Connect with us

ព័ត៌មានជាតិ

បណ្ឌិត្យសភានគរបាលកម្ពុជា បណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិបានជាង ១០ម៉ឺននាក់ហើយ ចាប់តាំងពីឆ្នាំ ១៩៩៣មក

បានផុស

នៅ

ចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់ឆ្នាំ ២០២៣នេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលជាតិបានជាង ១០ម៉ឺននាក់ហើយ។ នេះបើតាមការឲ្យដឹងពីលោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភីចំនួន ៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

នៅក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានឲ្យដឹងថា ក្នុងពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន បណ្ឌិត្យសភានគរបាលកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍទាំងផ្នែករឹងនិងផ្នែកទន់ ដើម្បីបំពេញបាននូវតម្រូវការជាក់ស្ដែងនៃការបណ្ឌុះបណ្ដាល ដោយផ្អែកលើផែនការ កម្មវិធីកំណែទម្រង់ កម្មវិធីអប់រំ ស្តង់ដាគុណភាព បទប្បញ្ញត្តិ គោលការណ៍នានា និង អភិក្រម៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ នវកម្ម  និងបូក ១ គឺការចេះមើលឃើញចំណុចខ្វះខាត។

លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានឲ្យដឹងបន្តថា ក្នុងន័យនេះ ដើម្បីបំពេញភារកិច្ចស្នូលក្នុងការកសាងធនធាននគរបាលជាតិ ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ គិតចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០២៣ បណ្ឌិត្យសភានគរបាលកម្ពុជា បានបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលជាតិបានសរុប ១,៤២២វគ្គ ដោយមានអ្នកសិក្សាជាមន្ត្រីនគរបាលសរុប ១០៩,៤៣៨នាក់។ ក្នុងនោះ រួមមាន៖ និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៨៣០នាក់ បរិញ្ញាបត្រ ១,៩៧៦នាក់ វគ្គបំប៉នជំនាញឯកទេសខ្លីៗ និងវគ្គបឋមវិជ្ជាជីវៈនគរបាលក្របខណ្ឌជ្រើសរើសថ្មីសរុបចំនួន ១០៦,៦៣២នាក់។

បន្ថែមលើនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានបណ្តុះបណ្តាលដល់មន្ត្រីពន្ធនាគារ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៣នេះ មាន ៣២វគ្គ ដោយមានអ្នកសិក្សាជាមន្ត្រីពន្ធនាគារសរុប ២,០១០នាក់ នារី ២១២នាក់។

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា «បណ្ឌិត្យសភាគឺជាអង្គភាពបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ដែលតម្រូវឲ្យមានការហ្វឹកហាត់សកម្មស្វិតស្វាញ ព្រមទាំងតម្រូវឲ្យមានការគោរពវិន័យតឹងតែង ដោយមានលក្ខណៈខុសគ្នាពីការបណ្ដុះបណ្ដាលបែបជនស៊ីវិល។ ចំពោះវិន័យដែលនិស្សិតត្រូវអនុវត្ត រួមមាន វិន័យសិក្សា វិន័យប្រឡង  វិន័យស្នាក់នៅ និងវិន័យទូទៅ ព្រមទាំងមានកម្មវិធីគ្រប់គ្រងនិស្សិតច្បាស់លាស់ ២៤/២៤ម៉ោង ស្របតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់»។

ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាល បណ្ឌិត្យសភានគរបាលកម្ពុជា បានកំណត់នូវលក្ខខណ្ឌ ទទួលបានសញ្ញាបត្រ និងបានកំណត់លទ្ធផលសិក្សារំពឹងទុកច្បាស់លាស់ ដើម្បីឲ្យនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវទទួលបានចំណេះដឹង ជំនាញ និងការអប់រំអាកប្បកិរិយាល្អ ដូចខាងក្រោម៖

១-មានសមត្ថភាពអាចប្រើប្រាស់ជំនាញវិជ្ជាជីវៈនគរបាលអាជីពបានល្អ ព្រមទាំងយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

២-អាចប្រើក្បាច់គុនតៃក្វាន់ដូ ហាប់គីដូ កម្រិតខ្សែក្រវ៉ាត់ខ្មៅ១ដាន់ សម្រាប់ការពារខ្លួន និងចាប់ជនល្មើស។

៣-អាចប្រើបច្ចេកទេសវាយខ្នោះរហ័ស និងប្រើប្រាស់អាវុធវែងខ្លី។

៤-អាចឆ្លងកាត់ឧបសគ្គលំបាកៗតាមស្ថានភាពជាក់ស្ដែង។

៥-អាចអនុវត្តកាយវិការលំហាត់របៀប គោរពគំនាប់បានត្រឹមត្រូវ និងស្ទាត់ជំនាញ។

៦-មានកាយសម្បទារឹងមាំ និងសុខភាពល្អ។

៧-មានអក្បកិរិយា ឥរិយាបទល្អ និងសីលធម៌រស់នៅល្អ គោរពច្បាប់ គោរពវិន័យ និងទំនាក់ទំនងល្អ។

លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានបញ្ជាក់ទៀតថា ចំពោះការវាយតម្លៃការសិក្សា បណ្ឌិត្យសភា បានអនុវត្តតាមនិយាមបច្ចេកទេសត្រឹមត្រូវច្បាស់លាស់ ដែលក្នុងនោះរួមមានទី១-គឺការវាយតម្លៃជាប់ជាប្រចាំ តាំងពីការចាប់ផ្ដើមការសិក្សា ដែលផ្ដល់ពិន្ទុទៅលើការគោរពវិន័យ ដូចជា វត្តមានសិក្សា សកម្មភាពក្នុងថ្នាក់ ការប្រជុំជួរ ការហ្វឹកហាត់ពង្រឹងកាយសម្បទា ការប្រឡងពាក់កណ្ដាលមុខវិជ្ជា។ ទី២-គឺការវាយតម្លៃសរុបដែលផ្ដល់ពិន្ទុ លើការប្រឡងបញ្ចប់ឆមាសនីមួយៗ និងការប្រឡងបញ្ចប់វគ្គសិក្សាទាំងមូល។ បន្ថែមលើនេះ បណ្ឌិត្យសភាបានតម្រូវឲ្យមានការចុះធ្វើកម្មសិក្សានៅអង្គភាពនគរបាលនានា និងសរសេររបាយការណ៍ស្រាវជ្រាវផងដែរ។ តាមគោលការណ៍ដែលបានកំណត់ និស្សិតដែលទទួលបានពិន្ទុមធ្យមភាគសរុប ចាប់ពី ៦០ភាគរយឡើងទៅ ត្រូវបានចាត់ថាជានិស្សិតជ័យលាភី។

លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានគូសបញ្ជាក់ថា ដើម្បីរក្សាបាននូវវប្បធម៌គុណភាព ក្នុងការសម្រេចឲ្យនិស្សិតប្រឡង «ជាប់» ឬទទួលបាននិទ្ទេសកម្រិតណាមួយ ឬ«ធ្លាក់» ឬលុបឈ្មោះចេញពីវគ្គសិក្សា បណ្ឌិត្យសភាបានប្រកាន់ខ្ជាប់នូវគោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និងគោលការណ៍គុណភាព ពោលគឺគុណភាពមិនអាចសម្របសម្រួលបាននោះទេ៕

សរុបសេចក្ដីមក បណ្ឌិត្យសភានគរបាលកម្ពុជា បានបំពេញភារកិច្ចស្នូលរបស់ខ្លួនទាក់ទងនឹងការបណ្ដុះបណ្ដាល និងការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដោយទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់ស្របតាមកម្មវិធីកំណែទម្រង់ និងផែនការយុទ្ធសាស្ត្រដែលបានកំណត់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម