ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ រួមគ្នាអភិវឌ្ឍន៍គុណភាពសេវាថែទាំព្យាបាលទារក និងកុមារ ឲ្យកាន់តែប្រសើរ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកទឹកចិត្តអ្នកជំនាញរួមគ្នាអភិវឌ្ឍន៍គុណភាពសេវាថែទាំព្យាបាលទារក និងកុមារ ឲ្យកាន់តែប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និង ទំនុកចិត្ត ជូនដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីប្រកាសបើកសន្និសីទរោគកុមារលើកទី ៥ របស់មន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី ២៧ តុលានេះ នាសណ្ឋាគារភ្នំពេញ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការរៀបចំសន្និសីទនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់បុគ្គលិកសុខាភិបាល តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ នៃការអនុវត្តគ្លីនិក រវាងថ្នាក់ជាតិ និង ថ្នាក់ខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍន៍គុណភាពសេវាថែទាំព្យាបាលទារក និងកុមារ ឲ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង ទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការចងភ្ជាប់នូវទំនាក់ទំនងរវាងគ្នា និងគ្នា ក្នុងវិស័យសុខាភិបាលតែមួយ។

លោកស្រីសាស្ត្រាចារ្យ បានបន្តថា ការពង្រឹងសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាលបន្តដល់អ្នកផ្តល់សេវាសុខាភិបាល គឺជាផ្នែកមួយ នៃការអភិវឌ្ឍគុណភាពសេវាសុខាភិបាល និងបង្កើនទាំងទំនាក់ទំនងល្អជាសហភាតរៈ។

លោកស្រីសាស្ត្រាចារ្យ បានបន្តទៀតថា មន្ទីរពេទ្យកុមារជាតិ បានយកចិត្តទុកដាក់លើកកម្ពស់ទាំងគុណភាព សុវត្ថិភាព វប្បធម៌សហភាតរៈចំណងសាមគ្គីភាព និង ផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក តាមជំនាញឯកទេសនីមួយៗ ក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយ ហើយក៏បង្ហាញឲ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំក្នុងការស្វែងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលជាវប្បធម៌ចែករំលែកប្រកបដោយសន្តិភាព និងឈានទៅរកការអភិវឌ្ឍ និង ឈ្នះៗទាំងអស់គ្នា។

លោកស្រីរដ្ឋលេខាធិការ បានបន្ថែមទៀតថា «ខ្ញុំពិតជាចង់ឃើញសកម្មភាពបែបនេះកើតឡើងគ្រប់ទីកន្លែង សហភាតរៈក្នុងវិស័យសុខាភិបាល និង អ្នកពាក់ព័ន្ធផ្សេងទៀត រួមសហការ ហើយសិក្សាស្វែងយល់ពីគ្នាបែបនេះ។ ហើយនេះជាអ្វីដែលខ្ញុំមានសេចក្តីរីករាយបំផុត ហើយក៏សូមអរគុណផងដែរ ដែលបានអញ្ជើញខ្ញុំឲ្យមកចូលរួម និងបានឃើញព្រឹត្តិការណ៍ដ៏ពិសេសនាថ្ងៃនេះ»។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានប្ដេជ្ញាថា ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារជាតិ នៅតែបន្តខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងគុណភាព សមត្ថភាព និងបង្កើនមិត្តភាពជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីផ្តល់ជូននូវសេវាសុខាភិបាលសាធារណៈដល់ប្រជាពលរដ្ឋឲ្យកាន់តែមានទំនុកចិត្ត ក្រោមយុទ្ធសាស្ត្រដឹកនាំរបស់ក្រសួងសុខាភិបាលដែលមានលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាថ្នាក់ដឹកនាំដ៏ឆ្នើមក្នុងវិស័យសុខាភិបាល និងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានចែងនៅក្នុងកិច្ចការអាទិភាពទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ស្តីពីការលើកកម្ពស់សុខភាពមាតា ទារក និង កុមារ។

គួរបញ្ជាក់ថា មានវាគ្មិនអន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកជាច្រើន បានមកចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងសន្និសីទនេះ មានដូចជាវាគ្មិនមកពីព្រះរាជាណាចក្រថៃ នៃសាកលវិទ្យាល័យថាម៉ាសាត វាគ្មិនមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ និងវាគ្មិនមកពីមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កំពង់ធំ ពោធិសាត់ ព្រៃវែង មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មន្ទីរពេទ្យមង្គលបូរី ដែលសុទ្ធតែជាអ្នកកំពុងតែបម្រើការនៅផ្នែកកុមារទារក៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


