ព័ត៌មានជាតិ
សម្តេចតេជោ រំលឹកមូលហេតុនាំឲ្យបើកវគ្គបណ្តុះបណ្តាលអាចារ្យ អាចារិនីទូទាំងប្រទេស
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រនៅព្រឹកនេះ សម្តេចតេជោហ៊ុន សែន បានរំលឹកមូលហេតុដែលនាំឲ្យមានការបើកវគ្គបណ្ដុះបណ្ដាលអាចារ្យ អាចារិនីទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមដំបូងកើតចេញពេលដែលសម្តេចចូលរួមក្នុងកម្មវិធីមង្គលការកូនរបស់មន្រ្តីជាន់ខ្ពស់គឺលោក យឹម ឆៃលី ពេលនោះសម្ដេចឃើញអាចារ្យបានអនុវត្តពិធីខុសឆ្គងមួយចំនួន ហើយដែលសម្តេចយល់ឃើញថា ជាវិបត្តិអាចារ្យហើយដល់ពេលត្រូវបើកការបណ្ដុះបណ្ដាលដល់អាចារ្យអាចារិនីឲ្យបានត្រឹមត្រូវ ចៀសវាងការអនុវត្តខុសក្បួនច្បាប់ពីបុរាណ។

«ក្នុងមង្គលការកូនលោក យឹម ឆៃលី ខ្ញុំបានចូលរួមឃើញអាចារ្យតាំងពីផ្តើមពិធីដល់ចប់ពិធីភ្លេចវាយឃ្មោះនាំឲ្យលើកជាចម្ងល់ ដោយសារអាចារ្យនោះភ្លេចឬយ៉ាងណា»។
សម្តេចបន្តថា ក្នុងពិធីមង្គលការផ្សេងៗ ក៏ឃើញមានការអនុវត្តផ្ទុយគ្នាមួយចំនួនដូចជាការផ្ទឹមកូនកម្លោះនៅខាងឆ្វេងឬនៅខាងស្តាំ ក៏អនុវត្តមិនស្របគ្នាដែរ។ អាចារ្យខ្លះតែងតែទម្លាប់ដាក់កូនប្រុសនៅខាងស្តាំ ខណៈអាចារ្យខ្លះដាក់កូនប្រុសនៅខាងឆ្វេង។
សម្តេចបន្តថា នៅមានពិធីបុណ្យផ្សេងទៀត ដូច្នេះការរៀបចំបណ្តុះបណ្តាលដល់អាចារ្យ អាចារិនីគឺដើម្បីតម្រង់ទិសបន្ថែមដល់អាចារ្យ-អាចារិនីឱ្យកាន់តែមានចំណេះដឹងទូលំទូលាយ លើការអនុវត្តស្របទៅនឹងក្បួនច្បាប់ដែលបានកំណត់ទុកពីបុរាណ។

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានឲ្យដឹងថា បច្ចុប្បន្នក្រសួងបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរបានចំនួន ៤០ វគ្គ រួចមកហើយ និងមានសិក្ខាកាមជាអាចារ្យ-អាចារិនី ចូលមកសិក្សាចំនួន ១១,៥៧៣រូប ក្នុងនោះព្រះសង្ឃ ៧៤៦អង្គ ស្រ្តី ១៦៣ រូប។
បើតាមលោក ឈិត សុខុន សិក្ខាកាមដែលបានចូលរួមទទួលបានអត្ថប្រយោជន៍និងបានដោះស្រាយនូវចម្ងល់ដែលមានលក្ខណៈផ្សេងៗគ្នាតាមតំបន់នីមួយៗ ពង្រឹងការប្រណិប័តន៍ឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ច រួមទាំងទទួលបានចំណេះដឹង បទពិសោធល្អៗពីឧទ្ទេសាចារ្យ ឯកសារក្បួនច្បាប់ច្បាស់លាស់ត្រឹមត្រូវ សម្រាប់យកទៅប្រតិបត្តិនិងផ្សព្វផ្សាយបន្តលើការដឹកនាំពុទ្ធសាសនពិធីនានា និងពិធីមង្គលផ្សេងៗ។
លោករដ្ឋមន្ត្រីបន្តថា ក្រោយពីបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវកម្រងឯកសារនានាទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់របស់ជាតិ សង្កេតឃើញថា រាល់ការប្រារព្ធពិធីកម្មសាសនា និងពិធីមង្គលផ្សេងៗ មានការកែលម្អពីសំណាក់អាចារ្យ អាចារិនី និងពុទ្ធបរិស័ទទូទាំងប្រទេសបានយ៉ាងល្អប្រសើរ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


