Connect with us

ព័ត៌មានជាតិ

ពលរដ្ឋបារម្ភបឹងតាកែវរួមតូច ខណៈអាជ្ញាធរថា ការចាក់ដីធ្វើវេទិកាអុំទូក និងសួនកម្សាន្តសាធារណៈ

បានផុស

នៅ

ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តតាកែវ បានបង្ហាញការព្រួយបារម្ភ និងលើកជាសំណួរពាក់ព័ន្ធនឹងសកម្មភាពចាក់ដីចូលផ្ទៃបឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ដោយបារម្ភថា អាចធ្វើឱ្យផ្ទៃបឹងដែលមានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ទឹក និងរក្សាបរិស្ថានរបស់ក្រុង កាន់តែរួមតូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីប្រជាពលរដ្ឋសង្កេតឃើញមានការចាក់ដីលុបផ្នែកខ្លះនៃបឹងនាពេលថ្មីៗនេះ ដើម្បីរៀបចំផ្លូវចូលទៅកាន់តំបន់អតីតសាលានយោបាយ ដែលពីមុនជាផ្ទៃបឹង។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគួរតែមានតុល្យភាពជាមួយការអភិរក្សធនធានធម្មជាតិ ដោយសារបឹងតាកែវមិនត្រឹមជាប្រភពទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ផ្នែកបរិស្ថាន និងសោភ័ណភាពទីក្រុងផងដែរ។

ជុំវិញក្តីកង្វល់នេះ លោក ឱក សុវណ្ណា អនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានបញ្ជាក់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ការចាក់ដីនៅផ្នែកខាងលិចបឹង គឺជាគម្រោងរបស់រដ្ឋបាលខេត្ត ដើម្បីសាងសង់វេទិកាសម្រាប់រៀបចំកម្មវិធីប្រណាំងទូកក្នុងពិធីបុណ្យអុំទូក និងរៀបចំជាសួនកម្សាន្តសាធារណៈសម្រាប់ប្រជាពលរដ្ឋ។

លោកបន្តថា ការបញ្ជាក់នេះ គឺផ្អែកលើព័ត៌មានដែលលោកទទួលបានក្នុងកិច្ចប្រជុំស្តាប់បទបង្ហាញអំពីផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តតាកែវ។ យ៉ាងណាក្តី ប្រជាពលរដ្ឋនៅតែស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្ហាញព័ត៌មានលម្អិតអំពីគម្រោងនេះ រួមទាំងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងវិធានការការពារផ្ទៃបឹង ដើម្បីធានាថាការអភិវឌ្ឍមិនប៉ះពាល់ដល់ប្រភពទឹក និងផលប្រយោជន៍រយៈពេលវែងរបស់សហគមន៍៕

អត្ថបទ: វិរះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម