Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន រំលឹកថា សម្ដេចបានជួបលោក Anwar Ibrahim តាំងពីឆ្នាំ ១៩៩៦មកម្លេះ

បានផុស

នៅ

មានរយៈពេល ២៧ឆ្នាំហើយ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្គាល់គ្នាជាមួយលោក Anwar Ibrahim ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ នេះជាការថ្លែងរំលឹករបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយសមភាគីគឺលោក Anwar Ibrahim នៅព្រឹកថ្ងៃច័ន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្ដេច និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងភរិយារបស់លោក មិនមែនទើបតែស្គាល់គ្នានាពេលនេះ ពោលគឺតាំងពីឆ្នាំ ១៩៩៦មកម្លេះ។ «អនុស្សាវរីយ៍ គួរឲ្យចងចាំបំផុត គឺការរៀបចំនូវបាយមួយពេល នៅឯកូឡាឡាំពួរក្នុងឆ្នាំ ១៩៩៦ រយៈពេល ២៧ឆ្នាំក្រោយ យើងបានជួបគ្នាឡើងវិញ នៅក្នុងភ្នំពេញ»។ នេះជាការថ្លែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅចំពោះមុខសមភាគី គឺលោក Anwar Ibrahim។

ឆ្លៀតនៅក្នុងឱកាសនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមអបអរសាទរជាថ្មីម្ដងទៀត ចំពោះការជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីរបស់លោក Anwar Ibrahim ហើយសម្ដេចតេជោ ក៏បាននាំយកនូវពាក្យផ្ដាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះភរិយារបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងឲ្យដឹងបែបនេះថា «ឯកឧត្ដម (លោក Anwar Ibrahim) មានភរិយាដ៏គួរឲ្យគោរព ហើយភរិយារបស់ឯកឧត្ដម និងភរិយារបស់ខ្ញុំមានជោគវាសនាប្រហាក់ប្រហែលគ្នា នៅពេលដែលប្ដីកំពុងតែជួបការលំបាក ភរិយាត្រូវទទួលនូងអំរែកទាំងឡាយ ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំបែកគ្នា រហូតទៅដល់កូនហៅពូ»។

ចំណែកលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ បានថ្លែងអំណរគុណជូនពោះសម្ដេចតេជោ ហ៊ុន សែន​ ដែលបានទទួលស្វាគមន៍រូបលោក។ ជាមួយគ្នានេះ លោកក៏ទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន​​ ទៅកាន់ប្រទេសម៉ាឡេស៊ី ហើយទទួលទានអាហារពេល​ល្ងាចជាមួយគ្នា ជាថ្មីម្ដងទៀត។

សូមជម្រាបថា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣នេះ បានចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដំណើរទស្សនកិច្ចរបស់លោក Anwar Ibrahim នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយ នឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជារួមចំណែកដល់ការបន្តការអភិវឌ្ឍ និងវិបុលភាពរបស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម