ព័ត៌មានជាតិ
អ្នកស្រុកអង្គរ នៅតែពេញនិយមយកស្រទបចេកមកចាក់ជាក្បាច់សម្រាប់ប្រើក្នុងពិធីបុណ្យផ្សេងៗ
សៀមរាប៖ អ្នកស្រុកអង្គរ បានឲ្យដឹងថា ការយកដើមចេកមកឆ្លាក់រំលេចជាក្បូរក្បាច់រចនាសម្រាប់ជាគ្រឿងលម្អ គឺជាសិល្បៈយ៉ាងប្រណីត គឺនៅតែបន្តធ្វើជាហូរហែរច្រើនជំនាន់មកហើយ សម្រាប់ពិធីបុណ្យទានផ្សេងៗទៅតាមប្រពៃណី។

ពលរដ្ឋនៅតំបន់អង្គរ នៅតែចាត់ទុកការចាក់ក្បាច់លើស្រទបចេក ឬសិល្បៈចាក់ចេក ជាសិល្បៈយ៉ាងសំខាន់ស្ទើរខ្វះពុំបាន សម្រាប់រៀបចំទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប កន្លែងតម្កល់គម្ពីធម៌អាថ៌ រានពុទ្ធគុណ បុស្បុកឬក៏ទីតម្កល់ម្ឈូសសម្រាប់បូជាសពជាដើម។
លោក ជា វុធ អាយុ៤៤ឆ្នាំ ជាពលរដ្ឋម្នាក់ រស់នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលបានមកជួយចាក់ក្បាច់ស្រទបចេក ដើម្បីធ្វើបុណ្យបូជាសពសាច់ញាតិរបស់គាត់ បានឱ្យដឹងថា លោកមានជំនាញខាងសិល្បៈចាក់ស្រទបចេកនេះជាង២០មកហើយ ដោយបានរៀនសូត្រពីចាស់ព្រឹទ្ធាចារ្យ ចាស់ទុំនៅក្នុងភូមិ។ បន្ថែមពីលើនេះ លោកក៏បានទៅសង្កេតមើលក្បាច់នៅចម្លាក់តាមប្រាសាទនានាថែមទៀត ដូចជាប្រាសាទអង្គរវត្ត បន្ទាយស្រីជាដើម ដើម្បីយកមកច្នៃក្បាច់បន្ថែមទៅលើការងារឆ្លាក់នៅលើស្រទបចេក ឱ្យកាន់តែរស់រវើក និងរីកចម្រើន។
លោក ជា វុធ បានលើកឡើងទៀតថា ដើម្បីចាក់ស្រទបចេកជាក្បាច់បានល្អ គឺត្រូវការកាំបិតមុត ដើមចេកស្រឡូនមានស្រទបល្អច្រើន ឬស្សីសម្រាប់ដោតភ្ជាប់ក្បាច់ និងក្រដាសពណ៌។ ការចាក់ចេកទៀតសោត ក៏សម្របទៅតាមអាកាសធាតុដែរ បើរៀបចំកម្មវិធីបុណ្យទាននៅរដូវក្តៅ តម្រូវឱ្យអ្នកចាក់ក្បាច់ស្រទបចេក ត្រូវតែចាក់ដោយរហ័ស និងចាក់ក្បាច់ឱ្យមានរាងធំបន្តិច ដើម្បីបង្ការនៅពេលស្រទបចេកនោះស្វិត តែរក្សាទ្រង់ទ្រាយក្បាច់ល្អ។ ម្យ៉ាងទៀត អ្នកចាក់ស្រទបចេកអាចចាក់ភ្លាម រៀបចំកម្មវិធីភ្លាមៗក៏បានដែរ ដើម្បីរក្សាកុំឱ្យស្រទបចេកស្វិតទាន់។ លោក វុធ ឱ្យដឹងថា អ្នកភូមិពាម ហាក់មិនសូវជាពេញនិយមការរៀបចំតម្លើងរោងស្រាប់ ឬក្បាច់ព្រីន ដូចជាអ្នករស់នៅទីក្រុង ឬទីប្រជុំជនឡើយ។

អ្នកភូមិពាម គឺនៅតែនិយមលើសិល្បៈចាក់ចេកសម្រាប់តុបតែងរោងបុណ្យផ្សេងៗទៅតាមប្រពៃណីរបស់អ្នកភូមិតាមទម្លាប់ដូនតា។ លោក ជា វុធ ចង់ឱ្យកូនចៅជំនាន់ក្រោយ ជួយថែរក្សាក្បាច់ចាក់ចេកនេះ កុំឱ្យបាត់បង់ពីព្រោះវាជាកេរមរតកដូនតា ដែលមានជាយូរមកហើយ។
អ្នកភូមិគោកត្នោត ម្នាក់ទៀត ដែលមានជំនាញខាងសិល្បៈចាក់ក្បាច់លើស្រទបចេកជាង១៥ឆ្នាំមកហើយ លោក គី ក៏បានឱ្យដឹងដែរថា លោកចេះចាក់ក្បាច់លើស្រទបចេកនេះ ព្រោះតែការស្រលាញ់។ កាលពីជាង១៥ឆ្នាំមុន លោកបានឃើញចាស់ៗ ចាក់ក្បាច់នៅលើស្រទបចេកបានស្អាត រូបលោកក៏រៀនសូត្របន្ត។ លោក គី បានអធិប្បាយថា សិល្បៈចាក់ក្បាច់លើស្រទបចេកនេះ គេប្រើនៅក្នុងពិធីបុណ្យគ្រប់ប្រភេទ ដូចជា បុណ្យចម្រើនអាយុ បុណ្យបូជាសព បុណ្យដា បុណ្យបច្ច័យបួន ជាដើម គឺមានការតុបតែងលម្អដោយក្បាច់ចាក់ចេក។ ការប្រើក្បាច់ទៀតសោត មាន២ប្រភេទ តួយ៉ាងបុណ្យពុទ្ធាភិសេក គឺត្រូវប្រើក្បាច់ណាដែលមានសិរីសួស្តី ដូចជាក្បាច់ភ្ញីទេស ឬឯបុណ្យបូជាសពវិញ គេច្រើនប្រើភ្ញីភ្លើង ហើយអ្នកភូមិគោកត្នោតមិននិយមប្រើក្បាច់ដែលគេគូរស្រាប់ៗ ឬក្បាច់ស្មាច់នោះឡើយ។ មានក្បាច់ចម្លាក់ជាច្រើន ដែលអ្នកភូមិតែងយកមកប្រើ សម្រាប់ឆ្លាក់លើស្រទបចេក ដោយយកគំរូតាមប្រាសាទបុរាណ មកបូកផ្សំបញ្ចូលគ្នា។
អ្នកភូមិពាម និងភូមិគោកត្នោត ក្នុងតំបន់អង្គរ យល់ថា ការនៅតែប្រតិបត្តិសិល្បៈចាក់ចេក ដែលបន្សល់ទុកពីដូនតារបស់ពួកគាត់ គឺនៅតែរឹងមាំ ហើយថែមទាំងអាចឈានទៅរកគំនិតច្នៃប្រឌិតកាន់តែច្រើនជាងមុនផង ពីព្រោះអ្នកដែលមានចំណេះដឹងសិល្បៈចាក់ចេកជំនាន់ក្រោយៗ មានគំនិតកែច្នៃបន្ថែមយ៉ាងសម្បូរបែបធ្វើឱ្យអ្នកភូមិកាន់តែពេញចិត្ត។ បច្ចុប្បន្ននេះ នៅតាមផ្ទះនីមួយៗក្នុងភូមិពាម ភូមិគោកត្នោត គឺដាំដើមចេកគ្រាប់ជាច្រើននៅតាមផ្ទះនីមួយៗ ដើម្បីយកទៅចាក់ចេកសម្រាប់ប្រើប្រាស់នៅក្នុងពិធីបុណ្យទានផ្សេងៗ៕
អត្ថបទ៖ ជុន កុសល

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


