ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងកសិកម្មមានយន្តការមិនឱ្យអង្ករឡើងថ្លៃគំហុកប៉ះពាល់ជីវភាពពលរដ្ឋ
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានលើកឡើងថា ការឡើងថ្លៃស្រូវអង្ករ នារយៈពេលចុងក្រោយនេះ មិនទាន់មានបញ្ហាប្រឈម ឬហានិភ័យណាមួយ ដល់សន្តិសុខស្បៀងនៅកម្ពុជា នៅឡើយ។

លោកជំទាវ បានបញ្ជាក់ថា ក្រសួងកសិកម្មមានយន្តការច្បាស់លាស់ក្នុងការតាមដាន អង្កេត និងវិភាគនូវទិន្នផលស្រូវដែលប្រមូលបាន ជាពិសេសទៅលើការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមលោកជំទាវ អ៊ឹម រចនា យន្តការនេះដាក់ចេញ ដើម្បីធានាធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខស្បៀង ជាពិសេសរក្សាតម្លៃអង្ករឱ្យមានស្ថិរភាពនៅលើទីផ្សារក្នុងស្រុក។
អ្នកនាំពាក្យក្រសួងកសិកម្ម ថ្លែងប្រាប់កម្ពុជាថ្មីដូច្នេះថា«ជាការពិតហើយ នៅពេលដែលស្រូវឡើងថ្លៃ អង្ករលក់នៅលើទីផ្សារ ត្រូវតែឡើងថ្លៃដោយជៀសមិនរួច ប៉ុន្តែបើពិនិត្យលើតម្លៃវិញយើងសង្កេតឃើញថា ការឡើងថ្លៃអង្ករលើទីផ្សារនេះ វាស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយក្រសួងនឹងបន្តតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់»។

លោកជំទាវ អ៊ឹម រចនា បានសង្កត់ធ្ងន់ថា យន្តការរបស់ក្រសួងកសិកម្មគឺធ្វើយ៉ាងណា មិនឱ្យតម្លៃអង្ករឡើងថ្លៃគំហុករហូតដល់ប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋនោះទេ។ បើតាមអ្នកនាំពាក្យ ការឡើងថ្ងៃអង្ករនាពេលនេះ គឺជានិន្នាការសកល មិនមែនកើតឡើងតែនៅកម្ពុជានោះទេ។
តាមរបាយការណ៍ដែលផ្តល់ដោយអ្នកនាំពាក្យក្រសួងកសិកម្ម បានបង្ហាញថា អង្ករក្រអូបធម្មតា ម្ល៉េះស្រូវប្រាំង/សែនក្រអូបមានតម្លៃពី ១៥៥ ០០០-១៦០ ០០០រៀល/ការ៉ុង។ តម្លៃអង្ករសប្រណិតដូចជា ផ្កាខ្ញី នាងខុន ក្ងោកពង្ស ពីមុនមានតម្លៃ ១០៥០០០-១៣០០០០រៀល/ការ៉ុង ៥០គីឡូក្រាម បានឡើងដល់ ១៤០០០០-១៥០០០០រៀល/ការ៉ុង៥០គីឡូក្រាម ពោលគឺតម្លៃលក់រាយពី ២៥០០- ៣០០០រៀល ឡើងដល់ ៣០០០-៣៥០០រៀល/១គីឡូក្រាម។ ចំណែកតម្លៃអង្ករចម្រុះប្រភេទ IR និងនាងមិញពីមុនមានតម្លៃ ១០០ ០០០-១០៥ ០០០រៀល/ការ៉ុង៥០គក្រ បានកើនឡើងដល់ ១៤០ ០០០រៀល/ការ៉ុង ពោលគឺតម្លៃអង្ករលក់រាយបានកើនឡើងចន្លោះពី ២០០-៥០០ រៀលក្នុង១គក្រ។

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ឋស្រូវអង្ករ លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា ស្រូវបានឡើងថ្លៃពី៣០%ទៅ៤០% ខណៈអង្ករឡើងថ្លៃប្រមាណ ១៥% ដោយសារការសម្រុកទិញស្រូវពីវៀតណាម។ អ្នកជំនាញស្រូវអង្ករ មើលឃើញថា ការឡើងថ្លៃនេះ ជាការចំណេញសម្រាប់កសិករ ក៏ប៉ុន្តែជាផលលំបាកសម្រាប់រោងម៉ាស៊ីនកិនស្រូវមួយចំនួន ដោយសារការបញ្ជាទិញពីទីផ្សារអន្តរជាតិមានការធ្លុះចុះ ដែលបញ្ហានេះខាងសហព័ន្ធកំពុងដាក់ស្នើឱ្យមានការសម្របសម្រួលពីរដ្ឋាភិបាល។
យោងតាមរយបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦២ ៧០៨,០០តោន និងស្រូវចំនួន ១ ៥១០ ៨៥០,០០តោន ទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះ ការនាំចេញអង្ករកើនឡើង ៣,៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ចំណែកការនាំចេញស្រូវកើនឡើងចំនួន ១៣,៦៧%៕

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


