ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ «មន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ ត្រូវពន្លឿនដោះស្រាយ ករណីសេសសល់របស់ពលរដ្ឋ»
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រី ឲ្យបន្តខិតខំពន្លឿនការដោះស្រាយរាល់បញ្ហា និងករណីសេសសល់របស់ប្រជាពលរដ្ឋ ដែលសំណូមពរ ឬមតិយោបល់ ចូលក្នុងផេកហ្វេសប៊ុករបស់សម្ដេច ដោយត្រូវប្រាកដថា ដំណោះស្រាយនោះគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ នេះថា ចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមការងារបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣៩៧គណនី។

សម្ដេចក្រឡាហោម សរសេរទៀតថា ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ១៣២ គណនី និងកំពុងដោះស្រាយចំនួន ១៨១ គណនី។ ទន្ទឹមនេះ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី។

សម្ដេចក្រឡាហោម សរសេរបន្តទៀតថា បើគិតពីខែកក្កដា ឆ្នាំ ២០២០ ដល់ខែមិថុនា ឆ្នាំ ២០២៣ ក្រុមការងារ បានទទួលមតិយោបល់ សំណើ សំណូមពរ និងបញ្ហានានា ចំនួន ៣.៧៧៧ គណនី។ ក្នុងនោះ ដោះស្រាយឆ្លើយតប ២.២៦៦ គណនី និងកំពុងពិនិត្យដោះស្រាយ ៤៥៥ គណនី។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «វឌ្ឍនភាពជាបន្តបន្ទាប់ នៃការងារនេះ អាចសម្រេចបាន ក៏ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អ រវាងថ្នាក់ដឹកនាំ និងមន្ត្រី ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយអាស្រ័យលើករណីខ្លះ ទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី។
សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់។ សម្ដេចក្រឡាហោម សង្កត់ធ្ងន់ថា «ត្រូវប្រាកដថា ដំណោះស្រាយនោះ មានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល»។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានលើកជាមតិយោបល់ និងសំណូមពរនានា មកកាន់ សម្ដេច តាមរយៈទំព័រហ្វេសប៊ុក ដើម្បីដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ៕
អត្ថបទ៖ ពិសី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


