Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រៀមលក្ខណៈជួយពលរដ្ឋនៅតាមតំបន់ព្រំដែន

បានផុស

នៅ

រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានណែនាំដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ឱ្យពង្រឹងគុណភាព ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន និងត្រៀមលក្ខណៈគាំទ្រដល់ពលរដ្ឋ ដែលត្រូវធ្វើការចល័តទីតាំង ទៅទីកន្លែងមានសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅគ្រប់កម្រិតមណ្ឌលសុខភាព ដល់មន្ទីរពេទ្យជាតិ ខេត្ត ស្រុក ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងតាមប្រព័ន្ធ Zoom មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កាលពីរសៀលទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។

បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដោយត្រូវរៀបចំផែនការ និងសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យបានសេវាថែទាំសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ព្រំដែន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌។ ព្រមទាំង ត្រៀមលក្ខណៈក្នុងការគាំទ្រដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើការចល័តទីតាំង ទៅទីកន្លែងមានសុវត្ថិភាព ដោយត្រៀមរៀបចំនូវស្បៀងអាហារ ឱសថ ទឹកស្អាត មុង ក្រមា និងសម្ភារ ឱសថប្រើប្រាស់សំខាន់ ជាពិសេសជំងឺឆ្លងផ្សេងៗ។

ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៀត នូវការបម្រើសេវាពិនិត្យ និងព្យាបាល នៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ជាពិសេសនៅតាមតំបន់ព្រំដែន។ ធ្វើការសហការជាមួយមន្រ្តីរដ្ឋបាលរាជធានី ខេត្ត គ្រប់លំដាប់ថ្នាក់ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដោយស្មារតីសាមគ្គី។ រក្សានូវការទំនាក់ទំនងគ្នា និងផ្តល់ព័ត៌មានជូនក្រុមការងារឱ្យបានជាប់ជានិច្ច ដើម្បីទទួលបានកិច្ចអន្តរាគមន៍ទាន់ពេលវេលា នៅពេលចាំបាច់។ រៀបចំផែនការសកម្មភាព និងបត់បែនទៅតាមសភាពការជាក់ស្តែង ស្របតាមពេលវេលា និងធនធានដែលមាន ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធភាព។

លើសពីនេះ នៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ត្រូវត្រៀមនូវការសង្រ្គោះបន្ទាន់ គ្រូពេទ្យប្រចាំការ ការរៀបចំសម្ភារបរិក្ខារពេទ្យ ការផ្គត់ផ្គង់ឱសថ និងឈាម សម្រាប់ត្រៀមក្នុងជួយសង្រ្គោះអាយុជីវិត ក្នុងករណីមានការកើតឡើងមួយជាយថាហេតុ ដើម្បីធានាការបម្រើសេវាសុខាភិបាលដល់ប្រជាជន និងពលករដោយការយកចិត្តទុកដាក់ខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម