ព័ត៌មានជាតិ
ខេត្តប៉ៃលិន គ្រោងដាំដើមផ្កាក្ងោក ១ ពាន់ដើមបន្ថែម លើកកម្ពស់សោភ័ណភាព ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ
រដ្ឋបាលខេត្តប៉ៃលិន គ្រោងនឹងដាំដើមផ្កាក្ងោក ចំនួន ១ ពាន់ដើមបន្ថែម ដើម្បីលើកកម្ពស់សោភ័ណភាពស្រស់បំព្រង សំដៅទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្ត ឲ្យបានកាន់តែច្រើនឡើង។

ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យមើលដើមផ្កាក្ងោក ចំនួន ៨០០ ដើម ដែលរដ្ឋបាលខេត្តបានដាំរយៈពេលជាង ២ ឆ្នាំ នៅអមតាមដងផ្លូវនានាក្នុងខេត្ត កាលពីចុងខែឧសភានេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា «នៅថ្ងៃអនាគត កូនឈើ និងដើមផ្ការាប់ពាន់ដើម នឹងត្រូវបានដាំតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះអំពាវនាវឲ្យមានការ ចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយរួមគ្នាថែទាំ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត»។

លោកស្រីអភិបាលខេត្ត បានបន្តថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឲ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែក បរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិនឲ្យបានកាន់តែច្រើនឡើង។ ក្នុងនោះ ជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។

លោកស្រីអភិបាលខេត្ត បានបន្តទៀតថា «ជាក់ស្ដែងនៅថ្ងៃនេះ ខ្ញុំ បានដឹកនាំក្រុមការងារចុះពិនិត្យមើលដើមផ្កាក្ងោក ចំនួន ៨០០ ដើម ដែលរដ្ឋបាលខេត្តបានដាំរយៈពេលជាង ២ ឆ្នាំ នៅអបតាមដងផ្លូវនានា ក្នុងខេត្ត ហើយបច្ចុប្បន្នកំពុងតែបញ្ចេញសម្រស់ និងសោភ័ណភាពជាបណ្តើរៗ និងសង្ឃឹមថា នៅឆ្នាំក្រោយ ដើមផ្កាក្ងោក នេះ កាន់តែបញ្ចេញសម្រស់ស្រស់ស្អាតពាសពេញទីរួមខេត្ត»។

លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្ត គ្រោងដាំដើមផ្កាក្ងោកនេះ ចំនួន ១០០០ ដើម បន្ថែមទៀតផងដែរ នៅតាមទីសាធារណៈ និងអមសងខាងដងផ្លូវនានា។

លោកស្រីអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្ត្រីជំនាញ និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែរក្សាបរិស្ថានល្អ ជាពិសេសផ្នែកអនាម័យ សំរាម បានយ៉ាងល្អស្អាត សក្ដិសមជាទីក្រុងស្អាតគំរូ ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៏ល្អប្រពៃផូរផង់នេះជារៀងរហូត ដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពមាំមួន៕
អត្ថបទ ៖ សំអឿន



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


