ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបន្តជំរុញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលរបស់កម្ពុជា។

ការលើកទឹកនេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Nick Lagunowich ប្រធានក្ដាប់រួមសកល ទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុន Pfizer និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នៅក្នុងជំនួបនេះ លោក Nick Lagunowich បានគោរពជម្រាបជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីវត្ថុបំណងរបស់ក្រុមហ៊ុន Pfizer ដែលចង់ស្វែងរកកាលានុវត្តភាពបន្ថែមនៅកម្ពុជា តាមរយៈការជួយគាំទ្រ និងជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន Pfizer បានពិនិត្យ និងតាមដានយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយយកចិត្តទុកដាក់ និងបានស្វែងយល់ថា ក្រុមហ៊ុន Pfizer អាចបំពេញបាននូវការងារមួយចំនួន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងការរួមចំណែកកែលម្អប្រព័ន្ធសុខភាពសាធារណៈ នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Pfizer ស្ដីពី កិច្ចព្រមព្រៀងដើម្បីសកលលោកមានសុខភាពល្អ (The Accord for a Healthier World) ដែលមានគោលបំណងផ្តល់ឱ្យបានពេញលេញនូវឱសថ និងវ៉ាក់សាំង ដែលក្រុមហ៊ុនទទួលបានសិទ្ធិជាសកល ដោយផ្អែកលើគោលការណ៍មូលដ្ឋានមិនស្វែងរកប្រាក់ចំណេញ ទៅឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប នៅលើសកលលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចផងដែរថា អ្វីដែលក្រុមហ៊ុនចង់បំពេញការងារបន្ថែមនៅកម្ពុជា មានភាពឆ្លើយតបច្រើនទៅនឹងវិធានការគន្លឹះ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្តន៍ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣កន្លងទៅ ជាពិសេសពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាព នៃការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា នៅក្នុងទិសដៅនៃការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម ការយកចិត្តទុកដាក់ដ៏សំខាន់មួយគឺ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារពេទ្យ និងការបំពាក់ឧបករណ៍ពេទ្យ នៅតាមបណ្តាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅទូទាំងប្រទេស។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏យកចិត្តទុកដាក់ផងដែរ លើការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងវិស័យឯកជន ដើម្បីឱ្យប្រជាជនទទួលបាន នូវសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងបន្តជំរុញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលរបស់កម្ពុជា។
ក្នុងនាមក្រុមហ៊ុន Pfizer លោក Nick Lagunowich បានសម្ដែងនូវអំណរគុណជាថ្មី គោរពជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងបានគោរពជម្រាបជូនថា ក្រុមហ៊ុនPfizer នឹងបន្តទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនានា នៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


