ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុព្រមានចាត់វិធានការតាមច្បាប់ចំពោះជនណាដែលប៉ះពាល់កម្មសិទ្ធិទ្រព្យសម្បត្តិរបស់រដ្ឋ
អភិបាលខេត្តព្រះសីហនុបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់តឹងរឹងបំផុតដោយមិនលើកលែងចំពោះជនណាដែលបានប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់រដ្ឋ។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានធ្វើឲ្យប៉ះពាល់សិទ្ធិទ្រព្យសម្បត្តិរបស់រដ្ឋនៅទីតាំងដីស្ថិតនៅសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុងខេត្តព្រះសីហនុ។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដែលទើបទទួលបាននៅថ្ងៃនេះ លោក គួច ចំរើន បានមានប្រសាសន៍ថា ទីតាំងដីចំនួន៥៨៤ក្បាលដីគណៈកម្មការរដ្ឋបាលខេត្តបានសម្រេចមិនផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនជាពលរដ្ឋនោះទេ ដោយយោងលើហេតុផលទី១.ប្រជាពលរដ្ឋមិនមានអាសយដ្ឋានអចិន្ត្រៃយ៍នៅលើកោះមានចំនួន៣៦៣។ ទី២ទីតាំងដីគ្មានទិន្នន័យមានចំនួន៧២ក្បាលដី។ ទី៣ ទីតាំងដីទំនាស់មានចំនួន១០៧ក្បាលដីក្នុងនោះប្រជាពលរដ្ឋមានអាសយដ្ឋានលើកោះចំនួន៤៧ក្បាលដី និងប្រជាពលរដ្ឋនៅក្រៅកោះចំនួន៦០ក្បាលដីនិងទី៤ ទីតាំងដីពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះចំនួន៤៥ក្បាលដីក្នុងនោះប្រជាពលរដ្ឋមានអាសយដ្ឋាននៅលើកោះចំនួន៣៦ក្បាលដីនិងប្រជាពលរដ្ឋនៅក្រៅកោះចំនួន៩ក្បាលដី។
លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុសូមបញ្ជាក់ថា រាល់ឯកសារពាក់ព័ន្ធទាំងឡាយណារួមមានឯកសារសម្គាល់លេខក្បាលដីឬចុងសន្លឹកលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីកិច្ចសន្យាទិញលក់ ដោយមានប្រថាប់ត្រាអាជ្ញាធរសង្កាត់ឬប្រថាប់ត្រាមេធាវីឬកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីជាលក្ខណៈឯកជនរវាងគូភាគីគំនូសបង្ហាញទីតាំងដីនិងឯកសារពាក់ព័ន្ធផ្សេងទៀតរួមនឹងក្បាលដីក្នុងប្លង់សុរិយោដីចំនួន៥៨៤ក្បាលដីដែលគណៈកម្មការរដ្ឋបាលបានសម្រេចមិនផ្ដល់ជូនជាកម្មសិទ្ធិគឺជាឯកសារដែលគ្មានតម្លៃគតិយុត្តិសម្រាប់ប្រើប្រាស់ឬទាមទារសិទ្ធិលើដីធ្លីនៅលើកោះរ៉ុងឡើយ។
លោកបានបន្ថែមទៀតថា ម្យ៉ាងទៀតរដ្ឋបាលខេត្តព្រះសីហនុមិនទាន់ទទួលស្គាល់លើការផ្ទេរសិទ្ធិការទិញលក់ជួលបញ្ចាំហ៊ីប៉ូតែកប្រទានកម្មអច្ច័យទានសន្តកម្មនិងសិទ្ធិទាំងឡាយដែលពាក់ព័ន្ធទៅនឹងទីតាំងទាំង៥៨៤ក្បាលដីនិងដីដែលកាន់កាប់ខុសច្បាប់ដទៃទៀត ដូចមានឯកសាររៀបរាប់ខាងលើលើកលែងក្បាលដីដែលត្រូវបានចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុដោយរដ្ឋបាលសុរិយោដីរួចហើយប៉ុណ្ណោះ។
នៅថ្ងៃទី០៤ខែមេសាឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤៨អនក្រ.បក សម្រេចកាត់ដីទំហំ៥២៨,៣៧ហិកតានៅសង្កាត់កោះរ៉ុងនិងសង្កាត់កោះរ៉ុងសន្លឹមក្រុង កោះរ៉ុងខេត្តព្រះសីហនុចេញពីដីឯកជនរបស់រដ្ឋកំណត់ដោយអនុក្រឹត្យចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍នៅលើកោះរ៉ុងចំនួន២៩៨គ្រួសារស្មើនឹង៦៣៧ក្បាលដីស្មើនឹងទំហំ៥២៨,៣៧ហិកតា។
លោកអភិបាលខេត្តបានបញ្ជាក់ថា «រដ្ឋបាលខេត្តព្រះសីហនុសូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់តឹងរឹងបំផុតដោយមិនលើកលែងចំពោះជនណាដែលបានប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់រដ្ឋដូចមាននៅក្នុងមាត្រា២៥៩នៃច្បាប់ភូមិបាលចែងថាការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈសាធារណៈត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលដល់៥០លានរៀលឬផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ។
លោកបានបញ្ជាក់ទៀតថា ផ្អែកតាមមាត្រា៨១នៃច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋបានចែងថារាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១រាល់ការចូលកាន់កាប់អចលនទ្រព្យរបស់រដ្ឋជាភោគៈក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ចូលជាធរមានឬរាល់ការកាន់កាប់ជាភោគៈនៅលើអចលនទ្រព្យរបស់រដ្ឋដែលត្រូវបានកំណត់រួចហើយជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទោះជាមុនឬក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ចូលជាធរមានត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀល ដល់១០លានរៀលនិងជនណានៅពីក្រោយខ្នងនៃអំពើញុះញង់និងបំផុសចលនាបង្កឲ្យមានភាពចលនានិងអានាធិបតេយ្យប្រឆាំងតបតនឹងអ្នករាជការសាធារណៈ។
គួរបញ្ជាក់ថា ទីតាំងដីស្ថិតនៅសង្កាត់កោះរ៉ុងនិងសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុងខេត្តព្រះសីហនុជាប្រភេទដីដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋនៅថ្ងៃទី២១ ខែមករាឆ្នាំ២០០៨ដើម្បីធ្វើការអភិវឌ្ឍក្រោមលក្ខខណ្ឌជួលវិនិយោគ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


