Connect with us

ព័ត៌មានជាតិ

អាណត្តិថ្មីនេះ ស្ត្រី ៧រូប ត្រូវបានជ្រើសឱ្យធ្វើជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងការបរទេស

បានផុស

នៅ

ក្នុងនីតិកាលទី៧នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការចំនួន១៨រូប និងអនុរដ្ឋលេខាធិការចំនួន១៧រូប។ ក្នុងចំណោមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំងនោះ មានឥស្សរជនជាស្ត្រីចំនួន៧រូប ដោយក្នុងនោះ ជារដ្ឋលេខាធិការ៤រូប និងអនុលេខាធិការ៣រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥស្សរជនជាន់ខ្ពស់ជាស្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ទាំង៧រូបនេះ រួមមាន៖

១. លោកស្រី សឿង រដ្ឋចាវី

លោកស្រី សឿង រដ្ឋចាវី ជារដ្ឋលេខាធិការក្រសួងការបរទេស ដែលត្រូវទទួលបន្ទុកលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងដឹកនាំដោយផ្ទាល់ការងារតំបន់អាស៊ី-អាគ្នេយ៍។ លោកស្រី ត្រូវបានគេចាត់ទុកថា ជាអ្នកការទូតឆ្នើមមួយរូប ដែលបានបំពេញកិច្ចការប្រកបដោយឆន្ទៈ មានសមត្ថភាពខ្ពស់ និងពោរពេញដោយបទពិសោធតាមរយៈតួនាទី-ភារកិច្ចជាបន្តបន្ទាប់របស់លោកស្រីនៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។

អ្នកការទូតស្ត្រី វ័យ៦៥ឆ្នាំរូបនេះ អាចប្រើប្រាស់ភាសាបរទេសរហូតទៅដល់៤ភាសា ដូចជា ភាសាអង់គ្លេស បារាំង រុស្ស៊ី និងភាសាអេស្បាញ។ លោកស្រី សឿង រដ្ឋចាវី ជាអតីតនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដែលបានចំណាយពេលសិក្សាប្រមាណ១៤ឆ្នាំ ដោយក្នុងនោះលោកស្រី បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ និងថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។

លោកស្រីរដ្ឋលេខាធិការ សឿង រដ្ឋចាវី បានចាប់ផ្ដើមចូលបម្រើការនៅក្រសួងការបរទេស តាំងពីឆ្នាំ១៩៩៨ ដែលមានតួនាទីជាប្រធានការិយាល័យ។ ជាបន្តបន្ទាប់ លោកស្រី ក៏ធ្លាប់ធ្វើជាអគ្គលេខាធិការរងអាស៊ាន សម្រាប់អាណត្តិកាងារ ឆ្នាំ២០០៦-២០០៩ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ជាអនុរដ្ឋលេខាធិការ និងធ្លាប់ធ្វើជាទីប្រឹក្សាលោក ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជា។

២. លោកស្រី ទួត បញ្ញា

លោកស្រី ទួត បញ្ញា ជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលទទួលដឹកនាំលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើត។ លោកស្រី ទួត បញ្ញា បានចូលបម្រើការងារជាមន្ត្រីនៃនាយកដ្ឋានសារព័ត៌មាន នៅក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៣។ ក្នុងនោះ អ្នកការទូតស្រ្តីរូបនេះ ក៏ធ្លាប់ឆ្លងកាត់នូវតួនាទី-ភារកិច្ចជាច្រើន ចាប់តាំងពីអនុប្រធានការិយាល័យ ប្រធានការិយាល័យ នាយករងខុទ្ទកាល័យ លេខាធិការស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងធ្វើជាទីប្រឹក្សាក្រសួងការបរទេស ជាដើម។

បន្ថែមពីលើនេះ លោកស្រី ក៏ធ្លាប់ទៅបំពេញការងារជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅហ្វីលីពីន ខណៈក្រោយចប់អាណត្តិការទូតនេះ លោកស្រី ត្រូវបានតែងតាំងជាអនុ​រដ្ឋលេខាធិការក្រសួងការបរទេស ហើយក្រោយមក ត្រូវបានដំឡើងជារដ្ឋលេខាធិការ នៅចុងឆ្នាំ២០២០ រហូតដល់អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ។ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស ក្នុងអាណត្តិទី៧នេះ លោកស្រី ទួត បញ្ញា តែងបានអមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចទៅក្រៅប្រទេស ក៏ដូចជាជំនួបរបស់សម្ដេចធិបតីជាមួយភ្ញៀវអន្តរជាតិនៅក្នុងប្រទេស។ លោកស្រីរដ្ឋលេខាធិការរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីបណ្ឌិតសភាការទូត ប្រទេសរុស្ស៊ី។

៣. លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី

លោកស្រី យិនទៀង ពុទ្ធិរស្មី ត្រូវបានគេស្កាល់ថា ជាកូនស្រីរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ លោកស្រី យិនទៀង ពុទ្ធិរស្មី ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ហើយនៅក្នុងអាណត្តិទី៧នេះ លោកស្រី នៅតែរក្សាមុខតំណែងនេះដដែល ដោយទទួលជួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពាក់ព័ន្ធលើការងារអង្គការអន្តរជាតិ ជួយសម្របសម្រួលការងារទំនាក់ទំនងជាមួយគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម។

មុនមកកាន់ជារដ្ឋលេខាធិការនៃក្រសួងការបរទេស លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី ជាមន្ត្រីនៃក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម។ ជាមន្ត្រីនៃអង្គភាពទាំងពីរនេះ លោកស្រី ធ្លាប់កាន់តួនាទីមួយចំនួន ជាអាទិ៍ អនុប្រធាននាយកដ្ឋាននៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជានាយកខុទ្ទកាល័យលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង។ លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យមេគង្គកម្ពុជា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត ពីសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា។

៤. លោកស្រី ខៀវ សុផានី

លោកស្រី ខៀវ សុផានី ជារដ្ឋលេខាធិការក្រសួងការបរទេស ដែលទើបទទួលការតែងតាំងថ្មីមួយរូប នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មីនេះ។ មុនឈានមកបំពេញកិច្ចការក្នុងវិស័យបរទេស សម្រាប់អាណត្តិថ្មីនេះ លោកស្រី ខៀវ សុផានី មានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ហើយលោកស្រី គឺជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានបញ្ចប់ការសិក្សាសញ្ញាបត្រច្បាប់ មកពីសាកលវិទ្យាល័យ លីយ៉ុង (Lumière Lyon 2) នាទីក្រុងប៉ារីស ប្រទេសបារាំង។

ស្ថិតក្នុងមុខតំណែងថ្មី ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ខៀវ សុផានី ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ប្រគល់ភារកិច្ចលើការងារហិរញ្ញវត្ថុ អធិការកិច្ច សវនកម្ម និងការងារការទូតសេដ្ឋកិច្ច។

៥. លោកស្រី រត្ន ម៉ានី

លោកស្រី រត្ន ម៉ានី ជាអ្នកការទូតចាស់វស្សាមួយរូបរបស់កម្ពុជា ដែលបានកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស កាលពីឆ្នាំ២០២១ តរហូតដល់នឹងឆ្នាំ២០២៣នេះ ដែលជាអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល។ មុនឈានមកដល់តំណែងជាអនុរដ្ឋលេខាធិការនេះ លោកស្រី រត្ន ម៉ានី បានប្រឡូកក្នុងវិស័យការបរទេសប្រមាណជិត៤០ឆ្នាំ ពោល គឺលោកស្រី បានចូលបម្រើការនៅក្រសួងការបរទេស ជាមន្ត្រីនៃនាយកដ្ឋាន​ទំនាក់ទំនងអន្ដរជាតិនៃគណបក្សនយោបាយ​ តាំងពីឆ្នាំ១៩៨៤ឯណោះ។

រយៈពេលជិត៤០ឆ្នាំមកនេះ លោកស្រី ទទួលបានការប្រគល់តួនាទី-ភារកិច្ចជាច្រើន រួមមាន៖ ប្រធានការិយាល័យ លេខាធិការទី១ នៃស្ថានទូតកម្ពុជាប្រចាំប្រទេស​ជប៉ុន អនុប្រធាននាយកដ្ឋាន អនុប្រធានបេសកកម្មនៃស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ប្រធាននាយកដ្ឋានសហប្រតិបត្តិការមេគង្គ​ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក។

លោកស្រីអនុរដ្ឋលេខាធិការរូបនេះ បានបញ្ចប់ការសិក្សាមកពីប្រទេសអូស្ត្រាលី និងប្រទេសវៀតណាម ដោយក្នុងនោះ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកការទូត និងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យម៉ូណាស ទីក្រុងមែលប៊ន និងបរិញ្ញាបត្រផែ្នកការទូត ពីបណ្ឌិតសភាការទូត នាទីក្រុងហាណូយ ប្រទេសវៀតណាម។ លោកស្រី រត្ន ម៉ានី អាចប្រើប្រាស់ភាសាអន្តរជាតិចំនួនពីរ គឺភាសាអង់គ្លេស និងវៀតណាម។

៦. លោកស្រី ផែន សាវនី

ជាអនុរដ្ឋលេខាធិការមួយរូបក្នុងចំណោមអនុរដ្ឋលេខាធិការជាស្ត្រីចំនួន៣រូប នៃក្រសួងការបរទេស លោកស្រី ផែន សាវនី គឺជាអតីតនិស្សិតខ្មែរ ដែលទទួលបានការសិក្សាអប់រំពីប្រទេសអាល្លឺម៉ង់ គឺបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ភាសាអាល្លឺម៉ង់ នៃសាកលវិទ្យាល័យ Humboldt នៅទីក្រុង Berlin។

លោកស្រី ផែន សាវនី ត្រូវបានជ្រើសរើសឱ្យកាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ក្នុងអាណត្តិទី៧ នេះ ពោល គឺក្រោយពេលលោកស្រី បានបញ្ចប់បេសកកម្មការងារជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះ លោកស្រី ក៏មានធ្លាប់កាន់តួនាទីមួយចំនួនទៀត ជាអាទិ៍ អគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក ជាទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ  និងលេខាធិការទី២ នៃស្ថានទូតកម្ពុជាប្រចាំអាល្លឺម៉ង់ ខណៈលោកស្រី ចូលបម្រើការជាមន្ត្រីនៅក្រសួងការបរទេសនេះ តាំងពីឆ្នាំ១៩៧៩។

៧. លោកស្រី ទូច សុផារត្ន

លោកស្រី ទូច សុផារត្ន ជាអ្នកការទូតស្ត្រី ដែលមានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសថ្មីថ្មោងមួយរូប នៅក្នុងអាណត្តិនេះ ខណៈលោកស្រី បានចូលធ្វើជាមន្ត្រីនៅក្រសួងនេះ កាលពីឆ្នាំ២០០៤។ ក្នុងនាមជាមន្ត្រីនៃក្រសួងការបរទេស លោកស្រី ទូច សុផារត្ន ទទួលបានតួនាទីមួយចំនួន ដូចជា ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន សហប្រតិបត្តិការមេគង្គ ក្រោយមកក៏បានឡើងជាប្រធាននាយកដ្ឋាននេះ ហើយនៅឆ្នាំ២០១៦ លោកស្រី ក៏បានទៅធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់។ ក្រោយចប់អាណត្តិការទូតនៅអាល្លឺម៉ង់ លោកស្រី ទូច សុផារត្ន ក៏បានវិលចូលមាតុប្រទេសវិញ ហើយទទួលបានការតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

សម្រាប់កម្រិតវប្បធម៌ គឺអ្នកការទូតរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កិច្ចការអន្តរជាតិ ពី សាកលវិទ្យាល័យជាតិអូស្ត្រាលី រដ្ឋធានីកង់បេរ៉ា និងសញ្ញាបត្របរិញ្ញាបត្រក្នុងស្រុកចំនួនពិរ គឺបរិញ្ញាបត្រមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យកម្ពុជា និងបរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យន័រតុន រួមទាំងសញ្ញាបត្រមន្រ្តីជាន់ខ្ពស់ផ្នែកការទូត នៃសាលាភូមិន្ទរដ្ឋបាល ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម