទី​២. សន្តិសុខ​, សុវត្ថិភាព​, ស្ថិរភាព​សង្គម​, ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​សិទ្ធិសេរីភាព​លើ​ការប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​ច្បាប់​អនុញ្ញាត រួមទាំង​កា​អនុគ្រោះ​លើ​ការចំណាយ​ដើម្បី​បំពេញ​អនុលោមភាព​, ទី​៣. ឱកាស​ក្នុង​ការសិក្សា​រៀនសូត្រ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ទី​៤. ការផ្តល់​នូវ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ដើម្បី​ជួយ​កាត់បន្ថយ​ចំណាយ​លើ​ការព្យាបាល​ជំងឺ​, ទី​៥. ការ​គាំពារ​ផ្នែក​ច្បាប់ និង​ការពង្រឹង​អភិបាលកិច្ច​ល្អ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ និង​ទី​៦. ការលើកទឹកចិត្ត​ឱ្យចូល​រួម​ទៅក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​តាមរយៈ​ការរៀបចំ​យន្តការ​ចុះបញ្ជី និង​ការអនុគ្រោះ​ផ្សេងៗ ដើម្បី​ផ្តល់​ភាពស្របច្បាប់ និង​អត្ថប្រយោជន៍​នានា​។

គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែលមាន​ស្នាដៃ បទពិសោធន៍ និង​ការប្តេជ្ញាចិត្ត​ក្នុងការ​បម្រើ​ជាតិ និង​ប្រជាជន ដោយ​ឈរលើ​ស្មារតី និង​បុព្វហេតុ​ឥត​ងាករេ​គ្រប់​ជំនាន់ គឺ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ក្លាយជា​ប្រទេស​អ្នកមាន និង​ប្រជាជនមាន​ជីវភាព​ធូរធា​សម្បូរ​សប្បាយ​ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជំ​នៃ​សន្តិភាព​។ ដូច្នេះ សូម​សកម្ម​យុវជន​ទាំងអស់​បន្ត​ជឿទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​បក្ស ជាពិសេស​បន្តធ្វើ​អំពើ​ល្អ​បម្រើ​ប្រជាពលរដ្ឋ​ស្របតាម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម