ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា ត្រៀមសហការជាមួយរដ្ឋមន្ត្រីថ្មី ដើម្បីបណ្ដុះបណ្ដាលពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន
អ្នកសារព័ត៌មានចាស់វស្សាលោក ពុយ គា បានឲ្យដឹងថា កន្លងមក ប្រធានក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលជាច្រើនដល់អ្នកសារព័ត៌មាន តែនៅមានអ្នកសារព័ត៌មានមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងដែលធ្លាប់បង្កបញ្ហាខ្លះៗក្នុងសង្គមមួយចំនួនតូច មិនបានចូលរួមឡើយ។

ចំណុចនេះជារឿងសំខាន់ ដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ក៏ដូចជាសមាគមដទៃទៀត ត្រូវជជែកពិភាក្សាគ្នា ដើម្បីរកវិធីសាស្រ្ដបែបណា ចាប់បង្ខំគាត់ដើម្បីឲ្យគេមកចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។
លោក នេត្រ ភក្ត្រា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ក្នុងអាណត្តិទី ៧នេះ ហើយក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រួចរាល់ហើយដែរ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកសារព័ត៌មានចាស់វស្សាមួយរូប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការបន្តពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន ទាមទារឲ្យមានការរួមសហការគ្នារវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាននានា ជួយបណ្ដុះបណ្ដាលបន្ថែមដល់អ្នកសារព័ត៌មានមួយចំនួន ដែលនៅមានចំណុចខ្វះខាត។
កន្លងមក មានការរិះគន់ទៅលើអ្នកសារព័ត៌មានមួយចំនួន ដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងឲ្យប៉ះពាល់ទៅលើសិទ្ធិបុគ្គលជាដើម។ ចំណុចនេះ លោក ពុយ គា មិនទាន់ដឹងច្បាស់អំពីនយោបាយដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី លោក នេត្រ ភក្ត្រា នៅឡើយទេ ទៅលើអ្នកសារព័ត៌មានដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈនោះ។
ប្រធានក្លិបអ្នកកាសែតកម្ពុជា មានប្រសាសន៍បែបនេះថា «ខ្ញុំក៏មិនទាន់បានដឹង អំពីនយោបាយការដឹកនាំថ្មីរបស់រដ្ឋមន្ត្រីថ្មី ឯកឧត្ដម នេត្រ ភក្ត្រា និងទីមួយជាសាមីក្រសួងដែលលោកចេញអាជ្ញាបណ្ណឲ្យ ដោយឡែកក្លិបអ្នកកាសែតកម្ពុជាហ្នឹង គឺជាសមាគមមួយក្នុងសមាគមដទៃទៀត ដែលយើងបានជួយបណ្ដុះបណ្ដាល បង្កលក្ខណៈ បំប៉នវិជ្ជាជីវៈ ហើយនិងពង្រឹងសមត្ថភាពរបស់គាត់ ប៉ុន្តែឲ្យយើងមានអាជ្ញាសឹក អំណាចដើម្បីទៅដាក់សម្ពាធលើគាត់ ឬមួយក៏បញ្ឈប់គាត់ ឬមួយដក Licence របស់គាត់យើងគ្មានទេ»។
ដើម្បីកែប្រែចំណុចនេះ តាមលោក ពុយ គា គឺត្រូវមានការសហការគ្នារវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាននានា ដើម្បីជួយបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ដែលមិនទាន់បានគោរពក្រមសីលធម៌វិជ្ជាជីវៈ ត្រឹមត្រូវទាំងនោះ។
កន្លងមក ក្លិបអ្នកកាសែតកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលជាច្រើនដល់អ្នកសារព័ត៌មាន។ ក្នុងនោះ ក៏បានអញ្ជើញអ្នកសារព័ត៌មាន ដែលមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងដែលធ្លាប់បង្កបញ្ហាខ្លះៗក្នុងសង្គម តែពួកគេមិនបានចូលរួមឡើយ ដោយបន្តនៅក្រៅមិនចូលរួមក្នុងបរិបទ នៃសារព័ត៌មានអាជីពនោះឡើយ។
លោក ពុយ គា បានបន្ថែមថា «អានេះគឺជារឿងដែលសំខាន់ ដែលក្រសួងព័ត៌មាន រដ្ឋមន្ត្រីថ្មី ក៏ដូចជាសមាគមដទៃទៀត ត្រូវជជែកពិភាក្សាគ្នា ដើម្បីរកវិធីសាស្រ្ដបែបណា ចាប់បង្ខំគាត់ដើម្បីឲ្យគាត់មកចូលរួមសិក្សាខ្លះ ដើម្បីកែប្រែឥរិយាបថនៅក្នុងការផ្សាយព័ត៌មានរបស់គាត់ហ្នឹង កុំឲ្យមានបញ្ហាឆ្គមឆ្គងនៅក្នុងវិជ្ជាជីវៈ»។
លោក ពុយ គា បានបញ្ជាក់ថា ប្រធានក្លិបអ្នកកាសែតកម្ពុជា មានគម្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានជាច្រើនទៀតនាពេលខាងមុខ ហើយរីករាយសហការជាមួយក្រសួងព័ត៌មាន និងស្ថាប័នដទៃទៀត ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន