ព័ត៌មានជាតិ
ព្យុះភ្លៀងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បង្កឲ្យលិចទូក និងខូចខាតផ្ទះពលរដ្ឋជិត ៣០០ ខ្នង
តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ១៦ ខែមេសានេះ មានព្យុះភ្លៀងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងមកលើទឹកដីខេត្តស្ទឹងត្រែង បង្កឲ្យមានទូកប្រជាពលរដ្ឋលិចពេលឆ្លងកាត់ទន្លេមេគង្គ បណ្ដាលឲ្យស្លាប់ម្នាក់ ,ផ្ទះ ២៦៩ ខ្នង រងការខូចខាត ,និងកុមារម្នាក់រងរបួសផងដែរ។

របាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានបញ្ជាក់បន្ថែមថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០៧ យប់ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ត្រូវនឹងថ្ងៃចូលឆ្នាំទី ២ បង្កផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ នៅស្រុកសេសាន ១១២ ខ្នងផ្ទះ -ស្រុកថាឡាបរិវ៉ាត់ ២៩ ខ្នងផ្ទះ -ក្រុងស្ទឹងត្រែង ២០ ខ្នងផ្ទះ -ស្រុកបុរីអូរស្វាយសែនជ័យ ៤៨ ខ្នងផ្ទះ -ស្រុកសៀមបូក ៤៦ ខ្នងផ្ទះ និងលិចទូកមួយករណី ស្លាប់មនុស្សម្នាក់ ឈ្មោះ ម៉ៅ វណ្ណដា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ-ឃុំកោះព្រះ ស្រុកសៀមបូក។

លោក ឡុង ថា មេឃុំកោះព្រះ បានបញ្ជាក់ថា សមត្ថកិច្ចបានជួយតាមរកសពជនរងគ្រោះដែលបានបើកទូកឆ្លងកាត់ទន្លេមេគង្គ ត្រូវខ្យល់ព្យុះបក់បោកពន្លិច ដែលក្នុងហេតុការណ៍លិចទូកនេះ ជួយសង្គ្រោះបានមនុស្ស ២ នាក់ និងម្នាក់ឈ្មោះ ម៉ៅ វណ្ណដា ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវបានលង់ទឹកស្លាប់។

ដោយឡែក លោក ទួន ផូ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានបញ្ជាក់ដែរថា គ្រោះធម្មជាតិនេះមិនមានឲ្យសញ្ញាអ្វីឲ្យដឹងមុនទេ ស្រាប់តែនៅសុខៗ មានខ្យល់បក់បោកខ្លាំងមកតែម្ដង ហាក់ដូចជាមានគំនុំខឹងនឹងអ្វីមួយ បង្កឲ្យពលរដ្ឋភ័យខ្លាច នៅក្រោយទេវតាឆ្នាំថ្មី ព្រះនាងកិមិរាទេវីយាងចុះមកបានតែ ១៥ ម៉ោងប៉ុណ្ណោះ។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានអំពាវនាវក្នុងហេតុការណ៍ករណីគ្រោះធម្មជាតិនេះ ទោះបីជាយ៉ាងណា សូមប្រជាពលរដ្ឋលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ដោយថែរក្សាសមាជិកក្រុមគ្រួសារនិមួយៗ ឲ្យមានសុវត្ថិភាព។

សូមបញ្ជាក់ថា នេះជាលើកទីមួយហើយដែលគ្រោះធម្មជាតិបានវាយប្រហារស្ទើរតែគ្រប់ក្រុង-ស្រុក មកលើខេត្តស្ទឹងត្រែង បង្កឲ្យផ្ទះប្រជាពលរដ្ឋ ២៦៩ ខ្នងផ្ទះ រងការខូចខាត បង្ករបួសស្នាមដល់មនុស្ស និងបក់បោកពន្លិចទូកបណ្ដាលឲ្យស្លាប់មនុស្ស ក្នុងពេលដែលរដូវវស្សាជិតឈានចូលមកដល់៕
អត្ថបទ ៖ ងិន លីម



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


