Connect with us

ព័ត៌មានជាតិ

៥ ឆ្នាំនេះ អគារ​​ក្រសួង​រដ្ឋថ្មីៗ​សាងសង់​ឡើង​កាន់​តែ​​ទំនើប​ កម្ពស់​រាប់សិប​ជាន់​

បានផុស

នៅ

ប៉ុន្មានឆ្នាំនេះ​ឃើញ​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​លើ​ការ​សាងសង់​អគារក្រសួង​ថ្មីៗ​កម្ពស់​រាប​សិប​ជាន់ក្នុងនោះមានដូចជា​ទីស្តីការ​ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការពារជាតិ និង​ក្រសួង​មហាផ្ទៃ​ជា​ដើម។

.ក្រសួង​មហាផ្ទៃ

អគារ​ក្រសួង​មហា​ផ្ទៃថ្មី បាន​សាងសង់​​ឡើង​នៅ​លើ​ទីតាំង​ចាស់តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​។ គិតមកដល់ពេលនេះដំណើរការ​សាងសង់​មានរយៈពេលជាង ១ ​ឆ្នាំ ហើយ​គ្រោង​បញ្ចប់នៅខែសីហា ឆ្នាំ​២០២៣​។

​អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះមានផ្ទៃក្រឡាធំ បើ​ប្រៀបធៀប​សំណង់​អគាររដ្ឋ​ផ្សេង​ទៀត។ សាងសង់ឡើង​ចំណាយ​ថវិកា​​ប្រមាណ ៦០ លានដុល្លារអាមេរិក មានកំពស់ ៩ ជាន់ អគារ​ក្រសួងមហាផ្ទៃថ្មី​ ​រចនា​ឡើង​តាម​លំនាំ​ប្រាសាទអង្គវត្ត​កំពូលប្រាំ ដោយ​បាន​​​គិតគូរយ៉ាង​ហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិចេញចូលជាទីកន្លែងធ្វើការរួមបែបសម័យទំនើបថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​ក្រសួង​រៀបចំ​ដែនដី និង​នគរោបនីយកម្ម

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយទៀត​ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្មខ្មែរ​ជា​មោទនភាពសម្រាប់ជាតិ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ថ្មី​ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌ​សែនសុខ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ។ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានចំនួន ៨ ជាន់ មានបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាយ​ថវិកា​សាងសង់​ជាង ២៨ លានដុល្លារអាមេរិក។

.​រដ្ឋសភា​​

​អគារ​រដ្ឋបាលរដ្ឋសភាមាន​ទីតាំងនៅ​ខាងត្បូង​បរិវេណរដ្ឋសភា។ អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា​​​សាងសង់​​ឡើងក្រោមជំនួយ​​ពី​​រដ្ឋាភិបាល​វៀតណាម​ប្រមាណ ២៥ លាន​ដុល្លារ។ អគារ​រដ្ឋបាលថ្មី​រដ្ឋសភា​នេះ​មាន​​​កម្ពស់​រហូត​ដល់ ១២ ​ជាន់ មាន​ចំណត​ឡាន ២ ​ជាន់​ខាងក្រោម និង​សាលប្រជុំ​ធំ​តូច​ចំនួន ៤ ​ជាន់ ខណៈ​ជាន់​លើៗ​គឺជា​បន្ទប់​ធ្វើការ​របស់​បុគ្គលិក​ និង​តំណាងរាស្ត្រ​។

ការ​សាងសង់​អគាររដ្ឋបាល​ថ្មីរបស់​រដ្ឋសភា ក៏​បាន​គិតគូរ​ពី​រចនាបថខ្មែរបូរាណដោយ​ច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យបានយ៉ាងល្អឥតខ្ចោះ។

.​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន

អគារទីស្តីការក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ បានលេច​រូបរាង​ឡើង​​នៅលើ​ផ្លូវលេខ ៥៩៨ (ផ្លូវឯកឧត្តមជា សុផារ៉ា) សង្កាត់​ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធបើកឱ្យប្រើប្រាស់កាលពី​ឆ្នាំ២០២១ ក្រោមវត្តមាន​សម្តេច​តេជោ ហ៊ុន សែន។

អគារទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូនសាងសង់ឡើងលើផ្ទៃដីជិត ៤ ហិកតា ក្នុង​នោះ​មាន​អគាររដ្ឋបាល​កម្ពស់ ៩ ជាន់ និង​អគាររដ្ឋបាល ២ ខ្នង (អគារស្លាបសងខាង)។

អគារក្រសួងសាធារណការ​និង​ដឹកជញ្ជូន ក៏​មាន​រៀបចំបំពាក់ប្រព័ន្ធសូឡាដែល​ទាញយកថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលអគារ ក្នុងការកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ រួមចំណែកសន្សំសំចៃថវិកាជាតិតាម​រយៈការប្រើប្រាស់ថាមពលបៃតង។

.​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា និង​នវានុវត្តន៍

ដោយ​ឡែក​អគារ​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្ត​ម​បាន​បើក​ការដ្ឋាន​​សាងសង់​តាំងពី​​ឆ្នាំ ២០១៩។ ការ​សាងសង់​អគារ​ក្រសួង​ឧស្សាហកម្ម​ថ្មី ដើម្បី​ផ្តល់​កន្លែងធ្វេីការសមរម្យសម្រាប់​ថ្នាក់ដឹកនាំ​និងមន្រ្តីរាជការដែល​បច្ចុប្បន្នមានលក្ខណៈតូចចង្អៀត។

អគារ​​ថ្មី​កម្ពស់ ១៨ ជាន់នេះ មានសាលប្រជុំតូចធំ​ជាច្រើនដាច់ដោយឡែកៗពីគ្នា ក្នុងនោះក៏​មានសាលប្រជុំធំជាលក្ខណ: Video Conference បំពាក់​ដោយ​គ្រឿងបរិក្ខា​អេឡិចត្រូនិក​ទំនេីប​។

អគារ​ក៏​មានចំណតរថយន្តចំនួន ០៤ ​ជាន់ ដោយប្រើជណ្តើរយន្តបច្ចេកវិទ្យាខ្ពស់ចុងក្រោយ ក្នុងការអូសទាញរថយន្តពីជាន់​ខាងក្រោមទៅជាន់ខាងលើនីមួយប្រកបដោយសុវត្តិភាពខ្ពស់។

៦.​ក្រសួង​ការ​ពារ​ជាតិ

អគារក្រសួង​ការពារជាតិថ្មី​សាងសង់ដោយក្រុមហ៊ុន China Railway Urban Construction Group Co. Limited (CRUCG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន​ China Railway Construction Corporation Limited (CRCC) ។

បើកការដ្ឋាន​សាងសង់នៅ​ឆ្នាំ ២០១៨ និង​បញ្ចប់ដាក់​ឲ្យប្រើប្រាស់​នៅ​ឆ្នាំ ២០២១។ លក្ខណ:ពិសេសអគារទីស្ដីការថ្មីរបស់ក្រសួងការពារជាតិ នៅលើដំបូល​អគារ​អាច​ឲ្យ​ឧទ្ធម្ភាគចក្រចុះចតបានថែម​ទៀតផង។

ក្រៅពីអគារ​សំណង់​ក្រសួងប៉ុន្មាន​ខាងលើ​ដែល​មួយ​ចំនួន​បាន​សម្ពោធ​ឲ្យប្រើប្រាស់​និងមួយ​ចំនួនទៀត​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ ក៏​នៅមាន​សំណង់​​អគារ​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀតត្រូវ​បាន​សាងសង់​រួចជា​បន្តបន្ទាប់​​​ដូចជា​អគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅលើ​បណ្តោយ​មហាវិថី​ព្រះនរោត្តម អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) កម្ពស់ ២១ ជាន់នៅ​ខណ្ឌ​សែន​សុខ ក៏ដូចជា​អគារសាលាយុត្តិធម៌នៅតំបន់ព្រែកលៀបជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម