Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសេសានឱ្យមេក្លោងកាប់ព្រៃរានយកដីព្រៃចូលខ្លួនមកស្រោះស្រាយផ្លូវច្បាប់

បានផុស

នៅ

គណៈបញ្ជាការឯកភាពស្រុកសេសានខេត្តស្ទឹងត្រែងប្រកាសឱ្យមេក្លោងដែលបានកៀរគរកម្លាំងប្រជាពលរដ្ឋលួចកាប់ព្រៃរានយកដីព្រៃធ្វើជាកម្មសិទ្ធ នៅចំណុចតំបន់អភិរក្សភ្នំក្រឡាពស់ ក្នុងភូមិសាស្ត្រ ទឹកដីក្នុងឃុំតាឡាត ចូលខ្លួន​មកដោះស្រាយតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ អាជ្ញាធរស្រុក និងមន្ត្រីបរិស្ថានមានវិធានការបន្ថែមទៀតទៅលើ​ជនសង្ស័យ ដែលកៀរគរប្រជាពលរដ្ឋចូលទៅធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ហើយដុតព្រៃរានយកដីនាំគ្នាដាំណាំផ្សេងៗ និងលួចសាងសង់ផ្ទះស្នាក់នៅក្នុងព្រៃ ហើយចាប់បង្ខំឱ្យអាជ្ញាធរវាស់វែងឱ្យ។

លោកបន្តថា៖ នេះជាទង្វើខុសច្បាប់ ហើយបងប្អូនបានធ្វើកិច្ចសន្យាបញ្ឈប់ការកៀរគរកម្លាំង និងនាំគ្នាចាកចេញពីតំបន់អភិរក្សនេះ តែក្នុងរយៈពេលជាងមួយខែហើយ មិនអនុវត្តតាមកិច្ចសន្យាទេ អាជ្ញាធរ និងកសាងសំណុំរឿងសាជាថ្មី   ដាក់បញ្ជូនទៅតុលាការ។

លោកបន្តថា៖ ចំណែកប្រជាពលរដ្ឋក្រីក្រពិតប្រាកដ សូមមកជួបលោកមេភូមិមេឃុំ ដាក់ពាក្យស្នើសុំដីធ្លីទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអាជ្ញាធរខេត្ត និងដោះស្រាយជូនត្រឹមត្រូវតាមនិតិវិធី។

លោក មួន ភីត មេឃុំតាឡាតបានបញ្ជាក់ថា៖ ប្រការនេះអាជ្ញាធរភូមិ ឃុំបានធ្វើការផ្សព្វផ្សាយរួចមកហើយតែបងប្អូនដែលលួចចូលទៅរស់នៅរាយប៉ាយទាំងនោះ មិនបានមកជួបអាជ្ញាធរទេ ទោះបីបានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចរួចមកហើយក៏ដោយ។

លោក ទូច វិចិត្រ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ ប្រចាំនៅរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តឃុំ តាឡាត ស្រុកសេសាន បានបញ្ជាក់ថា៖ មុខសញ្ញាទាំងនេះសុទ្ធតែជនជាតិខ្មែរឥស្លាម  ដែលមកពីបណ្តាខេត្តផ្សេងៗពីគ្នាដូចជា ក្រចេះ ត្បូងឃ្មុំ និងស្ទឹងត្រែងផងដែរ។

លោកបន្តថា៖ អ្នកដែលបានធ្វើកិច្ចសន្យាហើយនេះ រួមនិងមេក្លោងផង ត្រូវចូលខ្លួនមកដោះស្រាយ ហើយបញ្ឈប់សកម្មភាពរបស់ខ្លួន បើមិនអនុវត្តតាមទេនិងប្រឈមចំពោះមុខច្បាប់ដោយមិនមានការលើកលែងឡើយ។

សូមបញ្ជាក់ថា៖ ផ្ទៃដីភ្នំក្រឡាពស់ មានទំហ៊ំ ១១០.៦៥១ ហិកតា ហើយទីតាំងនេះ មានមេក្លោងគៀងគរខ្មែរអ៊ីស្លាមចូលទៅកាប់ព្រៃរានយកដី និងលួចសាងសង់ផ្ទះរស់នៅបែបអនាធិបតេយ្យតែម្តង ទើបអាជ្ញាធរមានវិធានការ និងបញ្ជូនសំណុំរឿងទៅតុលាការ៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម