Connect with us

ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជាស្នើទៅភាគីឡាវថា បើមានបញ្ហាអ្វីកើតឡើងនៅព្រំដែន ត្រូវចែករំលែកព័ត៌មាន ដើម្បីដោះស្រាយដោយសន្តិវិធី

បានផុស

នៅ

ប្រមុខក្រសួងការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា បានស្នើទៅកាន់អនុរដ្ឋមន្ត្រីការពារប្រទេសឡាវថា បើមានបញ្ហាកើតឡើងនៅព្រំដែនកម្ពុជា-ឡាវ ត្រូវចែករំលែកព័ត៌មានគ្នា ដើម្បីដោះស្រាយដោយសន្តិវិធី។ ការស្នើបែបនេះ ធ្វើឡើង នៅថ្ងៃទី១៧ ខែកុម្ភៈ ក្នុងជំនួបដែលប្រមុខការពារជាតិកម្ពុជា អនុញ្ញាតឱ្យឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួប​ ផ្សព្វផ្សាយលើគេហទំព័រក្រសួងការពារជាតិ សរសេរដូច្នេះថា៖«ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានស្នើទៅតាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ថាប្រសិនបើមានបញ្ហាអ្វើកើតឡើងនៅតាមបណ្តាយព្រំដែន នៃប្រទេសទាំងពីរ សូមជូនដំណឹង និងផ្តល់ពត៌មាន ទៅវិញទៅមកជាមួយនឹងគ្នា ដើម្បីដោះស្រាយប្រកបដោយសន្តិវិធី។ »។

ក្នុងជំនួប ប្រមុខការពារជាតិកម្ពុជា បានសម្ដែងក្ដីរីករាយដែល វិស័យការពារជាតិ កងទ័ពកម្ពុជា និងឡាវ បានបន្តពង្រឹងពង្រីកនៃកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ នៅក្នុងនាមជាអ្នកជិតខាងដ៏ល្អនឹងគ្នាផងដែរ។

ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានគូសបញ្ជាក់ជូនរដ្ឋមន្រ្តីការពារជាតិកម្ពុជាថា  អគ្គសេនាធិការកងទ័ពប្រជាជនឡាវ ​និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានបន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងបានឯកភាពគ្នាជម្រុញឱ្យមានការបោះបង្គោលព្រំដែន ដែលនៅសេសសល់១៦% រវាងប្រទេសឡាវ និងកម្ពុជា ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័សនាពេលខាងមុខនេះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានឯកភាព ចំពោះការជម្រុញក្នុងការបោះបង្គលព្រំដែន រវាងកម្ពុជា និងឡាវ ឱ្យបានចប់ឆាប់រហ័ស ពិសេសការពង្រឹងលើកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។

គួរគូសបញ្ជាក់ថា កម្ពុជា និងឡាវ មានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែងជាង ៥៥០គីឡូម៉ែត្រ ក្នុងនោះខេត្តរបស់កម្ពុជាដែលជាប់ឡាវមានដូចជាខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។មកដល់បច្ចុប្បន្ននេះភាគីទាំងពីរបានឯកភាពគ្នាកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦% ហើយក្រុមការងារបោះបង្គោលព្រំដែនប្រទេសទាំងពីរកំពុងបន្តដោះស្រាយ និងបោះបង្គោលព្រំដែននៅសេសសល់។ អំឡុងកិច្ចប្រជុំក្នុងក្របខណ្ឌបក្ស កាលពីដើមខែកុម្ភៈ ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ហើយប្រឆាំងដាច់ខាតការប្រើកម្លាំងដើម្បីកំណត់ខ្សែព្រំដែន៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម