ព័ត៌មានជាតិ
កំណាត់ផ្លូវប្របមាត់សមុទ្រខេត្តកែប ដំណើរការចាក់ក្រាលកៅស៊ូ និងសាងសង់សម្រេចបាន ប្រមាណជិត ៨០ ភាគរយហើយ
កំណាត់ផ្លូវប្របមាត់សមុទ្រខេត្តកែប ចាប់ផ្ដើមដំណើរការចាក់ក្រាលកៅស៊ូ និងសាងសង់សម្រេចបានប្រមាណជិត ៨០ ភាគរយ ហើយ ចាប់ពីកំពង់ផែកោះទន្សាយ រហូតដល់ឆ្នេរសមុទ្រអង្កោល និងតភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ ដែលនឹងបញ្ចប់ទាំងស្រុងនារយៈពេលដ៏ខ្លីខាងមុខនេះ។

នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ នេះ លោក ប៊ុន លី មេការដ្ឋានបច្ចេកទេសផ្លូវថ្នល់របស់ ADB បានប្រាប់ឲ្យដឹងថា បើគិតមកដល់ពេលនេះសម្រេចការសាងសង់បានជិត ៨០ ភាគរយ ហើយ ប៉ុន្តែសល់ប្រហែលជាង ២០ ភាគរយទៀត ខាងបច្ចេកទេសនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ។

ផ្លូវប្របមាត់សមុទ្រប្រវែងជាង ១២ គីឡូម៉ែត្រ បានតភ្ជាប់គ្នាចាប់ពីកំពង់ផែកោះទន្សាយ ទៅកាន់ឆ្នេរសមុទ្រអង្កោល តភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ សាងសង់ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥ លានដុល្លារអាមេរិក។

លោក ប៊ុន លី មេការដ្ឋានផ្លូវថ្នល់ បានបញ្ជាក់បន្ថែមថា អំឡុងមួយរយៈពេលនេះមានភ្លៀងធ្លាក់ ដូច្នេះហើយអាចបង្កការរំខានខ្លះៗ ដល់ការអនុវត្តគម្រោងទាំងមូល។ ប៉ុន្តែទោះជាយ៉ាងណា មិនបានធ្វើឲ្យប៉ះពាល់ការបញ្ចប់គម្រោងទៅតាមផែនការនោះឡើយ។

លោកបន្ថែមថា បច្ចុប្បន្នសម្រេចបានការរៀបចំគ្រឹះខាងក្រោមដែលជាដំណាក់កាលដំបូង ក្នុងនោះការរៀបចំប្រឡាយ និងលូរំដោះទឹកបានរួចរាល់ហើយ នៅសល់តែ ២ ដំណាក់កាលចុងក្រោយទៀតនឹងរួចរាល់។

កំណាត់ផ្លូវប្របមាត់ឆ្នេរចាប់ពីកំពង់ផែកោះទន្សាយរហូតដល់ឆ្នេរសមុទ្រអង្កោលនេះ គឺជាសរសៃឈាមទេសចរណ៍មួយតភ្ជាប់ទៅឆ្នេរអង្កោលធម្មជាតិទៅថ្ងៃអនាគតនៅពេលខាងមុខ។

ផ្លូវមួយខ្សែនេះ នឹងនាំឲ្យមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឬ បុណ្យទានផ្សេងៗ មកទស្សនាដើរលេងកម្សាន្តចាប់ពីឆ្នេរអង្កោលទៅដល់កំពង់ផែកោះទន្សាយទីរួមខេត្តកែប ធ្វើឲ្យកំណើនភ្ញៀវមកកាន់តែច្រើន ហើយក៏នឹងបញ្ចៀសការកកស្ទះភ្ញៀវទេសចរទៅដើរលេងកម្សាន្តនៅតាមបណ្ដោយឆ្នេរក្នុងភូមិសាស្ត្រខេត្តកែបផងដែរ។
គួរបញ្ជាក់ថា គម្រោងកំណាត់ផ្លូវប្របមាត់សមុទ្រនេះ គឺជាអនុគម្រោងមួយ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយានៅតំបន់ឆ្នេរអង្កោលធម្មជាតិ នៃមហាអនុតំបន់មេគង្គជំហានទី ២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងនោះមានអនុគម្រោងចំនួន ២ ទៀត រួមមានទីលានទុកដាក់សំរាមដែលទើបសម្ពោធ និងផ្ទេរឲ្យរដ្ឋបាលខេត្តគ្របគ្រងបន្តនាពេលថ្មីៗនេះ និងគម្រោងកំពង់ផែលើកោះទន្សាយ៕
អត្ថបទ ៖ សឹង រ៉ាត់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


