ព័ត៌មានជាតិ
ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ នៃក្តីស្រឡាញ់នៅថ្ងៃ១៤កុម្ភៈនៅខេត្តព្រះសីហនុ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាននឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ជិះកង់នៃក្តីស្រឡាញ់នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ។

ការរៀបចំព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់នៅថ្ងៃ១៤កុម្ភៈនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ដោយមានការចូលរួមពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ជិះកង់នៃក្តីស្រឡាញ់នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុនេះដែលមានវិញ្ញាសាកីឡាជិះកង់ ១. ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។ ២. Fun Ride ជិះកង់កម្យាន្ត ឆ្នេរសមុទ្រថ្មី ២៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។ ៣. Famlly Couple Ride ជិះកង់ក្រុមគ្រួសារ និងគូរសេ្នហ៏ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងការរីករាយស្វាគមន៍ចំពោះក្រសួងទេសចរណ៍ដែលបានបង្កើតព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ Valentin’s Bike Race នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ស្របពេលដែលរដ្ឋបាលខេត្តចង់បង្កើតព្រឹត្តិការណ៍ស្ទូចត្រីនៅខេត្តព្រះសីហនុផងដែរ។
លោកអភិបាលខេត្តបានបន្តថា ម្យ៉ាងទៀតការរៀបចំព្រឹត្តិការណ៍ជិះកង់នេះជាលើកទីមួយនៅខេត្តព្រះសីហនុ និងឈានទៅបង្កើតព្រឹត្តិការណ៍ថ្មីៗថែមទៀត ដើម្បីផ្សព្វផ្សាយសក្តានុភាពទេសចរណ៍តំបន់ឆ្នេរឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បង្កើតព្រឹត្តិការណ៍ចលនាទេសចរណ៍ក្នុងស្រុក ហើយយើងត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើងវិញនៅតាមខេត្តគោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោកបានបន្តថា មកដល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមជិះកង់នៃក្តីស្រឡាញ់ ១៤ កុម្ភៈ ជិត ១០០នាក់ មកពីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលមានចំងាយផ្លូវ ៤០គីឡូ ២៥គីឡូ និង១៥គីឡូម៉ែត្រ ក្នុងនោះកីឡាករជិះកង់ ៤០គីឡូម៉ែត្រ ស្វែងរកកំរិតបច្ចេកទេស ។ ជិះ ២៥គីឡូ ជិះកំសាន្ត ដើម្បីសុខភាព បង្កើនសាមគ្គីភាព មិត្តភាពនិងបង្ហាញឆន្ទៈនៃការចូលរួមកីឡា ។ និងជិះ ១៥គីឡូម៉ែត្រ កម្សាន្តជាលក្ខណៈគ្រួសារ ឬគូស្នេហ៍ យើងសង្ឃឹមថា មានកីឡាករចូលរួម ពី៣០០ ទៅ ៥០០នាក់។

លោក វ៉ាត់ ចំរើន ក៏បានសំណូមពររដ្ឋបាលខេត្តរកទីតាំងឱ្យក្រុមកីឡាករបោះតង់ស្នាក់នៅឆ្នេរក្នុងខេត្តព្រះសីហនុនិងសុំជួយអន្តរាគមន៍ពីសមត្ថកិច្ច និងរថយន្តសង្គ្រោះដើម្បីត្រៀមបង្ការក្រែងមានឧបទ្ទវហេតុកើតឡើងណាមួយ។
លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគ ក្រោយពីបញ្ចប់កូវីដ-១៩ ក្រសួងនឹងបង្កើតព្រឹត្តិការណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនបន្ថែមទៀត មានដូចជារត់ប្រណាំងម៉ារ៉ាតុងជាដើម៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


