ព័ត៌មានជាតិ
តើត្រូវមានលក្ខខណ្ឌ និងលក្ខណសម្បត្តិបែបណា មុនផ្ដល់គោរមងារឧកញ៉ា?
ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ដាក់ឱ្យអនុវត្តជាផ្លូវការហើយ កាលពី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដើម្បីកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់គោរមងារឧកញ៉ាដល់រូបវន្តបុគ្គលណាម្នាក់។ មុនទទួលបានការផ្ដល់គោរមងារឧកញ៉ា តើត្រូវមានលក្ខខណ្ឌ និងលក្ខណសម្បត្តិបែបណាខ្លះ ហើយស្ថាប័នមានសមត្ថកិច្ចណាដែលមានសិទ្ធិស្នើសុំ និងបញ្ចប់ងារឧកញ៉ានេះ?

មាត្រា៧ នៃព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា បានកំណត់យ៉ាងច្បាស់នូវលំដាប់ថ្នាក់គោរមងារឧកញ៉ានៅកម្ពុជា ពោល គឺគោរមងារឧកញ៉ាមានចំនួន៣ថ្នាក់ ដែលលំដាប់ថ្នាក់ខ្ពស់បំផុត គឺលោកអ្នកឧកញ៉ា លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា និងលំដាប់ថ្នាក់ទី៣ ឧកញ៉ា។ ដើម្បីធានាដល់ការគ្រប់គ្រងគោរមងារឧកញ៉ាឱ្យកាន់តែមានប្រសិទ្ធភាពនោះ ព្រះរាជក្រឹត្យនេះ ក៏បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា ដែលជាស្ថាប័នមានសមត្ថកិច្ចតែមួយគត់ក្នុងការពិនិត្យ វាយតម្លៃ និងលើកយោបល់ជូននាយករដ្ឋមន្ត្រី ដើម្បីសុំផ្ដល់ និងបញ្ចប់គោរមងារឧកញ៉ា។
គណៈកម្មការអន្តរក្រសួងនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ១រូប ជាអនុប្រធាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី១រូប ជាអនុប្រធានប្រចាំការ អមដោយសមាជិកដែលមានសមាសភាពមកពីក្រសួងសេដ្ឋកិច្ច ក្រសួងយុត្តិធម៌ ក្រសួងវប្បធម៌ ក្រសួងធម្មការ តំណាងសមាគមឧកញ៉ាកម្ពុជា និងអគ្គនាយកនៃអគ្គនាយកដ្ឋានឥស្សរិយយស និងគោរមងារ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ជាលេខាធិការ។

តែយ៉ាងណា គណៈកម្មការអន្តរក្រសួងនេះ មានភារកិច្ចត្រឹមការពិនិត្យ វាយតម្លៃ និងលើកយោបល់ជូននាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ ផ្ទុយទៅវិញ មានតែនាយករដ្ឋមន្ត្រីតែម្នាក់គត់ ដែលមានសិទ្ធិលើកសំណើទូលថ្វាយព្រះមហាក្សត្រក្នុងការស្នើសុំ និងបញ្ចប់គោរមងារឧកញ៉ា។
ចំពោះលក្ខខណ្ឌ និងលក្ខណសម្បត្តិ ដែលត្រូវផ្ដល់គោរមងារឧកញ៉ា គឺត្រូវផ្ដល់ជូនរូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណបំណាច់របស់រូបវន្តបុគ្គលម្នាក់ៗក្នុងការចូលរួមអភិវឌ្ឍន៍ និងការកសាងជាតិ។ មាត្រា៨ នៃព្រះរាជក្រឹត្យនេះ បានបញ្ញត្តិថា គុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ សំដៅជាអាទិ៍ ការផ្ដល់អំណោយជាថវិកា ការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម អគារសាធារណៈ ជាដើម រួមទាំងរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
ក្នុងនោះ ទំហំទឹកប្រាក់នៃអំណោយជាថវិកា តម្លៃសរុបនៃការផ្តល់អំណោយ របកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលត្រូវផ្ដល់ជូនគោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ ត្រូវកំណត់ដោយអនុក្រឹត្យ។

បន្ថែមពីលើលក្ខខណ្ឌខាងលើ រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលត្រូវផ្តល់គោរមងារឧកញ៉ា ត្រូវមានលក្ខណសម្បត្តិមួយចំនួន រួមមាន៖ មានប្រវត្តិរូបច្បាស់លាស់ មានកិរិយាមារយាទល្អ មិនធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ និងប្រកបមុខរបរស្របច្បាប់។
គោរមងារឧកញ៉ានេះទៀតសោត ក៏មិនអនុញ្ញាតផ្ដល់ឱ្យក្នុងពេលកំពុងបំពេញជាមួយមុខងារជាមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ដែលកំពុងបំពេញការងារតាមក្រសួង ស្ថាប័ននានារបស់រដ្ឋឡើយ លើកលែងតែគោរមវន្តដែលមានចំណេះជំនាញពិសេសលើវិស័យណាមួយ ហើយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចជាតិ ឬអន្តរជាតិ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


