ព័ត៌មានជាតិ
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា មានសន្ទុះងើបឡើងវិញពេញទំហឹងដោយពឹងលើផ្នែកសេវាកម្ម និងកសិកម្ម
ធានាគារពិភពលោក បានបញ្ជាក់តាមរយៈរបាយការណ៍ នៅថ្ងៃទី ១៨ ឧសភា ថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះ ទៅការស្តារឡើងវិញពេញទំហឹង ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។

ធានាគារពិភពលោក ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២កន្លងទៅ មានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥.២ភាគរយ។ សន្ទុះងើបឡើងវិញ ក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ ទៅរកកម្រិតកំណើនដែលធ្លាប់មានកាល ពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះ ការមកដល់នៃភ្ញៀវបរទេស មានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញ ក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោកផងដែរ។ ដោយឡែក វិស័យកសិកម្មរបស់កម្ពុជា កំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារ ក្នុងតំបន់កាន់តែច្រើន បន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥.៥ភាគរយ។
ចំណែក ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេស នឹងអាចធ្វើឲ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ លើសកលលោក អាចបង្កហានិភ័យមួយ ដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដែលមានការពឹងអាស្រ័យខ្លាំង លើទុនមកពីក្រៅសម្រាប់វិនិយោគ។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ដើម្បីរក្សាឲ្យបាននូវដំណើរងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ ឲ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយ ឲ្យកាន់តែរលូនថែមទៀត»។
សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនដល់៦ភាគរយ ដោយមានការទ្រទ្រង់ពីសំណាក់ សន្ទុះស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងពីសំណាក់ការកើនឡើង នៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រ និងផ្លូវជាដើម។
របាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងទៀតថា កម្ពុជា អាចជំរុញកំណើននេះបានតាមរយៈការវិនិយោគលើតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន។
មានផ្នែកមួយ ដែលផ្ដោតសំខាន់ទៅលើការពិនិត្យលទ្ធភាព ដែលកម្ពុជាអាចធ្វើបាន ក្នុងការបង្កើនការចំណាយសាធារណៈ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសទៅលើវិស័យសុខាភិបាល និងអប់រំ ប៉ុន្តែរបាយការណ៍ ក៏ធ្វើការកត់សម្គាល់ដែរថា ចាំបាច់ត្រូវបង្កើនការចំណាយនោះថែមទៀត។ ការផ្តោតការយកចិត្តទុកដាក់ទៅលើប្រសិទ្ធផលផ្នែកបែងចែក និងផ្នែកប្រតិបត្តិការរបស់ធនធាន អាចជួយបានក្នុងការឆ្លើយតបចំពោះបញ្ហា នៃការដាក់ពង្រាយមិនស្មើភាពគ្នានៃគ្រូបង្រៀន និងចំពោះបញ្ហានៃកង្វះភាពទុកចិត្តរបស់សាធារណជន ទៅលើសេវាសុខាភិបាលក្នុងស្រុក។
បច្ចុប្បន្នភាពសេដ្ឋកិច្ច ផ្ដោតសំខាន់លើការវិវត្តនៃសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដងក្នុងមួយឆ្នាំ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ