ព័ត៌មានជាតិ
កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៃប្រទេសទាំងពីរ
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានប្ដេជ្ញារួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ការប្ដេជ្ញារបស់កងទ័ពនៃប្រទេសទាំងពីរពេលនេះ ធ្វើឡើងក្នុងឱកាសលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ដែលតបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ។
ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំកងទ័ពទាំងពីរ បានលើកឡើងអំពីលទ្ធផលសម្រេចបានក្នុងការអនុវត្តផែនការកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ឡាវ នាពេលកន្លងមក។ ក្នុងនោះ កងទ័ពទាំងពីរ បានផ្លាស់ប្ដូររទស្សនកិច្ច ក៏ដូចជាពិធីសារកិច្ចសហប្រតិបត្តិការ និងការរៀបចំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីឆ្លើយតបនឹងសកម្មភាពក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ផ្អែកលើកិច្ចសហប្រតិបត្តិការដ៏ល្អនេះ កងទ័ពនៃប្រទេសទាំងពីរ បានផ្ដល់អាហារូបករណ៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានផ្លាស់ប្ដូរព័ត៌មានចារកម្មទាន់ពេលវេលា រួមគ្នាបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ជាពិសេសបង្ក្រាបការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធ ការជួញដូរអាវុធ និងឧក្រិដ្ឋកម្មខុសច្បាប់ផ្សេងទៀត តាមរយៈការសម្របសម្រួលតាមបណ្តាញការទូត និងគ្រប់យន្តការដែលមានស្រាប់។
បន្ថែមពីលើកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរ បញ្ជាក់ថា កងទ័ពនៃប្រទេសកម្ពុជា-ឡាវ ក៏មានកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។ ជាក់ស្តែង កាលពីខែកញ្ញា ឆ្នាំ២០២២ កងទ័ពឡាវ បានធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា ៣ប្រទេស ឡាវ-កម្ពុជា-វៀតណាម នៅរដ្ឋធានីវៀងចន្ទន៍ ប្រកបដោយភាពជោគជ័យ។
មេបញ្ជាការកងទ័ពជាន់ខ្ពស់ទាំងពីរ បានវាយតម្លៃខ្ពស់សកម្មភាពនេះ ដែលបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ហើយបានប្តេជ្ញារួមគ្នា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកម្ពស់ជីវភាពសុខុមាលភាពប្រជាជនប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់ផងដែរ។

គួរជម្រាបថា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្រៅពីជួបពិភាក្សាការងារទ្វេភាគីជាមួយឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ លោកនាយឧត្តមសេនីយ៍ ក៏បានចូលជួបសម្តែងការគួរសមជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លោកនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ផងដែរ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


